Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមកំណត់គោលដៅកំណើនសេដ្ឋកិច្ច​លើស​ពី​ ១០ ភាគរយ​ ចន្លោះឆ្នាំ ២០២៦-៣០

បានផុស

នៅ

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ​ ​បាន​ថ្លែង​ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំខែកាលពីថ្ងៃសៅរ៍ចុង​សប្ដាហ៍​ថា វៀតណាមបាន​កំណត់គោលដៅកំណើនសេដ្ឋកិច្ច​ ៧ ភាគរយ​ ក្នុង​ឆ្នាំនេះ​​ ៨ ភាគរយ​ នៅឆ្នាំក្រោយ​ ដើម្បី​ត្រៀមខ្លួន​ឱ្យ​សម្រេច​បាន​កំណើន​លើសពី​ ១០ ភាគរយ​ ចន្លោះ​ពីឆ្នាំ​ ២០២៦-២០៣០។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Investor ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈិញ​ បានលើកឡើងពីកំណើនសេដ្ឋកិច្ចសង្គមដ៏រឹងមាំក្នុងរយៈពេល ១១ ដើមឆ្នាំ ២០២៤ រួម​ទាំង​កំណើន​លើ​សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) ​ការលក់រាយ និងសេវាកម្ម​ សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជា​ទិញ (PMI) ​ឥណទាន និង​អតិរេកពាណិជ្ជកម្ម​ ជាដើម​។

ចំណែក​ឯ​រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម​ លោក Nguyen Chi Dung បាននិយាយថា កំណើនផលិត​ផល​ក្នុងស្រុក​សរុប​ (GDP) របស់​វៀតណាម​ អាចកើន​ឡើង​លើសពី ៧ ភាគរយ​ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ។​

ដើម្បីពង្រីកកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសនេះ លោក Dung បានស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើការផ្តល់ការណែនាំលម្អិត និង​​ធ្វើ​បច្ចុប្បន្នភាពក្របខ័ណ្ឌច្បាប់ ដើម្បីសម្រួលដល់សកម្មភាពធុរកិច្ច ជំរុញតម្រូវការមុនថ្ងៃបុណ្យចូលឆ្នាំវៀតណាម​ ២០២៥ និងធានាសន្តិសុខការពារជាតិជាដើម​។

​ពេល​បញ្ចប់​កិច្ច​ប្រជុំ​ ​លោក​ ឈិញ​ បានចេញ​អនុសាសន៍​ផ្សេង​ៗ​ ដើម្បីធានាកំណើនសេដ្ឋកិច្ចសង្គមផងដែរ​ ដោយ​រួម​មាន​ទាំង​ការ​បន្តគោលនយោបាយរូបិយវត្ថុដែលអាចបត់បែនបាន ​ការ​រក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងជំរុញកំណើនឥណទានរបស់​ធនាគារកណ្ដាល​ ​និង​ការកាត់បន្ថយភាគរយនៃពន្ធអាករលើតម្លៃបន្ថែម ជាដើម​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម