ព័ត៌មានអន្ដរជាតិ
ទីក្រុងហូជីមិញ ធ្លាក់ភ្លៀងមួយមេជួយឲ្យមេឃត្រជាក់ប្រហែល ៥ នាទី
តំបន់ជាច្រើនក្នុងទីក្រុងហូជីមិញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះមានអារម្មណ៍ត្រជាក់មួយភ្លែត ក្រោយមេឃបង្អុលទឹកភ្លៀងមួយមេក្នុងរយៈពេលប្រហែល ៥ នាទី បន្ទាប់ពីពលរដ្ឋក្នុងទីក្រុងមួយនេះរស់នៅក្រោមរលកកម្ដៅក្នុងកម្រិតបំបែកកំណត់ត្រាលើសពី ៣៥ អង្សាសេ ចាប់តាំងពីចុងខែមីនាមកម្ល៉េះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នៅថ្ងៃទី២ ខែឧសភានេះ ។

ផ្ទៃមេឃនៅផ្នែកជាច្រើននៃទីក្រុងហូជីមិញប្រមូលផ្ដុំទៅដោយពពកខ្មៅខ្មួលខ្មាញ់ ហើយទឹកភ្លៀងចាប់ផ្ដើមបង្អុរធ្លាក់មកលើតំបន់ភាគកណ្ដាលរបស់ទីក្រុងនៅជិតសង្កាត់ទី ៤, សង្កាត់ Binh Thanh, សង្កាត់ Phu Nhuan និងតំបន់ជាយក្រុងក្នុងសង្កាត់ទី ១២ និងសង្កាត់ Hoc Mon ជាដើម ។
ពលរដ្ឋមួយចំនួនដែលធ្វើដំណើរតាមម៉ូតូ និងមិនមានអាវភ្លៀងពាក់ត្រូវបង្ខំចិត្តជិះរកកន្លែងជ្រកនៅក្រោមសំយ៉ាបផ្ទះរហូតដល់មេឃរាំងនៅម៉ោង ៨ ព្រឹក ។ ក្រោយភ្លៀងបង្អុរមួយមេនេះហើយ អាកាសធាតុក្នុងទីក្រុងប្រែជាត្រជាក់ស្រស់ស្រាយ ពោលសីតុណ្ហភាពធ្លាក់ចុះ ៣ ទៅ ៤ អង្សាសេមកនៅត្រឹម ៣០ អង្សាសេ ក្រោយមេឃបើកថ្ងៃចង់ខ្លោចជាច្រើនថ្ងៃកន្លងមកនេះ ។

លោក Le Dinh Quyet ប្រធាននាយកដ្ឋានព្យាករណ៍ឧតុនិយមប្រចាំស្ថានីយជលសាស្ត្រតំបន់ភាគខាងត្បូងបានចេញការសន្មតថា ភ្លៀងធ្លាក់មួយមេរយៈពេលប្រហែល ៥ នាទីនេះអាចជាការប្រែប្រួលបរិយាកាស ។ យ៉ាងណាក៏ទឹកភ្លៀងបានជួយសម្រាលការព្រួសកម្ដៅបន្តិចផងដែរ ប៉ុន្តែមេឃអាចនឹងបើកថ្ងៃមកវិញនៅពេលថ្ងៃត្រង់ និងអាចមានសីតុណ្ហភាព ៣៩ អង្សាសេ ។
ស្របពេលជាមួយគ្នានេះ ភ្នាក់ងារឧតុនិយមក៏បានឲ្យដឹងដែរថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែឧសភា វៀតណាមក៏នឹងមានភ្លៀងធ្លាក់បន្ថែមផងដែរ ប៉ុន្តែភ្នាក់ងារឧតុនិយមបានណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខុសរដូវទាំងនេះ ដោយសារទឹកភ្លៀងធ្លាក់ថ្មីៗនេះផ្ទុកទៅដោយអាស៊ីត បើទោះបីជាវាជួយកាន់បន្ថយកម្ដៅក៏ដោយ ។

ក្នុងរយៈពេល ៤ ខែកន្លងមកនេះ តំបន់ទាំងមូលបានប្រឈមមុខនឹងអាកាសធាតុក្ដៅចង់ឆេះ ដោយសារតែបាតុភូត El Nino ទើបទាញឲ្យមេឃលែងបង្អុរទឹកភ្លៀងនៅក្នុងតំបន់ទូទាំងប្រទេសវៀតណាម ជាពិសេសតំបន់ខ្ពង់រាបកណ្តាល និងតំបន់ភាគខាងត្បូង ។
ទោះយ៉ាងណា កាលពីមួយសប្តាហ៍មុន នៅតំបន់ដីសណ្តទន្លេមេគង្គមួយចំនួនដូចជា Can Tho, Hau Giang, Tien Giang និង Kien Giang ក៏មានភ្លៀងធ្លាក់មួយមេផងដែរ ដោយជួយចាក់បំពេញដល់ប្រព័ន្ធធារាសាស្រ្តសម្រាប់តំបន់ដំណាំស្រូវ និងផ្លែឈើជាច្រើនឲ្យមានដង្ហើមដកឡើងវិញ បន្ទាប់ពីស្ងួតហួតហែងមួយរយៈពេលធំ ខណៈតំបន់មួយចំនួននៅតំបន់ខ្ពង់រាបភាគកណ្តាលក៏បានជួបប្រទះនូវភ្លៀងធ្លាក់រាយប៉ាយនាពេលថ្មីៗនេះផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ នៅ បាងកក មេឃបើកថ្ងៃចង់ឆេះ សីតុណ្ហភាពឡើងដល់ ៥២ អង្សាសេ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


