Connect with us

ព័ត៌មានអន្ដរជាតិ

អតីតមេក្រុមអាវក្រហម ប្រកាសធ្វើបាតុកម្មប្រឆាំងលោកស្រី ផែថងថាន នៅចុងខែនេះ

បានផុស

នៅ

អតីតមេដឹកនាំក្រុមអាវក្រហមថៃ Jatuporn Prompan បានប្រកាសពីការធ្វើបាតុកម្មធំមួយនៅថ្ងៃទី២៨ខែមិថុនាខាងមុខនេះ ដើម្បីប្រឆាំងទៅនឹងភាពកម្សោយរបស់រដ្ឋាភិបាល ផែថងថាន ស៊ីណាវ៉ាត្រ ក្រោយការបែកធ្លាយសំឡេងសន្ទនារវាងលោកស្រីនិងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

អតីតមេដឹកនាំក្រុមអាវក្រហមថៃ Jatuporn Prompan (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jatuporn បានបញ្ជាក់ពីរឿងនេះក្នុងសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារ Rattanakosin នាព្រឹកថ្ងៃសុក្រទី២០ខែមិថុនាឆ្នាំ២០២៥ ក្នុងគោលបំណងដាក់សម្ពាធឲ្យលោកស្រី ផែថងថាន ចុះចេញពីតំណែង។

សម្រាប់បាតុកម្មនេះ បើយោងតាមលោក Jatuporn, គឺនឹងធ្វើឡើងនៅវិមានជ័យជម្នះ ក្នុងខ័ណ្ឌ Ratchathewi រាជធានីបាងកក ចាប់ពីម៉ោង៤រសៀល ដល់ម៉ោង៩យប់ ដើម្បីបង្ហាញអំណាចរបស់ប្រជាជនថៃ ក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេសខ្លួន។

រឿងនេះកើតឡើងបន្ទាប់ពី ​គណបក្ស​​សំខាន់​​ធំ២​​ រួម​មាន «ថៃ​រួបរួម​ជាតិ» និង​ «​ប្រជាធិបតេយ្យ» ដែលមានអាសនៈសភា​សរុប​ ៦១​​កៅអី​ ក្នុងរដ្ឋាភិបាល​ចម្រុះ​​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃបច្ចុប្បន្ន​ ​បាន​ប្រជុំបន្ទាន់​​ក្នុងគណបក្ស​របស់​ពួកគេ​រៀងៗខ្លួន ដោយ​បង្ហាញ​ជំហរ​មិន​គាំទ្រ​​​​​​លើ​នាយករដ្ឋមន្ត្រី ផែថង​ថាន​ ឲ្យ​បន្ត​ដំណែង​​​​ទៀត​នោះទេ​។

បាតុកម្មនៅថៃ (រូបថត៖ Reuters)

ដោយឡែក ​​​លោក Paradorn Prissananantakul អនុប្រធាន​​ទី​​២​​រដ្ឋសភាថៃ​ មក​ពី​គណបក្ស Bhumjaithai ​ក៏ប្រកាសលាលែងពីតំណែង​ដែរកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីគណបក្សរបស់លោកបានប្រកាសដកខ្លួនចេញពីក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃ។

សូមជម្រាបថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលគេធ្លាប់ចាត់ទុកថា​ជា​តារា​រះ​ក្នុង​នយោបាយ​ថៃ​ឥឡូវ​កំពុង​រង​សម្ពាធ ខណៈប្រជាប្រិយភាពរបស់លោកស្រីក៏ធ្លាក់ចុះ ហើយគណបក្សនយោបាយមួយចំនួននៅក្នុងសម្ព័ន្ធរបស់លោកស្រីកំពុងចាកចេញ ដែលធ្វើឲ្យរដ្ឋាភិបាលរបស់លោកស្រីចុះខ្សោយ។

សូមជម្រាប លោកស្រី ផែថងថាន បានចូលកាន់តំណែងក្នុងឆ្នាំ ២០២៤ ដោយមានការគាំទ្រពីសាធារណៈជនខ្លាំង ព្រោះតែការជំរុញកំណើនសេដ្ឋកិច្ចយ៉ាងដិតដល់ ដូចជាគម្រោង Digital Wallet ដល់អ្នកមានចំណូលទាបជាដើម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​គណបក្ស​​​​ក្នុងរដ្ឋាភិបាលចម្រុះ​ថៃ​ ទាមទារ​ការ​កំណែទម្រង់​ ខណៈរដ្ឋាភិបាល​ជួបវិបត្តិ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម