ព័ត៌មានជាតិ
PATA៖ ការបិទព្រំដែនគោក កម្ពុជា-ថៃ ធ្វើឱ្យប៉ះពាល់ដល់ទេសចរប្រទេសទាំងពីរស្ទើរ ១០០%
លោក ធួន ស៊ីណាត ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA Cambodia Chapter) បានលើកឡើងថា ការបិទព្រំដែនគោក កម្ពុជា-ថៃ បានធ្វើឱ្យប៉ះពាល់ដល់ទេសចរតាមផ្លូវគោកនៃប្រទេសទាំងពីរស្ទើរតែ ១០០% ទេសចរខ្មែរក៏លែងទៅលេងនៅប្រទេសថៃ ហើយទេសចរថៃក៏លែងមកលេងនៅស្រុកខ្មែរវិញដូចគ្នា។

ថ្លែងមកកាន់ «កម្ពុជាថ្មី» នៅថ្ងៃទី២៥ ខែមិថុនា នេះ លោក ធួន ស៊ីណាន អះអាងថា កម្ពុជា និងថៃ ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា កន្លងទៅដែលមានការប៉ះទង្គិចគ្នារវាងប្រទេសទាំងពីររួចមក រហូតមកដល់ពេលបច្ចុប្បន្ននេះ បានធ្វើឱ្យទេសចររវាងប្រទេសទាំងពីររងផលប៉ះពាល់ស្ទើរតែ ១០០% ទៅហើយ មានន័យថា ថៃក៏មិនលេងកម្ពុជា ហើយកម្ពុជាក៏មិនទៅលេងប្រទេសថៃវិញដូចគ្នាដែរ។ «ក្នុងនោះ កញ្ចប់ទេសចរណ៍ផ្សេងៗ ត្រូវបានលុបចោលដូចគ្នាជាបន្តបន្ទាប់ មានន័យថាវាបានប៉ះពាល់រួចទៅហើយ ដោយយើងមិនអាចនិយាយជាភាគរយបាននោះទេ»។
ជាមួយគ្នានោះដែរ លោក ធួន ស៊ីណាន បានបន្តថា៖« សម្រាប់កម្ពុជាដែលទៅថៃ គឺទៅតែអ្នកដែលមានកិច្ចការសំខាន់ ឬទៅពិនិត្យ និងព្យាបាលជំងឺ តែប៉ុណ្ណោះ ហើយថៃចូលមកកម្ពុជា ក៏ដូចគ្នាដែរ ដូច្នេះមានន័យថា ទេសចរណ៍តាមផ្លូវគោក គឺយើងប៉ះពាល់ស្ទើរតែ ១០០% »។
ពាក់ព័ន្ធប្រជាជាតិទាំងពីរប្រសិនបើបញ្ហារវាងប្រទេសទាំងពីរនៅតែបន្តអូសបន្លាយបែបនេះតទៅទៀត លោក ធួន ស៊ីណាន មើលឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃបញ្ហាប្រទេសទាំងពីរកាន់តែធ្ងន់ទៅៗ នោះនឹងធ្វើឱ្យកម្ពុជាប៉ះពាល់ដែលវានឹងបង្ករីករាលដាលពីវិស័យមួយទៅវិស័យមួយទៀត បន្តពីទេសចរណ៍ ទៅដល់បន្លែ ផ្លែឈើ សាំង ប្រេងឥន្ធនៈ និងអ្វីផ្សេងៗទៀត វាកាន់តែធ្ងន់ធ្ងរទៅៗ។

ជុំវិញបញ្ហានេះ លោក ធួន ស៊ីណាន បានគូសបញ្ជាក់ថា ផលប៉ះពាល់ទេសចរទៅមកនេះ គឺប៉ះពាល់តែទេសចរណ៍ដែលធ្វើដំណើរតាមផ្លូវគោកតែប៉ុណ្ណោះ ដោយឡែកសម្រាប់កញ្ចប់ទេសចរណ៍តាមផ្លូវអាកាស គឺនៅមិនទាន់មានការប៉ះពាល់នោះទេ មានន័យថា ជើងហោះហើរផ្សេងៗ គឺនៅមានដំណើរការជាធម្មតា មិនមានការលុបចោល ឬប្តូរជើងហោះហើរនោះទេ។
ទន្ទឹមនេះ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ក៏បានឱ្យដឹងដែរថា ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ អាកាសចរណ៍ស៊ីវិលគឺបានតាមដានសភាពការយ៉ាងយកចិត្តទុកដាក់ ក្នុងនោះចំពោះបញ្ហានៅតាមផ្លូវអាកាសរហូតមកដល់ពេលបច្ចុប្បន្ន គឺនៅមិនទាន់មានបញ្ហា ឬមានការផ្លាស់ប្តូរអ្វីជាធំដុំនោះទេ។
ក្នុងនោះ ចំពោះជើងហោះហើរនៅចន្លោះថ្ងៃទី១ រហូតមកដល់ថ្ងៃទី២៤ ខែមិថុនា នេះ ចំនួនជើងហោះហើរដូចជាមិនមានការថមថយនោះទេ ប៉ុន្តែចំនួនភ្ញៀវអាចថយចុះមួយចំនួនតូច ដោយសារតែទី១ បញ្ហាវិបត្តិព្រំដែនរវាងប្រទេសទាំងពីរ ទី២ ដោយសារនេះជារដូវកាលបៃតងនេះផង ដូច្នេះជាហេតុដែលធ្វើឱ្យពិបាកនៅក្នុងការសន្និដ្ឋានបានថា មូលហេតុអ្វីបានជាធ្វើឱ្យភ្ញៀវមានការថមថយ។

សូមជម្រាបថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាតិជាង ២,៤ លាននាក់ នៅក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៥ (មករា-មេសា) កើនឡើង ១៣,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះដែរ ចំណោមភ្ញៀវទេសចរជាង ៦,៧ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេសចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


