សេដ្ឋកិច្ច
កំណើនប្រើប្រាស់យានយន្តអគ្គិសនី នឹងកាត់បន្ថយហានិភ័យនៃការប្រែប្រួលតម្លៃប្រេងឥន្ធនៈ
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤នេះថា ការប្រើប្រាស់យានយន្តអគ្គិសនីនឹងចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ស្របពេលដែលកម្ពុជាបានប្តេជ្ញាសម្រេចឱ្យបានអព្យាក្រឹតកាបូននៅឆ្នាំ២០២៥០។

គិតត្រឹមខែសីហា ឆ្នាំ ២០២៤ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា មានចំនួន ៣ ៦៧៦ គ្រឿង ខណៈដែលទីកន្លែងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេសមានចំនួន ២១ កន្លែង ដែលមានទូបញ្ចូលអគ្គិសនីបានលឿនបំផុតចំនួន ២៧។
លោក ផន រឹម បានអះអាងថា៖« កម្ពុជា ពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេងឥន្ធនៈពីទីផ្សារអន្តរជាតិ និងបណ្តាប្រទេសក្នុងតំបន់ ដែលការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ នឹងជួយពង្រឹងសន្តិសុខថាមពលរបស់កម្ពុជាតាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ ព្រមទាំងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈដែលមានភាពមិនប្រាកដប្រជា។ បន្ថែមលើនេះ អស្ថិរភាពនៃតម្លៃប្រេងឥន្ធនៈបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើការគ្រប់គ្រងទុនបម្រុងរូបិយប័ណ្ណអន្តរជាតិ»។
មន្ត្រីនាំពាក្យរូបនេះ បញ្ជាក់ថា ការប្រើប្រាស់យានយន្តអគ្គិសនី បានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជាបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗស្របនឹងនិន្នាការតំបន់ និងពិភពលោក ដែលកំពុងតម្រង់ទិសទៅរកឧស្សាហកម្មបៃតង។

គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ គឺជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
រាជរដ្ឋាភិបាលផ្តល់សេរីភាព និងជម្រើសកាន់តែសំបូរបែប សម្រាប់ការប្រើប្រាស់យានយន្ត ដើម្បីសម្រួលការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។ ជាក់ស្តែង អត្រានៃការប្រើប្រាស់យានយន្តកើនយ៉ាងខ្លាំង ជាពិសេសទោចក្រយានយន្ត និងរថយន្ត។
លោក ផន រឹម បានបញ្ជាក់បន្ថែមថា អត្ថប្រយោជន៍នៃការប្រើប្រាស់យានយន្តអគ្គិសនី ដូចជា ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់ប្រេងឥន្ធនៈដែលជាប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏ចម្បង។

យានយន្តអគ្គិសនីគ្មានការបញ្ចេញឧស្ម័នពុលតាមបំពង់ស៊ីម៉ាំងដូចយានយន្តប្រើប្រាស់ប្រេងឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនម៉ូណូអុកស៊ីដ នីត្រូសែអុកស៊ីដ និងភាគល្អិតនានា ដែលកត្តាទាំងនេះរួមចំណែកក្នុងការពង្រឹងគុណភាពខ្យល់ក្នុង បរិយាកាស។
លោក ផន រឹម មានប្រសាសន៍ថា ការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនីនឹងកាត់បន្ថយការបញ្ចេញឧស្ម័នពុលក្នុង សកលលោកប្រមាណពាក់កណ្តាលនៅឆ្នាំ២០៥០ ធៀបនឹងបច្ចុប្បន្ន និងកាត់បន្ថយការស្លាប់មុនអាយុពីប្រមាណ៥,៤លាននាក់ នៅឆ្នាំ២០២០ មកត្រឹមប្រមាណ២,៨លាននាក់ នៅឆ្នាំ២០៥០។
តាមការវិភាគនៃការបញ្ចេញឧស្ម័នពុលនៅក្នុងវដ្ដជីវិតនៃយានយន្ត ការប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធមានការបញ្ចេញឧស្ម័នពុលតិចជាងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈរហូតដល់ទៅជិត៤០% រីឯការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីបញ្ចេញឧស្ម័នពុលតិចជាងទោចក្រយានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ១០ដង។

ម្យ៉ាងទៀត ការប្រើប្រាស់យានយន្តអគ្គិសនីមានលក្ខណៈសន្សំសំចៃខ្ពស់ជាងការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ យានយន្តអគ្គិសនីមានប្រសិទ្ធផល ឬខ្ពស់ជាងថាមពលម៉ាស៊ីន ប្រើប្រាស់ប្រេងឥន្ធនៈប្រមាណ៥ទៅ៦ដង នៅក្នុងការបំប្លែងថាមពលទៅជាចលនាដែលធ្វើឱ្យ ចំណាយទាបក្នុងការផ្លាស់ទី។
ជាក់ស្ដែង នៅក្នុងចម្ងាយផ្លូវ១០០គីឡូម៉ែត ការប្រើប្រាស់រថយន្តអគ្គិសនីត្រូវចាយថវិកាប្រមាណ៩ ៦៣៣រៀល ចំណែកឯការប្រើប្រាស់យានយន្តបើប្រាស់ប្រេងឥន្ធនៈត្រូវចាយថវិការហូតដល់៣៥ ៧២៣រៀល។
បណ្ដាប្រទេសក្នុងតំបន់ និងសកលលោកកំពុងផ្ដោតការ យកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញវិស័យយានយន្តអគ្គិសនី ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាផ្សេងៗទៀតដែលពង្រឹង សុវត្ថិភាពដល់អ្នកប្រើប្រាស់។ កម្ពុជាក៏ត្រូវសម្របខ្លួនក្នុងនិន្នាការថ្មីនេះ ដើម្បីរក្សាភាពប្រកួតប្រជែងសេដ្ឋកិច្ចរបស់ខ្លួន៕
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


