សេដ្ឋកិច្ច
ឧស្សាហកម្មកៅស៊ូកម្ពុជានឹងកាន់តែមានទីផ្សារ គាំទ្រដោយកំណើនផលិតកម្មនៃរោងចក្រផលិតសំបកកង់រថយន្ត
ជាមួយតម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិត និងកែច្នៃកង់ឡានដែលសព្វថ្ងៃរោងចក្រចំនួន ៣ កំពុងដំណើរ និងចាប់ផ្ដើមសាងសង់បន្ថែមមួយចំនួនទៀតនោះ អ្នកនៅក្នុងឧស្សាហកម្មនេះមានក្តីរំពឹងថាតម្លៃជរ័កៅស៊ូនឹងកាន់តែមានលំនឹងទីផ្សារ ជាជាងពឹងផ្អែកលើការនាំចេញ។

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun មានប្រសាសន៍ថា វត្តមានរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា បានស្រូបទាញជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។ លោកថា កន្លងមកកៅស៊ូកម្ពុជាពឹងផ្អែកទៅលើទីផ្សារនាំចេញ ប៉ុន្តែបច្ចុប្បន្នវត្តមានរោងចក្រផលិតសំបកកង់រថយន្តកាន់តែច្រើន នឹងធ្វើឱ្យតម្លៃទីផ្សារជ័រកៅស៊ូកម្ពុជាមានភាពល្អប្រសើរ។
លោក គឹន ឧត្តមមុនីស៊ីណាត បញ្ជាក់ប្រាប់ថា ក្នុងមួយថ្ងៃក្រុមហ៊ុន Sailun ដឹកសំបកកង់នាំចេញ និងលក់ក្នុងស្រុក បានចំនួន ១៤ ម៉ឺន ៤ ពាន់គ្រាប់ ស្មើនឹង ១៨០ កុងតឺន័រ ដែលលោកអះអាងថា ទីផ្សារកៅស៊ូក្នុងស្រុកលែងមានបញ្ហាចោទហើយដោយសារតម្រូវការក្នុងស្រុកខ្ពស់។

លោកបានបញ្ជាក់ថា៖« ក្រុមហ៊ុន Sailun បានស្រូបទាញកៅស៊ូចំនួន ៣០% នៃផ្ទៃដីដាំដុះជាង ៤០ ម៉ឺនហិកតានៅកម្ពុជា ខណៈមកទល់ពេលនេះ ក្រុមហ៊ុនបានប្រើប្រាស់កៅស៊ូក្នុងស្រុករហូតដល់ ៥ ម៉ឺនតោនរួចហើយ និងគ្រោងប្រើឱ្យបានដល់ ១០ ម៉ឺនតោននៅឆ្នាំ ២០២៥ សម្រាប់លក់ក្នុងស្រុក និងនាំចេញ»។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាប្រាប់កម្ពុជាថ្មី កាលពីពេលថ្មីៗនេះថា ស្ថានភាពនៃការនាំចេញជ័រកៅស៊ូ និងតម្លៃកៅស៊ូល្អប្រសើរនៅក្នុងឆ្នាំ ២០២៤ ដោយសារតែស្ថានភាពអាកាសធាតុ។ លោកថា វត្តមានរោងចក្រផលិតសំបកកង់រថយន្ត នឹងធ្វើឱ្យតម្លៃជ័រកៅស៊ូកម្ពុជាមានភាពល្អប្រសើរ។
លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិត និងកែច្នៃកង់ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ និងកើនឡើងបន្ថែមទៀត។

ការណ៍នេះ ទាមទារឲ្យកម្ពុជារៀបចំខ្លួនឲ្យបានរួចរាល់ ជាពិសេសស ត្រូវមានកម្លាំងពលកម្មដែលមានជំនាញចៀរជ័រកៅស៊ូច្បាស់លាស់ ទើបអាចឈានទៅអភិវឌ្ឍវិស័យកៅស៊ូនៅកម្ពុជាបានជោគជ័យ។
យោងតាមក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាបាននាំចេញផលិតផលសំបងកង់រថយន្តមានទឹកប្រាក់ជាង៨៧៤,៦លានដុល្លារកើនឡើងជិត១៣០ភាគរយធៀបនឹងឆ្នាំ២០២៣ដែលមានទឹកប្រាក់តែជាង៣៨០,៦លានដុល្លារ។
នៅក្នុងឆ្នាំ ២០២៤ ផលិតផលជ័រកៅស៊ូសម្រេចបានជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) កើន ៣,៩៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះនាំចេញបាន ៣៣ ម៉ឺន ៨ ពាន់តោន ដែលនាំឱ្យកម្ពុជារកចំណូលបានជាង ៦៧១ លានដុល្លារ កើន ៣៦,៣៨%។
យោងតាមអគ្គនាយកដា្ឋនកៅស៊ូ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។ សម្រាប់ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង ២០ ម៉ឺនហិកតា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


