ព័ត៌មានអន្ដរជាតិ
Biden និយាយអ្វីខ្លះជាមួយ Putin ក្នុងជំនួបតាមទូរស័ព្ទលើកដំបូងចាប់តាំងពីឡើងកាន់អំណាច?
សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជាលើកដំបូងចាប់តាំងពីចូលកាន់តំណែង ដោយលោកបានលើកឡើងពីការព្រួយបារម្ភអំពីសកម្មភាពរបស់រុស្ស៊ី រួមទាំងការប្រព្រឹត្តដាក់អ្នករិះគន់វិមានក្រឹមឡាំងដែលត្រូវជាប់ពន្ធនាគារលោក Alexey Navalny ផងដែរ។
លោក Biden បាននិយាយថា លោកនឹងចាត់វិធានការប្រឆាំងរុស្ស៊ីខ្លាំងជាងអតីតប្រធានាធិបតី Donald Trump ទៅទៀត ជាពិសេសតាមរយៈការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអឺរ៉ុបនៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលអង្គការនេះបម្រើជាកម្លាំងប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
បន្ទាប់ពីនិយាយទូរស័ព្ទជាមួយលោក Putin, ទាំងសេតវិមាននិងវិមានក្រឹមឡាំងបានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួនដោយនិយាយថា មេដឹកនាំទាំងពីរបានពង្រីកសន្ធិសញ្ញាត្រួតពិនិត្យអាវុធ New START រយៈពេល៥ឆ្នាំ ដែលកំណត់ការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរជាយុទ្ធសាស្ត្រមិនឲ្យលើសពី១,៥៥០គ្រាប់ សម្រាប់ប្រទេសមានអាវុធនុយក្លេអ៊ែរនីមួយៗ។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយថា លោក Biden ក៏បានលើកឡើងពីការបំពុលលើលោក Navalny និងការបង្ក្រាបទៅលើអ្នកគាំទ្ររបស់គាត់ដែលបានចេញមកធ្វើបាតុកម្មតាមដងផ្លូវនៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ផងដែរ។
លោក Biden ក៏បានសម្តែងការគាំទ្រយ៉ាងមុតមាំចំពោះអធិបតេយ្យភាពរបស់អ៊ុយក្រែនផងដែរ។ លោកបានលើកឡើងពីបញ្ហាកង្វល់ផ្សេងៗទៀត រួមមានការ Hack ដែលគេហៅថា SolarWinds លើទីភ្នាក់ងារសហរដ្ឋអាមេរិក, សេចក្តីរាយការណ៍កាលពីឆ្នាំមុនថាប្រទេសរុស្ស៊ីផ្តល់អំណោយដល់ទាហានអាមេរិកនៅអាហ្វហ្គានីស្ថាន និងការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតឆ្នាំ២០២០។
លោកស្រី Psaki បាននិយាយថា “គោលបំណងរបស់គាត់គឺចង់បញ្ជាក់ឲ្យច្បាស់ថា សហរដ្ឋអាមេរិកនឹងធ្វើសកម្មភាពការពារផលប្រយោជន៍ជាតិរបស់យើងយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពដ៏គ្រោះថ្នាក់របស់រុស្ស៊ី”។
ចំណែកវិមានក្រឹមឡាំងវិញបាននិយាយថា លោក Putin បានប្រាប់លោក Biden ថា ការធ្វើឲ្យមានប្រក្រតីភាពនៃទំនាក់ទំនងរវាងទីក្រុងមូស្គូនិងវ៉ាស៊ីនតោន នឹងជាផលប្រយោជន៍របស់ប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា មេដឹកនាំទាំងពីរក៏បានពិភាក្សាលើសន្ធិសញ្ញា Open Skies ដែលសហរដ្ឋអាមេរិកដកខ្លួនក្រោមការគ្រប់គ្រងរបស់លោក Trump និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ Joe Biden ឡើងកាន់តំណែងមិនទាន់បានប៉ុន្មានថ្ងៃផង ក្រុងប៉េកាំងប្រកាសធ្វើសមយុទ្ធក្នុងសមុទ្រចិនខាងត្បូង
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


