Connect with us

ព័ត៌មានអន្ដរជាតិ

ហ៊ានខ្លាំង! ចោរមួយក្រុមចូលលួចគ្រឿងអលង្ការដ៏មានតម្លៃរបស់​រាជវង្ស​បារាំង ពីសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស

បានផុស

នៅ

ជារឿងគួរឲ្យភ្ញាក់ផ្អើលនិងជាការលួចដ៏មិនខ្លាចរអាទាល់តែសោះ ចោរមួយក្រុមបានប្រើពេលតែ៤នាទីប៉ុណ្ណោះ លួច​យក​គ្រឿង​អលង្ការ​របស់​រាជវង្ស​បារាំងដ៏មិន​អាច​កាត់​ថ្លៃ​បាន​ចំនួនប្រាំបី​ពី​សារមន្ទីរ Louvre ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ Reuters)

យោងតាមមន្ត្រីបារាំង ក្រុមចោរបានប្រើ​ជណ្តើរយន្ត​ដើម្បី​ឡើងជញ្ជាំង​សារមន្ទីLouvre ហើយវាយ​បំបែក​បង្អួច និង​វាយ​កញ្ចក់​ពីរ​ដែល​ដាក់តាំងគ្រឿង​អលង្ការ​របស់​រាជវង្ស​ក្នុង​វិចិត្រសាល Apollon ដែលជាកន្លែងប្រមូលផ្ដុំគ្រឿងអលង្ការជាប្រវត្តិសាស្ត្ររបស់ប្រទេសបារាំង។ ការលួចនេះបានកើតឡើងត្រឹមតែ៣០នាទីបន្ទាប់ពីសារមន្ទីរបានបើកមនុស្សចូលទស្សនា។

ក្នុង​ចំណោម​បំណែកគ្រឿង​អលង្ការដែល​ត្រូវ​បានចោរ​លួច​នោះ មាន​គ្រឿងអលង្ការ​ដែល​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​រាជវង្ស​បារាំង រួម​មាន​ត្បូង​កណ្តៀង និង​ត្បូងមរកត​ដែល​ជា​កម្មសិទ្ធិ​របស់ ព្រះនាង Marie-Amelie និងព្រះនាង Hortense, ព្រះចៅ​អធិរាជ Marie-Louise និងព្រះចៅ​អធិរាជ Eugenie។ ក្នុងនោះវត្ថុមួយ ជាមកុដត្បូងមរកតរបស់ព្រះចៅអធិរាជ Eugenie ក្រោយមកត្រូវបានគេប្រទះឃើញបែកបាក់នៅខាងក្រៅសារមន្ទីរ។

(រូបភាព៖ Reuters)

ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​មុន​ពេល​សមត្ថកិច្ច​មក​ដល់ ។ ប៉ូលិសពណ៌នាការប្លន់នេះថាជា «ប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ» ខណៈដែលបុគ្គលិកសារមន្ទីបានត្អូញត្អែរជាយូរមកហើយអំពីចំនួនមនុស្សច្រើនលើសលប់មកទស្សនាសារមន្ទី តែមានបុគ្គលិកតិចតួច។

ការលួចទាំងកណ្ដាលថ្ងៃនេះ ក៏បង្កឱ្យមានកំហឹងនយោបាយផងដែរ ដោយមេដឹកនាំស្តាំនិយមលោក Jordan Bardella បានហៅវាថាជា «ការអាម៉ាស់របស់ប្រទេសបារាំង» ដោយចោទប្រកាន់រដ្ឋាភិបាលថាមិនបានការពារទ្រព្យសម្បត្តិជាតិ។

(រូបភាព៖ Reuters)

អ្នកជំនាញបានព្រមានថា ការយកគ្រឿងអលង្ការមកវិញអាចជាការពិបាក ព្រោះថាចោរមានវិជ្ជាជីវៈតែងតែកាត់ផ្ដាច់ ឬលក់ត្បូងម្ដងបន្តិចៗ ដោយលុបបំបាត់អត្តសញ្ញាណប្រវត្តិសាស្ត្ររបស់ត្បូង។ ឥឡូវនេះប៉ូលិសកំពុងពិនិត្យមើលវីដេអូ CCTV និងធ្វើការស៊ើបអង្កេត។ សារមន្ទី Louvre ត្រូវបានបិទអស់ពេញមួយថ្ងៃដើម្បីត្រួតពិនិត្យស៊ើបអង្កេត។

គួរបញ្ជាក់ថា សារមន្ទីរ Louvre ជាសារមន្ទីរដែលមានអ្នកចូលទស្សនាច្រើនជាងគេបំផុតរបស់ពិភពលោក។ សារមន្ទីនេះក៏ធ្លាប់បានទទួលរងការលួចដ៏ល្បីល្បាញពីមុនមកដែរ រួមទាំងការលួចផ្ទាំងគំនូរ Mona Lisa ឆ្នាំ១៩១១ ប៉ុន្តែការលួចកាលពីថ្ងៃអាទិត្យនេះបានធ្វើឱ្យមានការព្រួយបារម្ភជាថ្មីអំពីសុវត្ថិភាពនៃបេតិកភណ្ឌវប្បធម៌របស់ប្រទេសបារាំង៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម