ព័ត៌មានជាតិ
កម្ពុជាជំរុញឱ្យធុរជនម៉ាឡេស៊ីចាប់យកឱកាសវិនិយោគលើវិស័យសក្តានុពលសំខាន់ៗ
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានលើកទឹកចិត្ត និងជំរុញឱ្យវិនិយោគិនម៉ាឡេស៊ីសំលឹងមើលឱកាសវិនិយោគនៅក្នុងវិស័យសក្តានុពលរបស់កម្ពុជា ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងក្នុងតំបន់ និងពិភពលោកកំពុងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការផលិតដើម្បីនាំចេញ។

ការលើកឡើងរបស់លោក ហែម វណ្ណឌី ធ្វើឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ក្នុងឱកាសដែលលោកបានទទួលជួបគណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ដឹកនាំដោយ Dato’ Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ដើម្បីពីភាក្សាអំពីឱកាសវិនិយោគ និងការពង្រឹងភាពជាដៃគូធុរកិច្ចរវាងប្រទេសទាំងពីរ គណៈប្រតិភូរួមមានតំណាងមកពីសមាគមធុរកិច្ចម៉ាឡេស៊ីចំនួ២០ ក្នុងវិស័យចម្រុះ ដូចជាសំណង់ គ្រឿងម៉ាស៊ីន គ្រឿងសង្ហារិម បច្ចេកវិទ្យា និងបរិក្ខារវេជ្ជសាស្ត្រ បដិសណ្ឋារកិច្ច និងវិស័យកម្មន្តសាលជាដើម។
លោក បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធានាស្ថិរភាព ការបង្កើតបរិយាកាសអំណោយផល និងគោលនយោបាយគាំទ្រការវិនិយោគ។ លោកបានលើកឡើងថា៖ “ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រៀមជួយគាំទ្រអ្នកវិនិយោគម៉ាឡេស៊ី ពិសេសទាក់ទងនឹងប្រកាសបង្កើតរោងចក្រ-សហគ្រាស ប្លង់បច្ចេកទេសរោងចក្រ និងស្តង់ដាសុវត្ថិភាពឧស្សាហកម្មជាដើម។ យើងក៏ប្រកាន់យកអភិក្រមបើកចំហ ដោយមិនមានការរឹតត្បិតការធ្វើស្វ័យប្រវត្តិកម្មខ្សែច្រវាក់ផលិតកម្ម និងការប្រើប្រាស់រូបូនៅក្នុងរោងចក្រទេ។”

លោកបានបន្ថែមថា គោលនយោបាយនេះឆ្លុះបញ្ចាំងពីមហិច្ឆតារបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មឧស្សាហកម្ម ដោយផ្តោតលើការបង្កើតតម្លៃបន្ថែមខ្ពស់ ខណៈគោលនយោបាយបើកចំហសម្រាប់ការវិនិយោគ យន្តការលើកទឹកចិត្ត ការខិតខំអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាល ដូចជាមូលនិធិអភិវឌ្ឍន៍ជំនាញជាដើម។
Dato’ Sri Dr. Ricky Yaw បានលើកឡើងថា៖ “គោលដៅនៃបេសកកម្មរបស់គណៈប្រតិភូគឺលើកទឹកចិត្តអ្នកវិនិយោគម៉ាឡេស៊ីឱ្យមកបណ្តាក់ទុននៅកម្ពុជា ហើយក៏អាចសម្របសម្រួលដល់សហគ្រាសកម្ពុជាក្នុងការស្វែងរកឱកាសនៅក្នុងប្រទេសម៉ាឡេស៊ី និងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា។”
លោកបានស្នើឱ្យក្រសួងជួយគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុនម៉ាឡេស៊ី ក្នុងការដោះស្រាយបញ្ហាលំបាកនានា ទាំងនៅពេលចាប់ផ្តើមបង្កើតក្រុមហ៊ុន និងក្នុងពេលដំណើរការអាជីវកម្ម។
បើយោងតាមលោក ហែម វណ្ណឌី ក្រៅពីឧស្សាហកម្មវាយនភ័ណ្ឌ និងសំលៀកបំពាក់ លោកបានលើកទឹកចិត្តអ្នកវិនិយោគម៉ាឡេស៊ីឱ្យពិចារណាវិនិយោគលើវិស័យសក្តានុពល ដូចជាការកែច្នៃម្ហូបអាហារ បច្ចេកវិទ្យា ឧបករណ៍វេជ្ជសាស្ត្រ និងឧស្សាហកម្មគ្រឿងសង្ហារិម។
លោកបានថ្លែងថា៖ «ឧស្សាហកម្មគ្រឿងសង្ហារឹមក៏មានសក្តានុពលសំខាន់ ហើយយើងអាចស្វែងរកវិធីអភិវឌ្ឍផលិតផលពីឈើប្រកបដោយចីររភាព ដើម្បីគាំទ្រដល់ឧស្សាហកម្មគ្រឿងសង្ហារឹម»។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យគណៈប្រតិភូសិក្សាឱកាសបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឬអាចពិចារណាបង្កើតតំបន់សេដ្ឋកិច្ចពិសេសម៉ាឡេស៊ីដោយឡែក ព្រមទាំងសហការជាមួយសហគ្រិនខ្មែរ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយធុរកិច្ចថ្មីក្នុងស្រុក។
លោកបានបន្ថែមថា៖ «យើងមានធុរកិច្ចថ្មីជាច្រើនដែលអាចជាដៃគូដ៏ល្អសម្រាប់ការបណ្តាក់ទុនរបស់អ្នកវិនិយោគម៉ាឡេស៊ី។ កម្ពុជាជាប្រទេសដែលមានភាពស្វាហាប់ មានសន្តិភាព ស្ថិរភាព និងប្តេជ្ញាអភិវឌ្ឍសេដ្ឋកិច្ច។ អ្នកត្រូវមានទំនុកចិត្ត មានជំនឿ និងក្តីសង្ឃឹមថា អាជីវកម្មរបស់អ្នកនឹងមានអនាគត និងឱកាសរីកចម្រើននៅទីនេះ»៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


