ព័ត៌មានជាតិ
ការវិនិយោគផ្នែកកសិកម្មកើនឡើង ២០០% រយៈពេល ១០ ខែឆ្នាំ២០២៥ មានទុនវិនិយោគដល់ ៤០០ លានដុល្លារ
មន្រ្តីគណៈកម្មាធិការវិនិយោគកម្ពុជាបានបង្ហាញទិន្នន័យពីការវិនិយោគលើវិស័យកសិកម្ម មានកំណើនយ៉ាងខ្លាំងដោយនៅក្នុងរយៈពេល ១០ ខែឆ្នាំ ២០២៥ ទទួលបានទំហំទុនវិនិយោគប្រមាណ ៤០០ លានដុល្លារកើនឡើង ២០០% បើធៀបឆ្នាំ ២០២៤។
លោក សួន សុផល អគ្គលេខាធិការរងនៃគណៈកម្មការវិនិយោគកម្ពុជាបានថ្លែងថា ទំហំទុនវិនិយោគវិស័យកសិកម្មមានការកើនឡើងយ៉ាងគំហុកក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការដាក់ចេញគោលនយោបាយអនុគ្រោះរបស់រដ្ឋាភិបាលដែលបានទាក់ទាញការវិនិយោគលើវិស័យកសិកម្ម ដែលជាវិស័យដ៏សំខាន់ជាឆ្អឹងខ្នងទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។

នៅឆ្នាំ ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ដែលជាកំណត់ត្រាច្រើនបំផុតក្នុងរយៈពេល ៣០ ឆ្នាំ ខណៈរយៈពេល ១០ ខែ ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត្រគម្រោងវិនិយោគចំនួន ៥៧៥ គម្រោង ដែលមានទុនវិនិយោគជាង ៩ ០០០ លានដុល្លារ។
លោក សួន សុផល បានបញ្ជាក់ថា ក្នុងចំណោម ៥៧៥ គម្រោងនេះ វិស័យកសិកម្មនិងកសិឧស្សាហកម្មបានរួមចំណែកយ៉ាងធំធេង ដែលបានទាក់ទាញទុនវិនិយោគជាង ៤០០ លានដុល្លារ។ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ មានការកើនឡើងជាង ២០០%។

លោក សួន សុផល បានបញ្ជាក់ថា នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្កើតតុវិនិយោគកសិចំណីអាហារ ដែលមានសមាជិកមកពីក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ តាមរយៈការដាក់ចេញយន្តការនេះ បានជួយសម្រួលទាក់ទាញការវិនិយោគបន្ថែមលើវិស័យកសិកម្ម និងកសិចំណីអាហារស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានជំរុញការអនុវត្តគោលនយោបាយ និងច្បាប់វិនិយោគជាគោល។
បើតាមមន្រ្តីគណៈកម្មាធិការវិនិយោគកម្ពុជា ការដាក់ចេញគោលនយោបាយ និងច្បាប់វិនិយោគរបស់ប្រទេសកម្ពុជា មានភាពចំហនិងបើកទូលាយ ដែលអាចនិយាយបានថាមានការលើកទឹកចិត្តនិងអនុគ្រោះបំផុត បើប្រៀបធៀបបណ្តាប្រទេសផ្សេងទៀតលើពិភពលោក។

ថ្លែងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) នៅព្រឹកនេះ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា វិស័យកសិកម្មកម្ពុជាសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយបានជំរុញប្រទេសកម្ពុជាឱ្យចេញផុតពីស្ថានភាពខ្វះស្បៀង និងពឹងផ្អែកលើជំនួយស្បៀងអាហារពីបរទេស មកជាការធានាបានទាំងស្រុងនូវសន្តិសុខស្បៀងក្នុងស្រុក ជាពិសេសក្នុងកាលៈទេសៈនៃការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃអស់រយៈពេលជាច្រើនខែកន្លងមកនេះ ដែលបង្ហាញពីចំណុចខ្លាំង និងភាពធន់នៃវិស័យកសិកម្មកម្ពុជាក្នុងពេលជួបវិបត្តិ។
ជាងនេះទៀត កម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មរាប់លានតោនជារៀងរាល់ឆ្នាំទៅកាន់ទីផ្សារពិភពលោក ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករនៅទូទាំងប្រទេស ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងចូលរួមធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង។


យ៉ាងណាមិញ ខណៈដែលវិស័យកសិកម្មប្រទេសកម្ពុជាបានបោះជំហានមកដល់ដំណាក់កាលថ្មី ប៉ុន្តែបើតាមមន្រ្តីក្រសួងកសិកម្មបានអះអាងថា ក៏កំពុងជួបប្រទះបញ្ហាប្រឈមថ្មីមួយចំនួនជាពិសេសលើបញ្ហានិរន្តរភាពនៃផលិតកម្ម តម្រូវការទីផ្សារ ថ្លៃដើមផលិតខ្ពស់, ទីផ្សារនិងការកែច្នៃកសិផលនៅមានកម្រិត និងការប្រែប្រួលមិនអាចស្មានទុកជាមុនបាននៃតម្លៃ ដែលទាំងអស់នេះទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមសហការ និងគាំទ្រកាន់តែសកម្ម ក្នុងគោលបំណងបន្តរួមគ្នាដោះស្រាយ និងផ្តល់ក្តីសង្ឃឹមដល់ប្រជាកសិករដែលកំពុងខិតខំប្រឹងប្រែងផលិត ដើម្បីធានាសន្តិសុខស្បៀងផង លើកកម្ពស់ជីវភាពគ្រួសារផង និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិផង។
ដើម្បីរួមចំណែកបង្កើនការស្រូបយកកសិផលក្នុងស្រុកមកកែច្នៃជាផលិតផលក្នុងស្រុក និងបង្កើតទីផ្សារបន្ថែម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ក្នុងគោលបំណងបង្កើតឱ្យមានវេទិកាពិភាក្សាកម្រិតខ្ពស់ និងការដាក់តាំងបង្ហាញកសិផលសក្តានុពលកម្ពុជា ដែលតាមរយៈវេទិការនេះវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស ជាពិសេស វិនិយោគិន និងធុរជន នឹងមានឱកាសស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម, កសិ-ពាណិជ្ជកម្ម និងកសិ-ស្បៀងអាហារនៅកម្ពុជា។
មន្រ្តីក្រសួងកសិកម្មបានគូសបញ្ជាក់ថា តាមរយៈវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥នេះ បានក្លាយជាចំណុចចាប់ផ្តើមដ៏ល្អមួយទៀត សម្រាប់ការបង្កើនភាពជាដៃគូ រវាងវិនិយោគិន ធុរជន និងកសិករ ដែលនឹងចូលរួមចំណែកបង្កើតទីផ្សារបន្ថែមសម្រាប់កសិផលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាកសិករជាអ្នកផលិត។
នៅឆ្នាំ ២០២៤ វិស័យកសិកម្មកម្ពុជាបានរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក ជាមួយនឹងតម្លៃបន្ថែមសរុបជាង ៧,៨២ពាន់លានដុល្លារអាម៉េរិក។ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១២លានតោន ទៅកាន់ទិសដៅ ៩៥ ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម។
ដោយឡែកក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១១ លានតោន កើនឡើងប្រមាណ ៣០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


