ព័ត៌មានអន្ដរជាតិ
អាស៊ាន ប្រទេសឈូងសមុទ្រពែរ្ស និង ចិន បើកកិច្ចប្រជុំកំពូលដ៏សំខាន់ ចំពេលសង្គ្រាមពន្ធគយជាមួយអាមេរិក
ប្លុកអាស៊ានដែលជាសមាគមប្រជាជាតិនៅអាស៊ីអាគ្នេយ៍ បានបើកកិច្ចប្រជុំកំពូលត្រីភាគីជាប្រវត្តិសាស្ត្រកាលពីថ្ងៃអង្គារជាមួយប្រទេសចិន និងប្រទេសក្នុងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែរ្ស (GCC) ក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងពង្រឹងភាពធន់ ចំពេលមានការកើនឡើងនូវភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកលដែលបណ្តាលមកពីការគំរាមកំហែងពន្ធរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី២៨ខែឧសភានេះ។

កិច្ចប្រជុំកំពូលនេះបានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលប្រមូលផ្តុំមេដឹកនាំមកពីប្រទេសអាស៊ានទាំង១០ នាយករដ្ឋមន្ត្រីចិន និងមេដឹកនាំ ប្រទេស GCC ដែលសម្បូរប្រេងចំនួន៦ប្រទេស។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះបានសាទរចំពោះកិច្ចប្រជុំនេះថាជា «ជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការ» ដោយសង្កត់ធ្ងន់លើផលិតផលក្នុងស្រុកសរុប២៥ពាន់ពាន់លានដុល្លារ និងទីផ្សារនៃប្រជាជនជាង២ ពាន់លាននាក់ក្នុងតំបន់ទាំងបី។
នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានបន្ទរពីមនោសញ្ចេតនានេះ ដោយសន្យាថា នឹងមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែរឹងមាំ។ ប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មកំពូលរបស់អាស៊ានមើលឃើញថា GCC មានសារៈសំខាន់សម្រាប់ការនាំចូលថាមពល ដោយជាងមួយភាគបីនៃប្រេងឆៅរបស់ចិនបាននាំចូលមកពីបណ្តាញប្រទេសឈូងសមុទ្រនេះ។ ក្រោយមក លោក អាន់វ៉ា បានបង្ហើបថា អាស៊ាន និង GCC គ្រោងនឹងចាប់ផ្តើមកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏មានសក្តានុពលមួយ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះកើតឡើងនៅពេលដែលការគំរាមកំហែងពន្ធគយនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលប៉ះពាល់ដល់ប្រទេសអាស៊ានចំនួនប្រាំមួយដែលមានអត្រាខ្ពស់ដល់ទៅ ៤៩% បានធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់មានភាពតានតឹង។ ខណៈពេលដែលការព្យួររយៈពេល ៩០ថ្ងៃលើពន្ធគយ និងការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មជាមួយប្រទេសចិនផ្តល់នូវការធូរស្រាលបណ្តោះអាសន្ន ប៉ុន្តែវាទាមទារឱ្យអាស៊ានធ្វើពិពិធកម្មភាពជាដៃគូសេដ្ឋកិច្ចយ៉ាងសកម្មជាងមុន។
អ្នកវិភាគនិងជាអ្នកអត្ថាធិប្បាយផ្នែកសន្តិសុខ និងកិច្ចការពិភពលោក លោក Collins Chong Yew Keat បានកត់សម្គាល់ថា កិច្ចប្រជុំកំពូលនេះ បង្ហាញពីការជំរុញរបស់ប្រទេសចិន ក្នុងការទទួលបានការគាំទ្រ ចំពេលមានការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ខណៈដែលអាស៊ាន ធ្វើឱ្យមានតុល្យភាពទំនាក់ទំនងរវាងមហាអំណាចទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងនៅតែមានលើការទាមទារដ៏ធំធេងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ដែលសមាជិកអាស៊ានមួយចំនួនបដិសេដ។
ទោះបីជាមានទំនាក់ទំនងកាន់តែកើនឡើងជាមួយប្រទេសចិនក៏ដោយ ក៏លោក អាន់វ៉ា បានបញ្ជាក់ជាថ្មីអំពីអព្យាក្រឹតភាពរបស់អាស៊ានថា «ខ្ញុំមិនគិតថា អាស៊ានមានភាពលំអៀងក្នុងផ្លូវណាមួយទេ យើងធ្វើការជាមួយទាំងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន»។
ទាក់ទងនឹងកិច្ចប្រជុំនេះផងដែរ ស្តេចស៊ុលតង់ Hassanal Bolkiah របស់ប្រទេសប្រ៊ុយណេ បានខកខានមិនបានចូលរួមកិច្ចដោយសារតែបញ្ហាសុខភាព និងកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យទីក្រុងគូឡាឡាំពួ ប៉ុន្តែស្ថិតក្នុងស្ថានភាពល្អប្រសើរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


