ព័ត៌មានអន្ដរជាតិ
មានការកត់សម្គាល់ថា ត្រាំ បញ្ចេញសារត្រឡប់ត្រឡិនអំពីសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយសារសម្ពាធ
សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានអូសបន្លាយអស់រយៈពេលជាង១០ ថ្ងៃមកហើយ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោក ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំំ មិនទាន់បានចេញសារដែលស៊ីសង្វាក់គ្នាទាក់ទងនឹងប្រតិបត្តិការយោធានេះនៅឡើយទេ។

ភាពមិនច្បាស់លាស់នេះ បានកើតឡើង បន្ទាប់ពី លោក ត្រាំ បានប្រកាសថា «សន្តិភាពអាចសម្រេចបានក្នុងពេលឆាប់ៗនេះ» ប៉ុន្តែក្រោយមកលោកផ្ទាល់បានព្រមានវិញថា «ការប្រយុទ្ធគ្នាអាចខ្លាំងក្លាជាងមុន និងមានរយៈពេលយូរជាងនេះ»។
មិនត្រឹមប៉ុណ្ណោះទេ ក្នុងពេលសង្គ្រាមចុងក្រោយនេះ លោក ត្រាំ បានបញ្ជូនសារមិនស៊ីសង្វាក់គ្នាជាច្រើនលើកអំពីសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលអ្នកវិភាគយល់ថានេះបង្ហាញពីសម្ពាធនយោបាយ សេដ្ឋកិច្ច និងការគណនាដ៏ស្មុគស្មាញដែលខ្លួនកំពុងប្រឈមមុខនៅក្នុងជម្លោះ។
នៅក្នុងបទសម្ភាសន៍ជាមួយ Axios លោកត្រាំបាននិយាយថា «មានរឿងតូចតាចមួយចំនួនតូចប៉ុណ្ណោះ ដែលនៅសល់ដើម្បីវាយប្រហារអ៊ីរ៉ង់ ហើយសង្គ្រាមអាចបញ្ចប់នៅពេលណាដែលខ្ញុំចង់បាន»។ នៅល្ងាចថ្ងៃដដែលនោះ លោកបាននិយាយម្តងទៀតថា សហរដ្ឋអាមេរិកបានឈ្នះអ៊ីរ៉ង់ ប៉ុន្តែនឹងមិនដកថយទេ ហើយនឹងបន្តប្រតិបត្តិការយោធារហូតដល់ភារកិច្ចត្រូវបំពេញពេញលេញ។
យោងតាមអ្នកអត្ថាធិប្បាយ CNN លោក Stephen Collinson ភាពមិនស៊ីសង្វាក់គ្នានេះមិនត្រឹមតែជាផលវិបាកនៃរចនាប័ទ្មវោហាសាស្ត្រដ៏ខ្លាំងក្លា និងធ្ងន់ធ្ងររបស់ត្រាំនោះទេ វាក៏ឆ្លុះបញ្ចាំងពីសម្ពាធនយោបាយ និងយោធាដែលប្រធានាធិបតីកំពុងប្រឈមមុខ ដោយបង្ខំឲ្យគាត់ផ្លាស់ប្តូរទិសដៅនៃការបញ្ចេញសារជានិច្ចដើម្បីឆ្លើយតប។
សង្គ្រាមដែលបង្កឡើងដោយអាមេរិក-អ៊ីស្រាអែល បានជះឥទ្ធិពលយ៉ាងសំខាន់ទៅលើសេដ្ឋកិច្ចពិភពលោក។ ជាក់ស្ដែង តម្លៃប្រេងបានកើនឡើងលើសពី ១០០ដុល្លារក្នុងមួយបារ៉ែល និងរហូតដល់ ១២០ដុល្លារ ដែលឆ្លុះបញ្ចាំងពីការភ័យខ្លាចនៃជម្លោះអូសបន្លាយ។ ទីផ្សារភាគហ៊ុនពិភពលោក រួមទាំងនៅសហរដ្ឋអាមេរិកផងដែរ បានធ្លាក់ចុះយ៉ាងខ្លាំង។
ផលវិបាកសេដ្ឋកិច្ចទាំងនេះហាក់ដូចជាហេតុផលសំខាន់មួយដែលត្រាំ ត្រូវធានាទីផ្សារឡើងវិញ។ ជាពិសេស លោកហាក់ដូចជាយល់ថា ការអត់ធ្មត់របស់ប្រជាជនអាមេរិកមានកម្រិត។ លោកបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថាសហរដ្ឋអាមេរិក «នាំមុខគេយ៉ាងខ្លាំង» ហើយបានពិពណ៌នាអំពីប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ថា ជាជ័យជម្នះសេដ្ឋកិច្ច។
ទោះជាយ៉ាងណាក៏ដោយ លោក Collinson មិនបានច្រានចោលលទ្ធភាពដែលត្រាំនឹងបង្ហោះសារដែលមិនស៊ីសង្វាក់គ្នាដើម្បីរំខានដល់គូប្រជែងរបស់លោកនោះទេ ។ ទីក្រុងតេហេរ៉ង់អាចមានការលំបាក ក្នុងការកំណត់ចេតនាពិតរបស់ទីក្រុងវ៉ាស៊ីនតោន ដោយសារសេតវិមានមិនបានបង្ហាញសញ្ញាបញ្ចប់សង្គ្រាម និងបានបើកចំហលទ្ធភាពនៃការកើនឡើងនៃភាពតានតឹងជំនួសវិញ។
បើអាមេរិកទទួលយកយុទ្ធសាស្ត្រនេះ វាក៏អាចធ្វើឲ្យសម្ព័ន្ធមិត្ត ដៃគូ និងទីផ្សារថាមពលសកលរបស់ខ្លួន ស្ថិតក្នុងភាពស្រពិចស្រពិលផងដែរ ដោយមិនដឹងថាចលនាយុទ្ធសាស្ត្របន្ទាប់ គឺជាអ្វីដើម្បីស្វែងរកមធ្យោបាយឆ្លើយតប។ ប្រភពខ្លះបាននិយាយថា អាមេរិកកំពុងពិចារណាជម្រើសស្មុគស្មាញជាងនេះ រួមទាំងការធ្វើប្រតិបត្តិការពិសេសមួយដែលកំណត់គោលដៅសមាសធាតុសំខាន់ៗនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


