ព័ត៌មានអន្ដរជាតិ
ក្រោយជជែកជាមួយពូទីន លោក ត្រាំ ប្រកាសថា រុស្ស៊ី-អ៊ុយក្រែននឹងចាប់ផ្ដើមកិច្ចចរចាបទឈប់បាញ់ភ្លាមៗ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រុស្ស៊ី និងអ៊ុយក្រែននឹងចាប់ផ្តើមការចរចាបទឈប់បាញ់ភ្លាមៗ បន្ទាប់ពីការសន្ទនាតាមទូរសព្ទរយៈពេលជាងពីរម៉ោងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៥។ ការពិភាក្សានេះ បង្ហាញពីចំណុចរបត់ដ៏មានសក្តានុពលនៅក្នុងជម្លោះដែលកំពុងបន្ត បើទោះបីជាបញ្ហាប្រឈមជាច្រើននៅតែមាន។

លោក ត្រាំ ចាត់ទុកការហៅទូរសព្ទលើកនេះថាទទួលបានផ្លែផ្កាល្អ ដោយបញ្ជាក់ថា មេដឹកនាំទាំងពីរបានយល់ព្រមការផ្តួចផ្តើមកិច្ចចរចាក្នុងគោលបំណងដើម្បីសម្រេចបាននូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយ។ លោកបានស្នើបុរីវ៉ាទីកង់ជាកន្លែងដ៏សក្ដិសមសម្រាប់ការចរចា ដោយមានសម្តេចប៉ាប Leo XIV ស្ម័គ្រចូលរួមសម្រួលដល់កិច្ចពិភាក្សា។
លោក ត្រាំ បានលើកឡើងថា «រុស្ស៊ី និងអ៊ុយក្រែននឹងចាប់ផ្តើមការចរចាភ្លាមៗឆ្ពោះទៅរកបទឈប់បាញ់ ហើយសំខាន់ជាងនេះទៅទៀត ការបញ្ចប់សង្រ្គាម។ ដំណើរការខ្លះៗកំពុងត្រូវបានបង្កើតឡើងហើយ»។
លោក ពូទីន បានបង្ហាញពីឆន្ទៈក្នុងការចូលរួមក្នុងកិច្ចសន្ទនា ប៉ុន្តែបានសង្កត់ធ្ងន់ថា បទឈប់បាញ់ណាមួយនឹងត្រូវជាប់ទាក់ទងនឹងការដោះស្រាយ«បញ្ហាឫសគល់» នៃជម្លោះ។ លោកបានគូសបញ្ជាក់ពីលក្ខខណ្ឌជាច្រើនសម្រាប់សន្តិភាពយូរអង្វែង រួមទាំងការរារាំងជាដាច់ខាតមិនឲ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ ការដកកងទ័ពអ៊ុយក្រែនចេញពីតំបន់ដែលកំពុងមានជម្លោះ ការស្តារឡើងវិញនូវការអប់រំជាភាសារុស្ស៊ីលើទឹកដីអ៊ុយក្រែន និងការដកទណ្ឌកម្មរបស់លោកខាងលិច។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានឆ្លើយតបដោយបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនរបស់អ៊ុយក្រែន សម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ និងបានអំពាវនាវឲ្យមានការបង្កើនសម្ពាធអន្តរជាតិលើប្រទេសរុស្ស៊ីឲ្យចូលរួមក្នុងការចរចាដោយស្មោះត្រង់។ លោកបានស្នើថា ការពិភាក្សានៅពេលអនាគតអាចត្រូវបានរៀបចំនៅទីតាំងអព្យាក្រឹត ដូចជា បុរីវ៉ាទីកង់ ស្វីស ឬតួកគី។
លោក ហ្សេលេនស្គី បាននិយាយថា «ប្រសិនបើរុស្ស៊ីមិនព្រមបញ្ឈប់ការសម្លាប់ បដិសេធដោះលែងអ្នកទោសសង្គ្រាម និងចំណាប់ខ្មាំង ប្រសិនបើលោកពូទីន ធ្វើការទាមទារដែលមិនប្រាកដប្រជា នេះនឹងមានន័យថារុស្ស៊ីបន្តបញ្ឆេះភ្លើងសង្រ្គាម ហើយសមនឹងទទួលបានការដែលអឺរ៉ុប អាមេរិក និងពិភពលោកធ្វើសកម្មភាពចាត់វិធានការតបត រួមទាំងការដាក់ទណ្ឌកម្មបន្ថែមទៀត។ រុស្ស៊ីត្រូវតែបញ្ចប់សង្រ្គាមដែលខ្លួនបានចាប់ផ្តើម ហើយរុស្ស៊ីអាចចាប់ផ្តើមធ្វើដូច្នេះនៅថ្ងៃណាក៏បានដែរ។ អ៊ុយក្រែនតែងតែត្រៀមខ្លួនសម្រាប់សន្តិភាព»៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


