Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអារ៉ាប់និងមូស្លីមចំនួន២០ រួមគ្នាថ្កោលទោស អ៊ីស្រាអែល ដែលវាយអ៊ីរ៉ង់

បានផុស

នៅ

ប្រទេសអារ៉ាប់និងមូស្លីមចំនួន២០ បានរួមគ្នាថ្កោលទោសអ៊ីស្រាអែល ចំពោះការវាយប្រហារលើអ៊ីរ៉ង់ ហើយបានអំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីថ្លែងការណ៍រួមនោះ រដ្ឋមន្ត្រីការបរទេសមកពីប្រទេសអេហ្ស៊ីប ហ្ស៊កដានី ប៉ាគីស្ថាន បារ៉ែន ព្រុយណេ តួកគី ឆាដ អាល់ហ្សេរី កូម័រ អារ៉ាប់រួម ជីប៊ូទី អារ៉ាប៊ីសាអូឌីត ស៊ូដង់ សូម៉ាលី អ៊ីរ៉ាក់ អូម៉ង់ កាតា គុយវ៉ែត លីប៊ី និងម៉ូរីតានី បានបង្ហាញក្តីបារម្ភជាពន់ពេក ជុំវិញគ្រោះថ្នាក់ក្នុងតំបន់ដោយសារការរីករាលដាលនៃជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់។

តាមសេចក្តីថ្លែងការណ៍ខាងលើ រដ្ឋមន្ត្រីទាំងអស់បានអះអាងពីភាពចាំបាច់ក្នុងការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋ និងគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ដោយជំរុញឲ្យភាគីទាំងអស់ដោះស្រាយជម្លោះដោយសន្តិវិធី។ រដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបង្កើតមជ្ឈិមបូព៌ាដោយគ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកផ្សេងទៀតផងដែរ ហើយជំរុញឲ្យប្រទេសនានា យល់ព្រមលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

(រូបថត៖ Kurdistan24)

សេចក្តីថ្លែងការណ៍នេះបានចេញស្របពេលជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ ឈានដល់ថ្ងៃទី៥ ដោយការបាញ់ដាក់គ្នាបានសម្លាប់មនុស្សទាំងសងខាង។ តួលេខគិតត្រឹមថ្ងៃអង្គារ អ៊ីស្រាអែល ស្លាប់មនុស្ស២៤នាក់ ចំណែកអ៊ីរ៉ង់ ស្លាប់២២៤នាក់ ក្នុងនោះរួមមានទាំងមេទ័ពនិងមន្ត្រីកំពូល ក៏ដូចជាអ្នកវិទ្យាសាស្រ្តល្បីៗផងដែរ។

អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Risisng Lion» កាលពីថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ដោយបាញ់មីស៊ីលលើទីក្រុងតេហេរ៉ង់យ៉ាងភ្ញាក់ផ្អើលជាទីបំផុត។ 

ជុំវិញប្រតិបត្តិការនេះ ប្រធានាធិបតី​អ៊ីស្រាអែល Isaac Herzog បានបញ្ជាក់ក្នុងបទសម្ភាសជាមួយ Sky News ​ថា ប្រទេសរបស់លោកគ្មាន​ជម្រើស​ផ្សេងក្រៅ​ពី​វាយ​អ៊ីរ៉ង់ឡើយ ព្រោះអ៊ីរ៉ង់កំពុង​ស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផលិតបាន​គ្រាប់បែក​នុយក្លេអ៊ែរហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតី​អ៊ីរ៉ង់ Masoud Pezeshkian បានចេញមុខ​អះអាង​សាជាថ្មី​​ថា សាធារណរដ្ឋឥស្លាម​​របស់​លោក ​គ្មានចេតនាក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ​អ្វី​នោះទេ ក្រៅ​តែ​ពី​គោល​បំណង​សម្រាប់​បម្រើ​ជា​​ថាមពល​ស៊ីវិលប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​ក្រុម​មេដឹកនាំ​ G7​ គាំទ្រ​អ៊ីស្រាអែល​ក្នុងការវាយប្រហារ​​អ៊ីរ៉ង់​ ចាត់ទុក​ជា​«ការការពារខ្លួន​»​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម