ព័ត៌មានជាតិ
កាកបាទក្រហមអន្តរជាតិថាយោធិនខ្មែរ១៨រូបជាប់ឃុំនៅថៃ សុខភាពល្អ បរិភោគអាហារធម្មតា និងសន្យាជំរុញឱ្យមានការដោះលែងមកវិញ
កាកបាទក្រហមអន្តរជាតិ បានអះអាងថា យោធិនកម្ពុជាទាំង១៨រូប ដែលថៃកំពុងឃុំខ្លួន គឺមានសុខភាពល្អ និងបានទទួលទានអាហារប្រចាំថ្ងៃបានធម្មតា ហើយសន្យាថា នឹងជំរុញឱ្យមានការដោះលែងមកវិញអនុសញ្ញាទីក្រុងហ្សឺណែវ។ ជាមួយគ្នាកាកបាទក្រហមអន្តរជាតិ ក៏បាននាំយកសារលិខិតដែលសរសេរដោយយោធិនជាប់ឃុំ មកប្រគល់ជូនកាកបាទក្រហមកម្ពុជាជាលើកទី២ ដើម្បីបន្តយកទៅប្រគល់ជូនក្រុមគ្រួសារនៅតាមបណ្ដាខេត្តដែលកំពុងរងចាំដំណឹង។

ការអះអាង និងប្រគល់សារជូនដំណឹងនេះ ធ្វើឡើងនៅក្នុងជំនួបដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យលោក ចច ម៉ុនតានី ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំភូមិភាគ ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី១៣ ខែតុលា។

កាកបាទក្រហម គឺជាអង្គការអន្តរជាតិតែមួយគត់ ដែលថៃអនុញ្ញាតឱ្យចូលពិនិត្យមើលពីស្ថានភាពរបស់យោធិនកម្ពុជាទាំង១៨រូប ដែលត្រូវពួកគេចាប់ និងបន្តឃុំខ្លួន។ ជាង៧០ថ្ងៃនៃការឃុំខ្លួន កាកបាទក្រហមអន្តរជាតិ បាននាំយកលិខិតដែលសរសេរដោយក្រុមគ្រួសាររបស់យោធិនទាំង១៨រូបនៅកម្ពុជា ទៅប្រគល់ជូនយោធិនជាប់ឃុំនៅថៃដោយផ្ទាល់ និងបាននាំយកលិខិតដែលសរសេរដោយយោធិនជាប់ឃុំ មកប្រគល់ជូនក្រុមគ្រួសារចំនួន២លើក ដែលលើកទី១ គឺកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។

ឆ្លើយតបនឹងសំណួរដែលជាក្ដីបារម្ភរបស់លោកជំទាវ ពេជ ចន្ទមុន្នី ទាក់ទងនឹងសុខទុក្ខរបស់យោធិនកម្ពុជាទាំង១៨រូប, លោក ចច ម៉ុនតានី អះអាងថា ក្នុងពេលដែលលោកបានចុះទៅសួរសុខទុក្ខផ្ទាល់ និងប្រគល់សាររបស់គ្រួសារយុទ្ធជន តាមរយៈកាកបាទក្រហមកម្ពុជាជូនដល់យុទ្ធជនទាំង២លើកនេះ ឃើញថាយោធិនកម្ពុជាទាំង១៨រូប អាចពិសាអាហារ និងសម្រាកបានធម្មតា គ្មានអ្វីខុសប្រក្រតីនោះឡើយ។ តំណាងកាកបាទក្រហមអន្តរជាតិរូបនេះ ប្ដេជ្ញាចំពោះមុខលោកជំទាវពេជ ចន្ទមុន្នីថា ថា នឹងខិតខំប្រឹងប្រែងលើការងារយុទ្ធជនដែលកំពុងស្ថិតនៅក្នុងការឃុំគ្រងរបស់យោធាថៃ ឱ្យមានការដោះលែងមកកម្ពុជាវិញ តាមរយៈការលើកយកនូវអនុសញ្ញាទីក្រុងហ្សឺណែវ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអរគុណកាកបាទក្រហមអន្តរជាតិ ដែលយកចិត្តទុកដាក់ចំពោះយោធិនកម្ពុជាទាំង១៨រូបដែលជាប់ឃុំខ្លួន ជាពិសេសបាននាំយកសារលិខិតរបស់គ្រួសារយុទ្ធជននៅកម្ពុជា យកទៅជូនដល់ដៃយោធិនទាំង១៨នាក់ ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ និងបាននាំសារលិខិតពីយោធិនជាបឃុំ មកប្រគល់ជូនគ្រួសារនៅកម្ពុជា ដែលនេះជាដំណឹងដ៏មានតម្លៃមហាសាលសម្រាប់ក្រុមគ្រួសារក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលទន្ទឹងរង់ចាំដំណឹងពិតប្រាកដពីយោធិនជាប់ឃុំ។

ជុំវិញពេលវេលានៃការប្រគល់យោធិនមកឱ្យកម្ពុជាវិញ តំណាងអចិន្ត្រៃយ៍របស់ថៃប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់កាលពីថ្ងៃទី៨ ខែតុលា ថា ថៃនឹងមិនប្រគល់យោធិនទាំង ១៨នាក់ មកឱ្យកម្ពុជាវិញឡើយ បើជម្លោះព្រំដែនប្រទេសទាំងពីរ មិនទាន់ចប់ជាផ្លូវការ។
គួរគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែតុលា គឺមានរយៈពេល៧៧ ថ្ងៃហើយ យោធិនកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ រដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យភាគីថៃ ដោះលែងយោធិនទាំងអស់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យយោធិនទាំងនោះបានមកជួបជុំក្រុមគ្រួសាររ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ អះអាងថា មិនដែលបោះបង់កងកម្លាំងរកម្ពុជាណាម្នាក់ចោលឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


