ជីវិតកម្សាន្ដ
ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន
ម្ដាយ និងក្រុមគ្រួសារ តារាចម្រៀងរ៉េប លោក RuthKo មិនទទួលយកការសុំទោសជាដាច់ខាតចំពោះទង្វើអសីលធម៌របស់ហាងផ្កាមួយកន្លែង ដែលហ៊ានប្រមាថជីវិតកូនរបស់គាត់ ខណៈគ្រួសារកំពុងឈឺចាប់ និងជួបទុក្ខ។

ថ្មីៗ នេះ ផ្ទុះការរិះគន់ពាក់ព័ន្ធការយករូបថតតារារ៉េប RuthKo ទៅដាក់ក្នុងស៊ុមផ្កា ដើម្បីធ្វើជាទីផ្សារប្រម៉ូតការលក់របស់ខ្លួន ដោយធ្វើឲ្យមហាជនអ្នកគាំទ្រជាច្រើន មានការហួសចិត្តជាខ្លាំង និងរិះគន់ដល់ម្ចាស់ហាងលក់ផ្កាមួយកន្លែង ដែលមានទីតាំងស្ថិតនៅម្ដុំផ្សារច្បារអំពៅ។


បន្ទាប់ពីទទួលរងការរិះគន់យ៉ាងចាស់ដៃចំពោះទង្វើរបស់ខ្លួន ម្ចាស់ហាងផ្កាខាងលើនោះ ក៏បានចេញមុខមកបញ្ជាក់ជាសាធារណៈ និងទទួលយកនូវរាល់មតិទាំងអស់ ហើយព្យាយាមកែតម្រូវផងដែរ។

យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៥ នេះ តាមរយៈទំព័រហ្វេសប៊ុកឈ្មោះ Coromac Cam ដែលត្រូវជាម្តាយតារាចម្រៀងរ៉េប លោក RuthKo បានបង្ហោះខ្លឹមសារដោយបង្ហាញអារម្មណ៍ឈឺចាប់ថា «ខ្ញុំជាម្ដាយ និងគ្រួសាររបស់សព នឹងមិនទទួលការសុំទោសជាដាច់ខាត ហាងផ្កា នឹងត្រូវទទួលខុសត្រូវជាមួយគ្រួសារខ្ញុំផ្លូវច្បាប់ កូនខ្ញុំស្លាប់ហើយ អត់បានចុះកិច្ចសន្យាធ្វើ BA លក់ផ្កាទេ ហេតុអ្វីហ៊ានប្រមាថជីវិតកូនខ្ញុំ និងគ្រួសារខ្ញុំ ក្នុងពេលពួកយើងកំពុងឈឺចាប់បែបនេះ»។

ដោយឡែកកាលពីម្សិលមិញ ម្តាយតារាចម្រៀងរ៉េប RuthKo បានសម្តែងក្តីឈឺចាប់ខ្លោចផ្សាជាពន់ពេកដែលបាត់បង់កូនប្រុសជាទីស្រលាញ់ និងបញ្ចេញខ្លឹមសារអមដោយរូបភាពភ្លើងកំពុងឆាបឆេះសពកូនប្រុស ដោយលើកឡើងដែរថា «សងជីវិតកូនខ្ញុំវិញ ឯងមានសមត្ថភាពទេ?»។

គួរជម្រាបថា កាលពីព្រឹកថ្ងៃទី ០៨ មករា ម្សិលមិញនេះ សពរបស់តារាចម្រៀងរ៉េបល្បីឈ្មោះ លោក RuthKo ត្រូវបានរៀបចំពិធីបូជាតាមប្រពៃណីហើយ ដោយបន្សល់ទុកនូវក្តីសោកសង្រេង និងភាពសោកសៅក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភ័ក្ដិ សិល្បករ-សិល្បការិនី ព្រមទាំងអ្នកគាំទ្ររបស់លោកជាច្រើនទៀត។

ចំពោះដំណឹង នៃការស្លាប់របស់តារារ៉េបលោក ដាវិឌឫទ្ធិរុទ្រ ហៅ RuthKo រហូតមកទល់ពេលនេះនៅតែធ្វើឲ្យអ្នកសិល្បៈរួមអាជីព និងអ្នកគាំទ្រជាច្រើន សម្តែងក្តីស្លុតចិត្ត និងសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់ធនធានអ្នកសិល្បៈផ្នែកវិស័យចម្រៀងរ៉េបរូបនេះ។

ចំពោះកម្មវិធីបុណ្យគម្រប់ ០៧ ថ្ងៃ របស់តារាចម្រៀងរ៉េបល្បីឈ្មោះ RuthKo នឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ នាគេហដ្ឋានសព នៅផ្ទះលេខ ៥១ ផ្លូវ ១៦៨ ភូមិទួលរកា ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
អត្ថបទ ៖ ពិសី



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


