ព័ត៌មានអន្ដរជាតិ
នេប៉ាល់កំណត់តម្លៃហើយ តែពេទ្យឯកជនព្យាបាលកូវីដយកថ្លៃលើសច្រើន
កាលពីថ្ងៃទី១០ ខែឧសភា លោក Shiva Narayan Chaudhari អាយុ៦៥ឆ្នាំបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។ លោក Chaudhari ដែលកំពុងរស់នៅក្នុងបន្ទប់ជួលមួយជាមួយគ្រួសារនៅតំបន់ Nayabazar ក្នុងទីក្រុង Kathmandu ប្រទេសនេប៉ាល់ បានស្ថិតនៅក្នុងផ្ទះដាច់ដោយឡែកពីដំបូង។
ថ្ងៃបន្ទាប់ លោក Chaudhari បានដួលសន្លប់វេលាម៉ោង៤ល្ងាច។ គ្រួសារបានប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែពិបាករកគ្រែដេកសម្រាកព្យាបាលណាស់ដោយសារតែការឆ្លងកូវីដ-១៩ប្រចាំថ្ងៃថ្មីឡើងដល់៨០០០នាក់។

នាង Radha Thakuri កូនប្រសារបស់លោក Chaudari បានឲ្យដឹងថា ៖«បន្ទាប់ពីដឹកទៅរកពេទ្យពីកន្លែងមួយទៅកន្លែងមួយ ទីបំផុតយើងមានគ្រែធម្មតាមួយនៅមន្ទីរពេទ្យឯកជន Om Saibaba Memorial នៅតំបន់ Banasthali។ ក្រោយព្យាបាលទូទៅរយៈពេលមួយសប្តាហ៍ ក្រុមវេជ្ជបណ្ឌិតនៅពេទ្យនេះប្រាប់គួរបញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយសារអាការជំងឺប៉ាក្មេកខ្ញុំមិនធូរស្បើយ»។ យ៉ាងណា នៅមន្ទីរពេទ្យឯកជននោះអត់មានកន្លែងសង្គ្រោះបន្ទាន់ទេ។
នាង Thakuri និងគ្រួសារបានចាប់ផ្តើមស្វែងរកមន្ទីរពេទ្យផ្សេងទៀត។ ៣ថ្ងៃក្រោយមក ពួកគេទទួលបានគ្រែសង្គ្រោះបន្ទាន់ទំនេរមួយនៅមន្ទីរពេទ្យរដ្ឋ National Trauma Centre។ នៅពេលនោះ Thakuri បានទាក់មន្ទីរពេទ្យឯកជន Om Saibaba Memorial ដើម្បីបង់ប្រាក់មុនពេលចេញ ស្រាប់តែនាងតក់ស្លត់។ តម្លៃព្យាបាលរយៈពេល១០ថ្ងៃនៅលើគ្រែធម្មតាអស់ប្រមាណ ១២៦៧ដុល្លារអាមេរិកដោយមិនគិតចូលតម្លៃថ្នាំ និងថ្លៃឡានពេទ្យផង។
ខាងមន្ទីរពេទ្យ Om Saibaba Memorial បាននិយាយថា មន្ទីរពេទ្យរបស់ខ្លួនមិនមានគ្រែសង្គ្រោះបន្ទាន់ទេ។ បុគ្គលិកពេទ្យម្នាក់និយាយថា ៖«មានគ្រែធម្មតាដាច់ដោយឡែកដែលមានតម្លៃជាង៩០ដុល្លារអាមេរិកក្នុងមួយថ្ងៃ ដោយមិនរាប់បញ្ចូលតម្លៃអ៊ុកស៊ីសែន និងថ្នាំឡើយ»។
សម្រាប់ប្រជាជនដូចជា Thakuri ដែលចូលព្យាបាលនៅមន្ទីរពេទ្យឯកជនបែបនេះគឺជាបន្ទុកដ៏ធ្ងន់ធ្ងរបំផុត ពីព្រោះតម្លៃច្រើនហួសប្រមាណសម្រាប់ពួកគេដែលខ្វះខាត។

នាង Thakuri បាននិយាយថា ៖«គ្រួសាររបស់ខ្ញុំទាំងអស់គ្នាធ្វើការនៅរោងចក្រកាត់ដេរ។ ដោយសារកូវីដ-១៩ផ្ទុះខ្លាំងមួយរយៈពេលចុងក្រោយនេះ យើងទាំងអស់គ្នាបាត់បង់ការងារ។ ការចំណាយតម្លៃពេទ្យនោះទាំងនោះពិតជាវេទនាណាស់សម្រាប់ពួកយើង»។ ពេលនោះ គ្រួសារនាងបានខ្ចីលុយបងប្អូនដើម្បីព្យាបាលលោកឪពុក Chaudhari។
នាងនិយាយថា ៖«យើងអត់មានលុយទេឥឡូវនេះ។ សង្ឃឹមថា នៅមន្ទីរពេទ្យ យើងមិនចំណាយច្រើនចុះ»។
មួយរយៈពេលចុងក្រោយនេះ ប្រទេសនេប៉ាល់មានករណីឆ្លងកូវីដ-១៩ថ្មីប្រចាំថ្ងៃចន្លោះពី៦ទៅ៨ពាន់នាក់ជារៀងថ្ងៃដែលគិតត្រឹមថ្ងៃទី២៦ ខែឧសភា មានករណីឆ្លងសរុបចំនួន ៥៣៥ ៥២៥នាក់ ខណៈករណីស្លាប់ទាំងអស់ចំនួន៦៨៤៥នាក់។
ដោយសារតែគ្រប់មន្ទីរពេទ្យរដ្ឋពោរពេញដោយអ្នកជំងឺកូវីដ-១៩ ដែលគ្មានសល់គ្រែសម្រាប់អ្នកឆ្លងថ្មី ដូច្នេះគ្មានជម្រើសអ្វីផ្សេង ក្រៅពីចូលមន្ទីរពេទ្យឯកជនឡើយ។
មន្ទីរពេទ្យឯកជន Kathmandu Medical College នៅ Sinamangal បានចេញតម្លៃព្យាបាលជំងឺកូវីដ-១៩គឺចន្លោះពី៨៥ដុល្លារអាមេរិក ទៅ ២៥៧ដុល្លារអាមេរិកក្នុងមួយថ្ងៃ។ ចំណែកមន្ទីរពេទ្យឯកជន HAMS Hospital នៅ Mandikhatar ក៏បានចេញផ្សាយតម្លៃជាសាធារណៈដែរគឺតម្លៃចន្លោះពី ៦០ដុល្លារអាមេរិក ទៅ ៤២៩ដុល្លារអាមេរិកក្នុងមួយថៃសម្រាប់អ្នកជំងឺកូវីដ-១៩។
តាមពិតទៅ ក្រសួងសុខាភិបាល និងប្រជាជនរបស់នេប៉ាល់បានកំណត់តម្លៃព្យាបាលអ្នកជំងឺកូវីដ-១៩សម្រាប់មន្ទីរពេទ្យឯកគឺ ប្រហែល៣០ដុល្លារអាមេរិកសម្រាប់អ្នកជំងឺធម្មតាក្នុងមួយថ្ងៃ។ តម្លៃប្រហែល៦០ដុល្លារសម្រាប់ការកម្រិតមធ្យម និងតម្លៃប្រហែល១២៨ដុល្លារសម្រាប់ការព្យាបាលកម្រិតខ្ពស់។

ទោះជាក្រសួងបង្ហាញការប្តេជ្ញាចិត្តចាត់វិធានការលើមន្ទីរពេទ្យឯកជនណាដែលយកថ្លៃព្យាបាលខ្ពស់ ក៏ចំណាត់ការមិនឃើញមានប្រសិទ្ធភាពឡើយ។
វេជ្ជបណ្ឌិត Samir Kumar Adhikari អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយថា មន្ទីរពេទ្យឯកជនអាចយកថ្លៃព្យាបាលកូវីដ-១៩ត្រឹម៥០%បន្ថែមលើតម្លៃដែលរដ្ឋាភិបាលកំណត់។
លោកថា ៖«ប្រសិនបើមន្ទីរពេទ្យណារកឃើញយកថ្លៃលើហ្នឹង ប្រជាជនអាចដាក់ពាក្យប្តឹងមកក្រសួងបាន ហើយយើងនឹងចាត់ការ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ The Nepal Post
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


