ព័ត៌មានជាតិ
ព្រលានយន្តហោះថ្មីសម្ពោធជាផ្លូវការ សម្ដេចធិបតី ថា ព្រលានពោធិ៍ចិនតុងនឹងត្រូវអភិវឌ្ឍជាសួនសាធារណៈ
អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមកជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។ បើទោះជាកម្ពុជាមានអាកាសយានដ្ឋានថ្មីក៏ដោយ ក៏រដ្ឋាភិបាលមិនមានផែនការលក់អាកាសយានដ្ឋានចាស់ទៅឱ្យឯកជនឡើយ។ សម្ដេចធិបតីថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាទីបម្រុងយន្តហោះចុះចតបន្ទាន់និងជាសួនសាធារណៈ។

ថ្លែងចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលប្រជាជនភាគច្រើនបានស្គាល់ថា ព្រលានយន្តហោះពោធិ៍ចិនតុងនោះ គឺមិនត្រូវបានលក់ទៅឱ្យក្រុមហ៊ុនឯកជនណាមួយឡើយ ពោលគឺនៅតែជាទ្រព្យសម្បត្តិរបស់រដ្ឋ ក្រោមការគ្របគ្រងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ការអះអាងជាថ្មីម្ដងទៀតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺបន្ទាប់ពីមានព័ត៌មានច្រើនពាក់ព័ន្ធទៅនឹងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ រហូតមានមតិខ្លះ ចោទថា ព្រលានយន្តហោះចាស់មួយនេះ ត្រូវបានរាជរដ្ឋាភិបាលលក់ទៅឱ្យក្រុមហ៊ុនឯកជនបាត់ទៅហើយ។ ប៉ុន្តែសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ព្រលានចាស់អត់លក់ទៅណាទេ នៅតែជាអចលនទ្រព្យរបស់រដ្ឋ ការគ្របគ្រងរបស់រដ្ឋ»។
បើតាមសម្ដេចធិបតី ទោះជាអាកាសយានដ្ឋានពោធិ៍ចិនតុង ត្រូវបានបិទទ្វារសម្រាប់ប្រតិបត្តិការហោះហើរក៏ពិតមែន ក៏ប៉ុន្តែរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលជាសេនាធិការរាជរដ្ឋាភិបាល ទទួលបន្ទុកក្នុងការថែទាំអាកាសយានដ្ឋានមួយនេះ ដោយក្នុងមួយឆ្នាំ ត្រូវចំណាយថវិកាខ្ទង់៣លានដុល្លារ។

តែយ៉ាងណា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា មានការលើកយោបល់ និងស្នើសុំនានាក្នុងការចង់យកទីតាំងព្រលានពោធិ៍ចិនតុងនេះ ដើម្បីអភិវឌ្ឍន៍ក្នុងកម្រិតណាមួយពីវិស័យឯកជននោះ ក៏ប៉ុន្តែសំណើទាំងនេះត្រូវបានសម្ដេចបដិសេធមិនទទួលយក។
បដិសេធពីវិស័យឯកជន ពីព្រោះថារាជរដ្ឋាភិបាលកំពុងគិតគូរៀបចំផែនការអភិវឌ្ឍទីតាំងនោះដោយខ្លួនឯងក្នុងគោលដៅបម្រើជាសម្បត្តិសាធារណៈសម្រាប់ប្រជាជនគ្រប់រូបទាំងអស់។ តាមការគូសបញ្ជាក់ឱ្យដឹងពីសម្ដេចធិបតី រាជរដ្ឋាភិបាលនឹងបង្កើតក្រុមការងារអន្តរជាតិក្រសួងមួយ ដើម្បីទទួលបន្ទុកលើការរៀបចំផែនការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងនេះ។ សម្ដេចធិបតីបានទម្លាយឱ្យដឹងថា ជាគោលការណ៍របស់រាជរដ្ឋាភិបាល គឺប្រើក្នុងគោលដៅសំខាន់ៗចំនួន២។

គោលដៅទី១ ដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងគឺទុកជាពីសបម្រុង ដែលមានន័យថា ពីសចុះចតដែលមានស្រាប់ គឺមិនត្រូវបានវាយកម្ទេចចោលឡើយ ពោលគឺទុកប្រើក្នុងករណីមានហានិភ័យបន្ទាន់ណាមួយ ជំនួសឱ្យព្រលានថ្មី។ សម្រាប់គោលដៅទី២ គឺរាជរដ្ឋាភិបាលគ្រោងរៀបចំជាសួនសាធារណៈ ដែលប្រជាពលរដ្ឋអាចប្រើប្រាស់បាន ដែលនេះសម្ដេច ថា ជាគោលដៅធំរបស់រាជរដ្ឋាភិបាលបានគិតទុក។
ដោយឡែក សំណង់អគារ នៅតែជាកម្មសិទ្ធិរបស់រដ្ឋ ក៏ប៉ុន្តែសម្ដេច ថា អាចនឹងបម្រើឱ្យវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីរដ្ឋទទួលបានចំណូលមួយផ្នែក ទុកចិញ្ចឹមព្រលានចាស់នោះ។ ន័យនេះ សម្ដេច បញ្ជាក់ច្បាស់ៗជាថ្មីថា មិនមែនលក់ឱ្យឯកជនឡើយ។ ដោយព្រលានពោធិ៍ចិនតុង ជាព្រលានយន្តហោះប្រវត្តិសាស្ត្រ ក្រោមស្នាមព្រះហស្ថរបស់ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដិនោះ រដ្ឋាភិបាលក៏នឹងរៀបចំជាសារមន្ទីរផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


