Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស បញ្ជូន​ប្រព័ន្ធការពារដែនអាកាស ទៅគុយវ៉ែត ក្រោយអ៊ីរ៉ង់​វាយប្រហារ​រោងចក្រប្រេង

បានផុស

នៅ

ការិយាល័យនាយករដ្ឋមន្ត្រី​អង់គ្លេស​ Keir Starmer បាន​ឲ្យ​ដឹង​​ថា អង់គ្លេសកំពុងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស «Rapid Sentry» ទៅកាន់ប្រទេសគុយវ៉ែត ដើម្បីជួយការពារផលប្រយោជន៍នៃប្រទេសទាំងពីរនៅក្នុងឈូងសមុទ្រ បន្ទាប់ពីរងការវាយប្រហារពីយន្តហោះដ្រូនរបស់​អ៊ីរ៉ង់លើរោងចក្រប្រេងមួយកន្លែងនៅគុយវ៉ែត។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមភ្នាក់ងារ​ព័ត៌មាន Reuters អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រីអង់គ្លេស​ Downing Street បាននិយាយថា លោក Starmer បានពិភាក្សាអំពីការដាក់ពង្រាយ​ប្រព័ន្ធការ​ពារ​ដែន​អាកាសនេះនៅក្នុងការហៅទូរស័ព្ទមួយ ជាមួយព្រះអង្គម្ចាស់ Sabah al-Khalid al-Sabah នៃប្រទេសគុយវ៉ែត កាលពីព្រឹកថ្ងៃសុក្រ។

អ្នកនាំពាក្យរូបនេះបាននិយាយថា «នាយករដ្ឋមន្ត្រីបានថ្កោលទោសការវាយប្រហារដោយយន្តហោះដ្រូន ដែលមិនប្រុងប្រយ័ត្នលើរោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅគុយវ៉ែត។ លោកបានបញ្ជាក់ជាថ្មីថា អង់គ្លេសឈរនៅជាមួយប្រទេសគុយវ៉ែត និងសម្ព័ន្ធមិត្តទាំងអស់របស់យើងនៅក្នុងឈូងសមុទ្រ»។

អ្នកនាំពាក្យរូបនេះបាននិយាយថា ថ្នាក់ដឹកនាំបានពិភាក្សាអំពីការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសរបស់អង់គ្លេស ដែលត្រូវបានរចនាឡើងជាចម្បង ដើម្បីបាញ់ទម្លាក់យន្តហោះដ្រូន និងការគំរាមកំហែងតាមអាកាសផ្សេងទៀតដែលហោះទាបទៅកាន់ប្រទេសគុយវ៉ែត ដែលនឹងការពារបុគ្គលិក រួមទាំងផលប្រយោជន៍គុយវ៉ែត និងអង់គ្លេសនៅក្នុងតំបន់ ហើយក៏ចៀសវាងការកើនឡើងទៅជាជម្លោះកាន់តែទូលំទូលាយ។

មិនតែប៉ុណ្ណោះ លោក Starmer និង​ព្រះអង្គម្ចាស់​ក៏បាន​ពិភាក្សា​អំពី​ការរំខាន​ដល់​ការដឹកជញ្ជូន​សកល​ តាមរយៈ​ច្រកសមុទ្រ Hormuz និង​បានស្វាគមន៍​កិច្ចប្រជុំ​មួយ​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីការបរទេស​អង់គ្លេសលោកស្រី Yvette Cooper កាលពីថ្ងៃព្រហស្បតិ៍ ដើម្បី​រៀបចំ​ផែនការ​ដើម្បី​បើក​ផ្លូវ​ដឹកជញ្ជូន​ដ៏សំខាន់​នេះ​ឡើងវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម