Connect with us

ព័ត៌មានអន្ដរជាតិ

អេត្យូពី ផ្ទុះភ្នំភ្លើងលើកដំបូង បន្ទាប់ពីស្ងាត់ជាង ១២ ០០០ ឆ្នាំ

បានផុស

នៅ

មជ្ឈមណ្ឌលប្រឹក្សាយោបល់ផេះភ្នំភ្លើង Toulouse (VAAC) នាថ្ងៃទី២៥វិច្ឆិកា បាននិយាយថា ភ្នំភ្លើងមួយនៅតំបន់ភាគឦសាននៃប្រទេសអេត្យូពី បានផ្ទុះឡើងជាលើកដំបូងក្នុងរយៈពេលជិត ១២,០០០ ឆ្នាំ ដោយបញ្ចេញផ្សែងក្រាស់ៗ និងជះកម្អែលរហូតដល់កម្ពស់ ១៤ គីឡូម៉ែតទៅលើមេឃ។

ភ្នំភ្លើង Hayli Gubbi បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យអស់រយៈពេលជាច្រើនម៉ោង។ ( រូបភាពពី X/The Informant)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរបាយការណ៍ដែលចុះផ្សាយដោយ Yahoo ភ្នំភ្លើង Hayli Gubbi មានទីតាំងនៅតំបន់ Afar ប្រទេសអេត្យូពី ក្នុងចម្ងាយប្រហែល ៨០០ គីឡូម៉ែត្រភាគឦសាននៃទីក្រុង Addis Ababa ជិតព្រំដែនអេរីទ្រា បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ និងអូសបន្លាយអស់រយៈពេលជាច្រើនម៉ោង។ ភ្នំភ្លើងនេះដែរ មានកម្ពស់ប្រហែល ៥០០ ម៉ែត្រ ស្ថិតនៅក្នុងជ្រលងភ្នំ Rift Valley ដែលជាតំបន់នៃសកម្មភាពភូគព្ភសាស្ត្រខ្លាំង ដែលបន្ទះតិចតូនិចពីរជួបគ្នា។

មជ្ឈមណ្ឌលប្រឹក្សា VAAC បាននិយាយទៀតថា ការផ្ទុះនេះបានបញ្ចេញផេះ និងផ្សែងពណ៌សក្រាស់ៗពីភ្នំភ្លើង ដោយឆ្លងកាត់សមុទ្រក្រហម ហើយបានផ្លាស់ទីចូលទៅក្នុងឧបទ្វីបអារ៉ាប់ឆ្ពោះទៅកាន់ប្រទេសយេម៉ែន និងអូម៉ង់ និងភាគខាងជើងប្រទេសប៉ាគីស្ថាន។ កម្អែលផេះនេះដែរ ទំនងជានឹងទៅដល់ទីក្រុងដេលី រដ្ឋ Punjab និងរដ្ឋ Haryana ប្រទេសឥណ្ឌា កាលពីយប់ថ្ងៃចន្ទ។

លោក Simon Carn អ្នកជំនាញខាងភ្នំភ្លើង និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Michigan បានបញ្ជាក់នៅលើ Bluesky ថា Hayli Gubbi មិនមានកំណត់ត្រានៃការផ្ទុះឡើយ ចាប់តាំងយុគសម័យទឹកកកចុងក្រោយ Holocene ប្រហែល ១២,០០០ឆ្នាំមុន។

ដោយឡែក មន្ត្រីមូលដ្ឋាន Afar បាននិយាយថា មកទល់ពេលនេះ មិនមានរបាយការណ៍បញ្ចាក់ចំនួនអ្នកស្លាប់ និងរបួសពីការផ្ទុះ ឬចំនួនអ្នកផ្លាស់ទីលំនៅនៅឡើយទេ។ ប៉ុន្តែអ្នកចិញ្ចឹមសត្វនៅក្នុងតំបន់នោះ អាចរងផលប៉ះពាល់ដោយសារតែម្អែលផេះគ្របដណ្តប់លើស្មៅនិងផលដំណាំពួកគេ៕

រូបភាពFile Image

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

បង់ក្លាដែស ស្នើជាលើកទី៣ ឲ្យ ឥណ្ឌា បញ្ចូនអតីតនាយករដ្ឋមន្ត្រី មកទទួលទោសប្រហារជីវិត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម