Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត ទ្វីបអាហ្វ្រិក ទទួលបានអាវុធ ប្រយុទ្ធជាមួយជំងឺ mpox

បានផុស

នៅ

ទីបំផុត នីហ្សេរីយ៉ា បានក្លាយជាប្រទេសដំបូងគេនៅទ្វីបអាហ្វ្រិក ដែលទទួលបានវ៉ាក់សាំង mpox ចំនួន ១ម៉ឺនដូសបរិច្ចាគដោយសហរដ្ឋអាមេរិក ហើយនេះជាអាវុធដើម្បីប្រយុទ្ធជាមួយជំងឺ ដែលកំពុងវាយលុកនៅក្នុងប្រទេសមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ WHO)

តាមការចុះផ្សាយរបស់ Anadolu កាលពីថ្ងៃពុធទី២៨ខែសីហាឆ្នាំ២០២៤, នេះជាវ៉ាក់សាំង Jynneos (MVA) ផលិតដោយក្រុមហ៊ុនឱសថ Bavarian Nordic ហើយអង្គការសុខភាពពិភពលោក (WHO) ក៏បានកោតសរសើរដែរថា នេះពិតបង្ហាញពីសាមគ្គីភាពអន្តរជាតិ ស្របពេលសកលលោកប្រឈមមុខនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈ។

តាមការបញ្ជាក់ពីមន្ត្រីសុខាភិបាលនីហ្សេរីយ៉ា, វ៉ាក់សាំងទាំងនេះនឹងយកទៅចាក់នៅរដ្ឋចំនួន៥ ដែលកំពុងផ្ទុះករណីឆ្លងជំងឺ mpox ច្រើនបំផុត។

គិតត្រឹមថ្ងៃទី១០ខែសីហាឆ្នាំ២០២៤ នីហ្សេរីយ៉ា បានកត់ត្រាការឆ្លង mpox ចំនួន៧៨៦ករណី ប៉ុន្តែមិនទាន់មានអ្នកស្លាប់ទេ ខណៈបើគិតនៅទូទាំងប្រទេសចំនួន១២ក្នុងទ្វីបអាហ្វ្រិកវិញ គេរកឃើញការឆ្លង ១៥ ០០០ករណីទៅហើយ។

(រូបថត៖ Getty)

កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤ WHO បានប្រកាសថា mpox ឬមានឈ្មោះដើម Monkeypox គឺភាពអាសន្នសុខភាពពិភពលោកដែលត្រូវព្រួយបារម្ភជាអន្តរជាតិ និងអំពាវនាវឲ្យប្រទេសនានា ចាត់វិធានការដោះស្រាយជាបន្ទាន់។

តាមពិតទៅ mpox បានរាតត្បាតនៅទ្វីបអាហ្វ្រិករាប់ឆ្នាំមកហើយ ប៉ុន្តែទើបតែថ្មីៗនេះទេ ដែលវាលេចចេញពូជគ្រោះថ្នាក់ Clade 1B ទើបធ្វើឲ្យពិភពលោកព្រួយបារម្ភខ្លាំង។

សម្រាប់រោគសញ្ញា, mpox បណ្តាលឲ្យកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែរ។ រោគសញ្ញាផ្សេងទៀតមានដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ៣ប្រទេស ប្រកាសបរិច្ចាគវ៉ាក់សាំង mpox រាប់ម៉ឺនដូស ឲ្យអាហ្វ្រិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម