ព័ត៌មានជាតិ
កម្ពុជារំពឹងថាការបើកជើងហោះហើរថ្មីរបស់ Emirates មកកាន់ខេត្តសៀមរាបនឹងពង្រីកការតភ្ជាប់ទៅក្នុងតំបន់ និងពិភពលោក
មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) និងអ្នកតំណាងវិស័យឯកជនបានថ្លែងប្រាប់កម្ពុជាថ្មីថា ជាមួយវត្តមាននៃការចាប់ផ្តើមហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលបានដាក់ដំណើរតភ្ជាប់ពីទីក្រុងឌូបៃ មកខេត្តសៀមរាប តាមរយៈទីក្រុងបាងកកកាលពីថ្ងៃអង្គារ៍ គឹពិតជាមានសារៈសំខាន់ក្នុងការជម្រុញធ្វើឱ្យមានកំណើនភ្ញៀវទេសចរណ៍ នៅខេត្តសៀមរាប និងតំបន់ជុំវិញ ដែលជាផលជះវិជ្ជមានលើការពង្រឹងសេដ្ឋកិច្ចមូលដ្ឋានក្នុងតំបន់។

កាលពីរាត្រីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក បានបើកជើងហោះហើរដំបូងរបស់ខ្លួនបានចុះចតជាផ្លូវការនៅខេត្តសៀមរាប ជាមួយយន្តហោះ Boeing 777-300ER បានចុះចតនៅខេត្ដសៀមរាបលើកដំបូងជាប្រវត្តិសាស្ត្រ។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ SSCA បានថ្លែងថា Emirates បានអនុវត្តន៍សកម្មភាពជុំវិញផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងធនធានរបស់កម្ពុជា តាមរយៈការផ្សព្វផ្សាយជាលក្ខខណៈអន្តរជាតិ។ ការភ្ជាប់នេះនឹងជួយដល់ការកែលម្អទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ ដែលជាផ្នែកសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ចជាតិ។
លោកថា ជាមួយតភ្ជាប់ ឬបន្ថែមជើងហោះហើរថ្មីជាបន្តបន្ទាប់នេះ វិស័យទេសចរណ៍នៅសៀមរាបនឹងរំពឹងថាមានការ កើនឡើងក្នុងចំនួនភ្ញៀវទេសចរណ៍ដែលមកទស្សនាគោលដៅ វប្បធម៌ សាសនា ប្រវត្តិសាស្រ្ត និងធម្មជាតិ។

លោកបានគូសបញ្ជាក់ថា៖«ជើងហោះហើរថ្មីនេះ គឺជាសមិទ្ធិផលសំខាន់មួយ ក្នុងការលើកកម្រិតការទទួស្គាល់បន្ថែមទៀត សម្រាប់តំបន់អង្គរ និងប្រទេសកម្ពុជា នៅលើផែនទីអន្តរជាតិ រួមទាំងការកែលម្អទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ ដែលជាផ្នែកសំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ។ ចំណូលដែលទទួលបានពីការទស្សនា និងការចាយវាយរបស់ភ្ញៀវទេសចរណ៍នឹងចូលរួមចំណែកសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប និង តំបន់ជុំវិញ ដែលធ្វើឱ្យមានការអភិវឌ្ឍអាជីវកម្មនៅកន្លែង ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់នោះ»។
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចប្រចាំកម្ពុជា បានលើកឡើងថា ការតភ្ជាប់ជើងហោះហើរកាន់តែច្រើនពីបណ្តាប្រទេសនានាមកកាន់កម្ពុជា ជាពិសេសទឹកដីអង្គរនឹងធ្វើឱ្យស្ថានភាពទេសចរណ៍កាន់តែប្រសើរឡើង ស្របពេលដែលកម្ពុជាកំពុងតែមានការអភិវឌ្ឍវិស័យអាកាសចរណ៍ដោយដាក់ដំណើការជាបន្តបន្ទាប់នៃអាកាសយានដ្ឋានអន្តរជាតិថ្មីៗ។

លោកបានថ្លែងថា៖«វត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចូលរួមក្នុងការពង្រីកជើងហោះហើររបស់កម្ពុជា ជាពិសេសពីទិសដៅសៀមរាបទៅកានបណ្តាប្រទេសនានានៅជុំវិញពិភពលោកកាន់តែច្រើន ជាមួយបណ្តាដ៏ធំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកមួយនេះ»។
ថ្លែងក្នុងពិធីនៃការមកដល់នៃជើងហោះហើរមកកាន់សៀមរាបកាលពីយប់ថ្ងៃទី៣ លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជាសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates ថាដោយបានឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្មនៅក្នុងប្រទេស ក្រុមហ៊ុនអាកាសចរណ៍ Emirates មានមោទនភាពដែលបានចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រចក្ខុវិស័យរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់នូវការតភ្ជាប់ផ្លូវហោះហើរដ៏សំខាន់ទៅទីក្រុងឌូបៃ និងទៅទីកន្លែងផ្សេងៗទៀត។

លោកថា៖«ជើងហោះហើរទីក្រុងឌូបៃ-សិង្ហបុរី-ភ្នំពេញ របស់យើង ទទួលបានភាពជោគជ័យក្រោយការដាក់ឱ្យដំណើរការកាលពីឆ្នាំមុន ហើយគ្មានវិធីណាល្អប្រសើរជាងនេះដើម្បីអបអរសាទរខួបលើកទីមួយនៃជើងហោះហើរនេះ ក្រៅពីការបន្ថែមជើងហោះហើរថ្មីមួយទៀតទៅកាន់ទីតាំងថ្មីនៅប្រទេសកម្ពុជានោះទេ។ យើងមានទំនុកចិត្តយ៉ាងមុតមាំលើសក្ដានុពលរបស់ខេត្តសៀមរាប និងទន្ទឹងរង់ចាំធ្វើការជាមួយដៃគូពាក់ព័ន្ធក្នុងស្រុក និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយផ្លូវហោះហើរថ្មីនេះដល់អតិថិជនរបស់យើងនៅទូទាំងពិភពលោកឱ្យបានកាន់តែច្រើន»។

ក្រុមហ៊ុនអាកាសចរណ៍ Emirates ហោះហើរបីលើកក្នុងមួយសប្តាហ៍ទៅកាន់ខេត្ដសៀមរាប ពោលគឺនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ជើងហោះហើរ EK370 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចេញដំណើរពីទីក្រុងឌូបៃនៅម៉ោង 09:00 ហើយមកដល់ទីក្រុងបាងកកនៅម៉ោង 18:25។ បន្ទាប់មកជើងហោះហើរនេះ នឹងចេញដំណើរពីទីក្រុងបាងកកនៅម៉ោង 20:10 និងមកដល់ខេត្ដសៀមរាបនៅម៉ោង 21:30។ ជើងហោះហើរត្រឡប់ទៅវិញ EK371 នឹងចេញដំណើរពី SAI ទៅ BKK នៅម៉ោង 23:50 ហើយមកដល់ទីក្រុងបាងកកនៅម៉ោង 01:10។ បន្ទាប់មកជើងហោះហើរនេះ នឹងចេញដំណើរនៅម៉ោង 03:40 ម៉ោង ហើយនឹងមកដល់ទីក្រុងឌូបៃនៅម៉ោង 06:50។ ពេលវេលាហោះហើរទាំងអស់នេះ គឺជាពេលវេលាក្នុងស្រុក៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


