ព័ត៌មានជាតិ
កម្ពុជា-ថៃ ឯកភាពសង់បង្គោលព្រំដែនតាមគំរូបង្គោលជំនាន់បារាំង១៥ដើមឡើងវិញ លើទីតាំងដើមដែលបានឯកភាព
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានឯកភាពប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដែលបានឯកភាពគ្នាលើទីតាំងដើម និងបានឯកភាពសាងសង់ឡើងវិញនូវបង្គោលព្រំដែនលិចទឹកចំនួន ៣ នៅទីតាំងដែលភាគីទាំងពីរ នឹងឯកភាពគ្នា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នាស្ដីពីលទ្ធផលនៃកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលផ្សព្វផ្សាយទាំងវេលារំលងអធ្រាត។

កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ជាការជួបប្រជុំគ្នារវាងរដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃកម្ពុជា លោក ឡាំ ជាជាមួយជា ជាមួយទីប្រឹក្សាក្រសួងការបរទេសថៃ លោក Prasas Prasasvinitchai ដែលក្នុងកិច្ចប្រជុំនោះមានទាំងកិច្ចប្រចុំចង្អៀតផង កិច្ចប្រជុំពេញអង្គផង និងកិច្ចប្រជុំផ្ទៃក្នុងរៀងខ្លួនៗផង ដែលធ្វើនៅខេត្តចន្ទបុរី ចាប់ថ្ងៃទី២១ ដល់ទី២២ និងឈានចូលដល់វេលាម៉ោងជាង១រំលងអធ្រាតថ្ងៃទី២៣ ខែតុលាទើបបញ្ចប់ទៅនោះ ត្រូវបានយកមកសរសេរក្នុងសេចក្ដីប្រកាសព័ត៌មានថា« កិច្ចប្រជុំបានធ្វើឡើងក្នុងបរិយាកាសមិត្តភាព និងស្និទ្ធស្នាល»។

បើតាមសេចក្ដីប្រកាសព័ត៌មានរួម គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានឯកភាពពន្លឿនការកែសម្រួលបែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ ទាក់ទងនឹង ការផលិតផែនទីអ័រតូហ្វូតូ (ចំណុចទី ៤ ជំហានទី ២ នៃ TOR ឆ្នាំ ២០០៣) ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា LIDAR (Light Detection and Ranging) ដើម្បីពន្លឿនការងារវាស់វែង និងខណ្ឌសីមាព្រំដែន។

តាមរយៈកិច្ចប្រជុំ កម្ពុជា-ថៃ បានឯកភាព៤ចំណុចពាក់ព័ន្ធនឹងករណីការចុះវាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែងក្នុងកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ 42-47 នៅក្នុងតំបន់ភូមិជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ គឺទី១/ ភាគីទាំងពីរបានឯកភាពពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស (TI) សម្រាប់ការវាស់ វែងរួមគ្នា និងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនអាទិភាពនៅចន្លោះបង្គោលលេខ 42-47។ ទី២/ បន្ទាប់ពីបញ្ចប់ការវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងទទួលបានការយល់ព្រមពី រដ្ឋាភិបាលរៀងខ្លួន ភាគីទាំងពីរនឹងស្នើសុំយោបល់ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីពិនិត្យសម្រេចលើ ការបង្កើតយន្តការសមស្របណាមួយ សម្រាប់ធ្វើការកែសម្រួលការកាន់កាប់និងអាស្រ័យផលរបស់ភាគី ទាំងពីរ។

ទី៣/ ការបោះបង្គោលបណ្តោះអាសន្ន គឺធ្វើឡើងក្នុងគោលបំណងបម្រើឱ្យការវាស់វែងប៉ុណ្ណោះ ដោយមិនត្រូវ ប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ និងទី៤ /ឯកភាពសម្របសម្រួលណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមទាំងកងកម្លាំងយោធា និង ជនស៊ីវិល ដើម្បីចូលរួមធានាសុវត្ថិភាព និងមិនរារាំងដល់ក្រុមវាស់វែងចម្រុះ ព្រមទាំងត្រូវចៀសវាង រាល់សកម្មភាពបង្កហេតុ ដែលអាចបង្កើតភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់នេះ ហើយត្រូវធានាសុវត្ថិភាពពីគ្រាប់មីន ដោយអនុលោមតាមមាត្រា ៣ នៃ MOU ឆ្នាំ ២០០០។
កម្ពុជា-ថៃ បានឯកភាពកំណត់យកសប្តាហ៍ទីមួយនៃខែមករា ឆ្នាំ ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៅខេត្តសៀមរាបប្រទេសកម្ពុជា។

បើតាមរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ប្រទេសកម្ពុជានិងថៃមានព្រំដែនជាប់គ្នាប្រវែងជាង ៨០០ គីឡូម៉ែត្រ ចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ។ពាក់ព័ន្ធការបោះបង្គោលព្រំដែនកម្ពុជា-ថៃ តាមរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កម្ពុជា-ថៃ បានឯកភាពទទួលស្គាល់បង្គោលព្រំដែនចំនួន ៤២ បង្គោល ក្នុងចំណោម ៧៤ បង្គោល ដែលបោះក្នុងសម័យអាណានិគមបារាំង៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


