Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់កម្លាំងប្រដាប់អាវុធថៃមកលើកម្ពុជា

បានផុស

នៅ

រដ្ឋបាល និងថ្នាក់ដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាបានបាត់បង់ជីវិត និងរងរបួស ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំនៅដ្ឋានប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ សូមសម្តែងនូវការសោកស្តាយជាពន់ពេក និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃ របស់កងកម្លាំងប្រដាប់អាវុធថៃមកលើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ដែលបានបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាបានបាត់បង់ជីវិត និងរងរបួសមួយចំនួន ព្រមទាំង ខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំនៅដ្ឋានប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់នៅតាមបណ្តាតំបន់ ជាច្រើន ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

សកម្មភាពឈ្លានពានដ៏ឃោរឃៅ និងព្រៃផ្សៃរបស់យោធាថៃមកលើដែនអធិបតេយ្យភាពព្រះរាជាណាចក្រ កម្ពុជា គឺជាទង្វើយង់ឃ្នងព្រៃផ្សៃ អមនុស្សធម៌ អសីលធម៌ គ្មានសច្ចធម៌ និងគ្មានច្បាប់ទម្លាប់ ជាពិសេសបានរំលោភ បំពានម្តងហើយម្តងទៀត នូវធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៌ អន្តរជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ព្រមទាំងបានរំលោភបំពានយ៉ាងគឃ្លីនសារជាថ្មី ម្តងទៀតលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ដែលបានចុះហត្ថលេខារវាងព្រះរាជាណាចក្រ កម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមការចូលរួមជាសាក្សីពីសំណាក់ លោក Donald J. Trump ប្រធានាធិបតី នៃ សហរដ្ឋអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលប្រារព្ធធ្វើឡើងនៅទីក្រុងតូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។

ក្នុងន័យនេះ យើងខ្ញុំទាំងអស់គ្នាសូមឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឈ្លានពានរបស់ខ្លួនមកលើដែន អធិបតេយ្យព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់រដ្ឋសមាជិកអាស៊ាន អង្គការ សហប្រជាជាតិ និងសហគមន៍អន្តរជាតិ យកចិត្តទុកដាក់ចំពោះទង្វើរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរនេះ និងជំរុញឱ្យប្រទេសថៃគោរពគោលការណ៍អធិបតេយ្យ បូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវរាល់វិធានការណ៍ និងគោលការណ៍របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមច្បាប់ និងគោលការណ៍អន្តរជាតិជាធរមាន និងអនុវត្តតាម ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ អគ្គភស្តុភារជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម