Connect with us

ព័ត៌មានអន្ដរជាតិ

​លោក Macron តែងតាំង​រដ្ឋមន្ត្រី​ការពារជាតិ​​ជា​នាយករដ្ឋមន្ត្រី​ថ្មី

បានផុស

នៅ

ប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃអង្គារ​ទី​៩ខែ​កញ្ញា​បានតែងតាំងរដ្ឋមន្ត្រីការពារជាតិ Sébastien Lecornu ជានាយករដ្ឋមន្ត្រីថ្មី ដោយណែនាំគាត់​ឲ្យ​ត្រូវ​ស្វែងរកការឯកភាពគ្នាយ៉ាងឆាប់រហ័សលើកញ្ចប់​ថវិកាជាតិ ខណៈដែល​ប្រទេស​​បារាំងកំពុង​ប្រឈមនឹងបំណុលកើនឡើង ភាពចលាចលសង្គម និងវិបត្តិអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Sébastien Lecornu (រូបថត៖ AP)

លោក Lecornu វ័យ៣៩ឆ្នាំ ក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុតរបស់ប្រទេសបារាំងក្នុងប្រវត្តិសាស្ត្រទំនើប និងជានាយករដ្ឋមន្ត្រីទី​៤​ ដែលបម្រើការក្រោមការដឹកនាំរបស់លោក Macron ក្នុងរយៈពេលត្រឹមតែជាង១​ឆ្នាំ ដោយបានគូសបញ្ជាក់ពីការប្រែប្រួលនយោបាយ​ដ៏​វឹកវរ​ក្រោម​ការ​គ្រប់គ្រងអាណត្តិទីពីររបស់​លោកប្រធានាធិបតី Macron។ ជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់លោក Macron លោក Lecornu បានក្លាយជារដ្ឋមន្ត្រីការពារជាតិតាំងពីឆ្នាំ​២០២២ និងជាស្ថាបត្យករនៃគម្រោង​​​សាងសង់​យោធា​រហូត​ដល់​ឆ្នាំ​២០៣០​ ដែល​មាន​តម្លៃ ៤១៣​ពាន់លានអឺរ៉ូ (៤៣៥​ពាន់លានដុល្លារ) ដែល​គម្រោង​នេះត្រូវ​បាន​ជំរុញដោយ​បញ្ហា​សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ធ្លាប់​ជា​អតីតអ្នកអភិរក្សដែលបានចូលរួមជាមួយចលនាកណ្តាលរបស់​លោក Macron ក្នុងឆ្នាំ​២០១៧, លោក Lecornu បានសាងកេរ្តិ៍ឈ្មោះជាអ្នកចរចាប្រកបដោយប្រសិទ្ធភាព។ លោក​បានជួយដឹកនាំ «ការជជែកដេញដោល​ដ៏អស្ចារ្យ» របស់​លោក Macron ជាមួយពលរដ្ឋក្នុងអំឡុងពេលបាតុកម្ម Yellow Vest ហើយពីមុនធ្លាប់ធ្វើជារដ្ឋមន្ត្រីទំនាក់ទំនង​ក្រៅប្រទេស ជាកន្លែងដែលលោក​បានផ្តល់ការពិភាក្សាស្តីពីស្វ័យភាពដល់​តំបន់ Guadeloupe ចំពេលមានចលាចលហិង្សានៅឆ្នាំ​២០២១។

ការឡើងតំណែង​យ៉ាងឆាប់រហ័ស​នេះ កើតឡើងបន្ទាប់ពីអតីត​នាយករដ្ឋមន្រ្តី François Bayrou និងរដ្ឋាភិបាលសំឡេង​ភាគតិចរបស់លោក ត្រូវបានផ្តួលរំលំកាលពីថ្ងៃចន្ទ​នៅក្នុងការបោះឆ្នោត​ផ្ដល់​ទំនុកចិត្តរបស់សភាលើវិធានការកាត់បន្ថយថវិកា​ជាតិ។ លោក Bayrou ដែលមាន​វ័យ​​៧៤​ឆ្នាំ បានជជែកតវ៉ាអំពីការកាត់បន្ថយការចំណាយចំនួន ៤៤ពាន់លានអឺរ៉ូ ដើម្បីទប់ស្កាត់​ឱនភាព និងបំណុលសាធារណៈរបស់ប្រទេសបារាំង ប៉ុន្តែសមាជិកសភាទាំង​មក​ពី​​គណបក្ស​ស្តាំ​ជ្រុល​និយម​ និង​គណបក្ស​​ឆ្វេង​ជ្រុល​និយមបានរួបរួមគ្នាប្រឆាំងនឹងលោក។ សម្ព័ន្ធទាំង២​បានប្រឆាំងនឹងរដ្ឋបាលរបស់ប្រធានាធិបតី Emmanuel Macron ជាយូរណាស់​មកហើយ។

បារាំង​កំពុង​ប្រឈមមុខនឹងអស្ថិរភាពនយោបាយជាបន្ត​បន្ទាប់ ខណៈដែលរដ្ឋាភិបាលថ្មីរបស់​លោក Macron ក៏​នឹងត្រូវ​ជួប​ប្រទះ​​បញ្ហា​ដូចគ្នានៅ​ក្នុងការអនុម័តកញ្ចប់​ថវិកាជាតិ​តាមរយៈសភាដែលសំឡេង​បក្ស​ប្រឆាំង​​មាន​ចំនួន​ច្រើន​ជាង៕

ដោយ៖ ឈាង

ចុចអាន៖ នាយក​រដ្ឋមន្ត្រី​បារាំង Bayrou ត្រូវ​បាន​បណ្តេញ​ចេញ​ ក្រោយ​ចាញ់​ឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម