KPT+
មកស្គាល់នំ៦មុខដែលពេញនិយមបំផុតនៅរមណីយដ្ឋានភ្នំឧដុង្គ
ភ្ញៀវទេសចរដែលតែងតែនិយមចូលចិត្តទៅកម្សាន្តនៅរមណីយដ្ឋានភ្នំឧដុង្គ ច្បាស់ជាស្គាល់ និងធ្លាប់ឃើញនូវនំ៦មុខខាងក្រោមនេះ ដែលធ្វើលក់ត្រៀបត្រាពីសំណាក់ប្រជាជនរស់នៅតំបន់ជើងភ្នំតែម្តង។«កម្ពុជាថ្មី» នឹងនាំលោកអ្នកទៅស្គាល់នូវនំទាំង៦ប្រភេទនេះ ព្រមទាំងរបៀបធ្វើនំនេះដូចតទៅ៖

នំដែលលក់នៅរមណីយដ្ឋានភ្នំឧដុង្គ មានលក់ត្រៀបត្រា អាចឲ្យគេដឹងនៅពេលដែលឃើញនំទាំងនេះ គឺជានំដែលមានប្រភពពីភ្នំឧដុង្គ ឬ ជាអត្តសញ្ញាណនៃរមណីយដ្ឋាននេះតែម្តង។ នំដែលពេញនិយមបំផុតមានដូចជា នំឃ្មោះ នំចង្កឹះ នំលម្អងចេក នំក្រឡោជី នំផ្កាចន្ទ និងនំសម្បុកចាប។ តើនំប៉ុន្មានប្រភេទនេះ មានរូបមន្តធ្វើបែបណាខ្លះ? តើលក្ខណៈធ្វើនំ នីមួយៗស្មុគស្មាញ ឬទេ?
១.នំឃ្មោះ

នំឃ្មោះ ធ្វើឡើងដោយមានគ្រឿងផ្សំុដូចជា សណ្តែកពណ៌លឿង ដូងដែលកោសរួច ស្ករស អំបិល។ បន្ទាប់ពីមានគ្រឿងទាំងអស់នេះ គឺត្រូវយកសណ្តែកពណ៌លឿងនោះ ទៅចម្អិនឲ្យឆ្អិនជាមុនសិន (កុំឲ្យជ្រាយពេក) រួចហើយគេដាក់គ្រឿងទាំងអស់នេះចូលគ្នានៅក្នុងឆ្នាំងមួយ ដាក់នៅលើចង្រ្កានអូស ឬ ធ្យូង។ ក្រោយពីដាក់រួចរាល់ហើយ គេចាប់ផ្តើមកូរគ្រឿងផ្សំទាំងនោះជាមួយនឹងភ្លើងសមល្មម រហូតទាល់តែគ្រឿងទាំងនោះឆ្អិនចូលគ្នា ក្លាយជាល្បាយមួយហើយ ទើបគេលើកដាក់មួយអន្លើ នៅពេលដែលវាឆ្អិន គេហៅថា ស្នូលនំឃ្មោះ។ នំនេះ ត្រូវការកម្លាំងកូរខ្លាំង ប្រសិនបើធ្វើលក់ ភាគច្រើនគេឲ្យមនុស្សប្រុសជាកូរ។

បន្ទាប់ពីស្នូលនំឃ្មោះឆ្អិន និងត្រជាក់ហើយ គេចាប់ផ្តើមយកស្នូលនោះ មកសូនតូចៗ ទំហំ និងប្រវែងប្រហែលប៉ុនកូនដៃ។ សូនរួច គេយកស្នូលទាំងនោះ ទៅដាក់ហាលថ្ងៃបន្តិច កុំឲ្យស្ងួតពេក ដើម្បីងាយស្រួលនៅពេលលាយជាមួយម្សៅបំពង។ បន្ទាប់ពីស្ងួតហើយ យកស្នូលនំនោះទៅបំណងជាមួយនឹងម្សៅ រួចបានជារូបរាងនំឃ្មោះយ៉ាងឆ្ងាញ់ពិសា។
២.នំចង្កឹះ

គ្រឿងផ្សំរបស់នំចង្កឹះ គឺម្សៅមី ម្សៅដំណើប ខ្ទិះដូង ពងមាន់ ស្ករស និងល្ងខ្មៅ ឬ ល្ងស។ ចំពោះវិធីធ្វើវិញ គេយកគ្រឿងផ្សំទាំងនោះដាក់លាយចូលគ្នា កុំឲ្យជ្រាយពេក រួចហើយចាប់សូនម្សៅនោះ ទំហំប៉ុនចង្កឹះ ប្រវែងអាចខ្លីជាងចង្កឹះបន្តិច។ ក្រោយពីនោះ គេចាប់ផ្តើមយកម្សៅដែលសូនរួច ទៅបំពងនៅក្នុងខ្លាញ់ក្តៅ ជាការស្រច។
៣.នំលម្អងចេក

គ្រឿងផ្សំនៃការធ្វើនំលម្អងចេក មានដូចជា ដូងខ្ចី ល្ង ស្ករត្នោត និងម្សៅដំណើប។ ចំណែក វិធីធ្វើវិញនោះ គឺម្សៅដំណើប ត្រូវលាយជាមួយទឹក រួចសង្កត់ឲ្យស្ងួតទឹក ហើយទុកមួយអន្លើសិន។ ចំពោះដូងខ្ចីវិញ ត្រូវកោសដោយដៃ យកសរសៃវែងៗ បន្ទាប់មកកូរជាមួយស្ករត្នោត និងល្ងឲ្យគ្រឿងបញ្ចូលគ្នា (គេហៅថាស្នូលនំលម្អងចេក)។ នៅពេលដែលចម្អិន គេយកម្សៅដំណើបដែលស្ងួតនោះ មករោយនៅលើខ្ទះក្តៅ បន្ទាប់មកដាក់ស្នូលនំចូលជាការស្រេច។
៤.នំក្រឡោជី

គ្រឿងផ្សំរបស់នំក្រឡោជី មិនខុសប្លែកពីនំលម្អងចេកទេ គ្រាន់តែវិធីធ្វើខុសគ្នាប៉ណ្ណោះ។ វិធីធ្វើនំក្រឡោជី គឺដូងខ្ចីមិនបាច់កោសវែងៗដូចនំលម្អងចេកឡើយ បន្ទាប់មកកូរគ្រឿងទាំងអស់ចូលគ្នាឲ្យឆ្អិន និងស្អិត ទើបលើកដាក់មួយអន្លើ។ បន្ទាប់ពីស្នូលនំត្រជាក់ហើយ គេចាប់ផ្តើមសូនស្នូលនោះមូលៗ តូចល្មម។
ចំពោះម្សៅដំណើបវិញគេត្រូវបែងចែកជាពីរ។ ទី១ ត្រូវលាយជាមួយទឹកឲ្យជាល្បាយល្មម (វិធីធ្វើស្រដៀងវេចនំគម) ទី២ យកម្សៅនោះទៅឆា ដើម្បីទុកប្រឡាក់ជាមួយនំដែលឆ្អិនហើយ។ ក្រោយពីម្សៅដំណើបលាយរួចហើយ គេចាប់ផ្តើមទឹកឲ្យពុះ រួចសូនម្សៅដំណើបជាបន្ទះស្តើង បន្ទាប់ពីនោះ ដាក់ស្នូលដែលសូនរួចចូល រួចហើយដាក់ចូលក្នុងទឹកដែលពុះនោះ នៅពេលឆ្អិនទើបស្រង់ឲ្យត្រជាក់។ ក្រោយពីស្រង់រួច គេចាប់ផ្តើមយកនំក្រឡោជី ទៅប្រឡាក់ជាមួយម្សៅដំណើបដែលឆារួច ជាការស្រេច។
៥.នំផ្កាចន្ទ

នំផ្កាចន្ទមានគ្រឿងផ្សំដូចជា ម្សៅខ្សាយ ម្សៅមី ស្ករស ពងមាន់ ខ្ទិះដូង និងល្ង។ វិធីធ្វើនំនេះ គឺលាយគ្រឿងផ្សំទាំអអស់ចូលគ្នា ឲ្យរាវបន្តិច (កុំរាវខ្លាំងពេក) បន្ទាប់មក ជ្រលក់ម្សៅជាពុម្ពផ្កាចន្ទ នៅលើខ្លាញ់ក្តៅ ក្រោយមកទើបគេលើកនំនោះ ដាក់ក្នុងកូនចានឲ្យវាចេញរាងកោង និងក្បាច់ផ្កាចន្ទ។

៦.នំសម្បុកចាប

គ្រឿងផ្សំរបស់របស់នំសម្បុកចាប មានដូចជា ម្សៅដំណើប ម្សៅខ្សាយ ខ្ទិះដូង ពងមាន់ ស្ករស។ របៀបធ្វើនំសម្បុកចាបវិញ គឺលាយម្សៅ និងគ្រឿងទាំងនោះចូលគ្នា ក៏ប៉ុន្តែកុំឲ្យម្សៅរាវពេក។ រួចហើយយកម្សៅនោះ ទៅដាក់ក្នុងត្រឡោកដែលគេចោះរន្ធតូចៗ យកទៅសម្រក់ក្នុង ខ្លាញ់ក្តៅ ធ្វើជារង្វង់ ដែលមើលទៅដូចជាសម្បុកចាបពិតប្រាកដអញ្ចឹង ដូច្នេះហើយទើបគេដាក់ឈ្មោះថា នំសម្បុកចាប។
យ៉ាងណាមិញ ប្រជាជននៅតំបន់នោះមួយចំនួនធំបានប្រកបរបរលក់នំទាំងនេះតាំងពីយូរលង់ណាស់មកហើយ គឺលក់តជំនាន់ពីដូនតាមកតែម្តង។ ជាពិសេសនារដូវបុណ្យទាន ប្រជាជនអាចរកកម្រៃពីការលក់នំបានច្រើនគួរសម ក៏ប៉ុន្តែក្រៅពី រដូវបុណ្យទាន និងថ្ងៃឈប់សម្រាក មិនមានភ្ញៀវទេសចរទៅលេងរមណីយដ្ឋានភ្នំឧដុង្គ ប្រជាជនមួយចំនួនក៏ធ្វើនំទាំងនេះលក់នៅរាជធានីភ្នំពេញ តាមបណ្តាផ្សារមួយចំនួន ដូចជាផ្សារធំថ្មី ផ្សារអូឫស្សី ផ្សារដើមគរ។ល៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


