Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ជម្លៀស​មនុស្ស ៨២ ០០០​នាក់នៅ​ប៉េកាំង ព្រោះ​ទឹក​ជំនន់ និង​ភ្លៀងធ្លាក់ខ្លាំង

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃចន្ទ​ទី​៤​ខែ​សីហា​ឆ្នាំ​២០២៥​ថា មនុស្ស​ជាង ៨២ ០០០នាក់​នៅ​ទីក្រុង​ប៉េកាំង​ត្រូវបានជម្លៀស​ខ្លួន​ចេញ​ទៅ​រក​កន្លែង​សុវត្ថិភាព​ ខណៈដែលភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតែបន្តគំរាមកំហែងដល់រដ្ឋធានី​មួយ​នេះ​របស់ប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Reuters)

យោងតាមសារព័ត៌មាន Xinhua ប្រជាជន​មកពីសង្កាត់​ជាច្រើនត្រូវបានផ្លាស់​ទៅកាន់តំបន់មានសុវត្ថិភាព ចំពេលមានភ្លៀងធ្លាក់ខ្លាំង។ ទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់របស់ប៉េកាំង បានបញ្ជាក់ពីការជម្លៀស ហើយបាននិយាយថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅថ្ងៃអង្គារ​នេះ។

អាជ្ញាធរបានបិទតំបន់ទេសចរណ៍ចំនួន២០១ ផ្ទះ​សំណាក់សណ្ឋាគារ​ចំនួន​៣ ៤៨០ កន្លែងបោះ​តង់ចំនួន​២៤៥ និង​ផ្អាក​ការងារនៅ​ការដ្ឋាន​សំណង់ជាង៣ ២០០​កន្លែងនៅទូទាំងទីក្រុងប៉េកាំង។

ចិន​បាន​ដាក់​ការ​ប្រកាស​អាសន្ន​នៅ​កម្រិត​​ពណ៌​ក្រហម ដែល​ជា​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រព័ន្ធ​ព្រមាន​អាកាសធាតុ​​ទាំង​៤​ថ្នាក់​​​​​របស់​ខ្លួន​ ដោយ​មាន​ការ​ព្យាករ​​ពី​​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​ចាប់​ពី​​រសៀល​ថ្ងៃ​ចន្ទ​ដល់​ព្រឹក​ថ្ងៃ​អង្គារ។ ការឆ្លើយតបទឹកជំនន់បន្ទាន់​ក៏​ត្រូវបានលើកឡើងដល់កម្រិតខ្ពស់បំផុត​ផង​ដែរ ជា​ពិសេស​សម្រាប់​សង្កាត់​ Miyun , Fangshan, Mentougou និង Huairou។

អាជ្ញាធរ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​​ស្នាក់នៅ​ក្នុងផ្ទះ ចៀសវាង​ផ្លូវ​លិច​ទឹក និង​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​តំបន់​ភ្នំ-​ទន្លេ ដែល​ងាយ​នឹង​មាន​ការ​បាក់​ដី និង​ទឹកជំនន់​ភ្លាមៗ​។

ខ្យល់ព្យុះកាលពីសប្តាហ៍មុន បានធ្វើ​ឲ្យ​មនុស្សយ៉ាងតិច ៤៤​នាក់បានស្លាប់ ប៉ះពាល់ដល់អ្នកស្រុកជាង៣០០ ០០០​នាក់ និងខូចខាត​ផ្ទះ​សម្បែង​ប្រហែល២៤ ០០០​ខ្នង៕

(រូបថត៖ AP)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម