Connect with us

សេដ្ឋកិច្ច

សកម្មភាពអាទិភាព ១២ ស្តីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជា កំពុងបន្តអនុវត្តលើផ្នែកអាទិភាព ៥ សំខាន់ៗ

បានផុស

នៅ

យោង​តាម​សេចក្តីថ្លែងការណ៍រួម ​រវាង​ធនាគារជាតិនៃកម្ពុជា និង​អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ​ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​កម្រិត​ខ្ពស់ លើកទី៣ ជាមួយភាគីពាក់ព័ន្ធ ស្តីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា ក្នុងចំណោម​សកម្មភាព​អាទិភាពទាំង ២២ ក្នុងនោះមានសកម្មភាពអាទិភាព​ចំនួន ១២ បាន​និង​កំពុង​បន្ត​អនុវត្ត​លើ​ផ្នែក​អាទិភាព ចំនួន​ ៥ សំខាន់​ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​ថ្លែង​ការណ៍​រួម​ដដែល​នោះ បាន​ឱ្យ​ដឹងថា វឌ្ឍនភាពការងារ កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ លើកទី៣ នេះ បានពិនិត្យឡើងវិញ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្ត សកម្មភាពអាទិភាពចំនួន ២២ ដែល​ធនាគារជាតិនៃកម្ពុជា និង​អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បាន​ព្រមព្រៀង​នៅ​ក្នុងកិច្ច​ពិគ្រោះ​យោបល់​ដំបូង កាល​ពីខែកក្កដា ឆ្នាំ២០២៤ និងកិច្ចពិគ្រោះយោបល់លើកទី២ កាលពីខែមករា ឆ្នាំ២០២៥។

ជាក់ស្តែង​មកដល់បច្ចុប្បន្ន សកម្មភាពអាទិភាពចំនួន ១០ ត្រូវបានអនុវត្តពេញលេញ ខណៈ​ដែល​សកម្មភាព​អាទិភា​ពចំនួន ១២ ទៀត កំពុងបន្តអនុវត្តលើផ្នែកអាទិភាពទាំង ៥ សំខាន់​ៗ​ដូចខាងក្រោម៖

១/- ផ្នែកបទប្បញ្ញត្តិ និងការត្រួតពិនិត្យ៖ ក្រមប្រតិបត្តិ ដែលរួមមានគោលការណ៍កំណត់ថ្លៃប្រកបដោយ ការ​ទទួល​ខុសត្រូវនឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២៥។ ការបង្កើតមូលនិធិរួមសម្រាប់វិស័យហិរញ្ញវត្ថុត្រូវបាន ផ្តួចផ្តើម​ដោយ​សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីគាំទ្រ​ការលើក​កម្ពស់​ចំណេះ​ដឹង ផ្នែក​ហិរញ្ញវត្ថុ​របស់​អតិថិជន ការប្រឹក្សាបំណុល និង​សកម្មភាព​នានា​ពាក់ព័ន្ធ​នឹងការ​លើកកម្ពស់​ការយល់ដឹង។ កិច្ចខិតខំ​ប្រឹងប្រែង​នានា​កំពុងតែបន្តអនុវត្តលើក្របខ័ណ្ឌលើកទឹកចិត្ត ក្នុងការ​ផ្តល់​ឥណទាន​ប្រកប​ដោយការទទួល ខុសត្រូវ និងការត្រួតពិនិត្យទៅលើអនុលោមភាព។

២/- ផ្នែកកិច្ចការពារអតិថិជន៖ មជ្ឈមណ្ឌលអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងក្នុងគោល បំណង​គ្រប់គ្រង​បណ្ដឹង ដោយមានការបំពេញបន្ថែមពីយន្តការផ្សេងៗទៀត។ ច្បាប់ ស្តីពី កិច្ចការពារ​អ្នក​ប្រើប្រាស់ ត្រូវ​បានពង្រឹងការអនុវត្ត ស្របពេលដែលយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ កំពុងត្រូវបានពង្រីក វិសាលភាពបន្ថែមទូទាំងប្រទេស។

៣/- ផ្នែកទិន្នន័យ៖ ភាគីពាក់ព័ន្ធកំពុងពិចារណាលើយន្តការចែករំលែកទិន្នន័យជាមួយគ្នា រវាងនិយ័តករ គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីពង្រឹងការផ្តល់ ឥណទានប្រកបដោយការទទួលខុសត្រូវ។ ទន្ទឹមនេះ ស្តង់ដានិយមន័យឥណទានខ្នាតតូច ក៏ត្រូវរៀបចំរួចរាល់។

៤/- ផ្នែកកម្ចីក្រៅផ្លូវការ និងតួនាទីរបស់អាជ្ញាធរមូលដ្ឋាន៖ សេចក្តីថ្លែងការណ៍រួមត្រូវបានចេញផ្សាយ ដើម្បី​ពង្រឹង​កិច្ចការពារ​អតិថិជនប្រើប្រាស់សេវាហិរញ្ញវត្ថុ ដោយផ្តោតលើសកម្មភាពផ្តល់កម្ចីខុសច្បាប់ រួមទាំងការ​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ សៀវភៅ ស្នាក់នៅ ប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម និងប័ណ្ណសមធម៌ ជាទ្រព្យធានា។ ប្រព័ន្ធចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីធ្លីតាមប្រព័ន្ធអនឡាញ កំពុងត្រូវបានអនុវត្ត និងពង្រីកវិសាលភាព ដើម្បីគ្របដណ្តប់លើការចុះបញ្ជីដីធ្លីទាំងអស់ សំដៅពង្រឹងតម្លាភាព និងបង្កើនការប្រើប្រាស់។ លក្ខខណ្ឌតម្រូវឱ្យមានប័ណ្ណសម្គាល់អចលនទ្រព្យប្រភេទចាស់ត្រូវបានលុបបំបាត់ ដើម្បីកាត់បន្ថយ ការក្លែងបន្លំ។ ការអនុវត្តច្បាប់នានាក៏ទាមទារឱ្យមានការពង្រឹងបន្ថែម ដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ច ដែលអាចកើតមាន។ ភាគីពាក់ព័ន្ធក៏បានផ្តល់អនុសាសន៍លើការសាកល្បងអនុវត្តរបៀបផ្តល់កម្ចីសហគមន៍ ដោយយក និងជំរុញការអនុវត្តលក្ខខណ្ឌក្នុងការផ្តល់កម្ចីជាក់លាក់ពីគ្រឹះស្ថាន ក្រុមចូលរួមធ្វើជាទ្រព្យធានារួម ហិរញ្ញវត្ថុផ្លូវការ ដើម្បីកាត់បន្ថយការផ្តល់កម្ចីក្រៅផ្លូវការ។

៥/- ផ្នែកសេវាធានារ៉ាប់រង និងជម្រើសផ្សេងនៃការផ្តល់ហិរញ្ញប្បទាន៖ កិច្ចខិតខំប្រឹងប្រែងនានាកំពុងត្រូវ បាន​យកចិត្តទុកដាក់ ដើម្បីពង្រីកការទទួលបានឥណទាន និងការការពារហានិភ័យ សម្រាប់កម្ចីកសិកម្មខ្នាតតូច តាម​រយៈសហគមន៍កសិកម្មទំនើប និងផលិតផលធានារ៉ាប់រងប្រកបដោយបរិយាបន្ន។ គំរូនៃ​ការ​ចែក​រំលែក​ថ្លៃដើម កំពុងត្រូវបានលើកយកមកពិភាក្សា ដើម្បីផ្តល់​ហិរញ្ញប្បទាន​ដល់​កសិករ​ក្នុង​អត្រាកាន់តែសមរម្យ និង​ទទួល​បាន ការចូលរួមកាន់តែច្រើនក្នុងចំណោមកសិករ។

ផែនការបន្តភាគីពាក់ព័ន្ធបានបញ្ជាក់ឡើងវិញ អំពីការប្តេជ្ញាចិត្តរួមគ្នាលើការងារដែលនៅតែជាអាទិភាព រួមមាន ការជំពាក់បំណុលលើសលប់ ការធានាឱ្យបាននូវការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ និងការទប់ស្កាត់ សកម្មភាពផ្តល់កម្ចីខុសច្បាប់។

ជារួម កិច្ចចូលរួមសហការ តម្លាភាព និងការចូលរួមកម្រិតសហគមន៍នឹងនៅតែ ជាកត្តាគន្លឹះ​ក្នុងការ​ការពារ​ក្រុម​គ្រួសារ​ងាយ​រងគ្រោះ និងជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាព កិច្ចពិគ្រោះយោបល់​ពហុភាគី​កម្រិត​ខ្ពស់នេះ​នឹងគ្រោងធ្វើឡើងបន្តទៀតនៅខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។ ភាគីពាក់ព័ន្ធបានគូសបញ្ជាក់ឡើងវិញ អំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុមួយ ប្រកបដោយសមភាព បរិយាបន្ន និងភាពធន់ សម្រាប់ប្រជាជនកម្ពុជាទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម