ព័ត៌មានជាតិ
មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បាននិងកំពុងយកចិត្តទុកដាក់ផ្ដល់សេវាសុខាភិបាលជូនគ្រួសារយោធិន និងជនភៀសសឹកជិត៣រយនាក់
មូលនិធិគន្ធបុប្ផាកម្ពុជាបានឱ្យ ដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ថា ស្រ្តីមានផ្ទៃពោះ និងកុមារនៃគ្រួសារជនភៀសសឹក និងគ្រួសារវីរកងកម្លាំងកម្ពុជាជិត៣រយនាក់ បាន និងកំពុងទទួលបានការថែទាំ និងយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ តាមរបាយការណ៍គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ស្រ្តីមានផ្ទៃពោះ និងកុមារមកពីគ្រួសារភៀសសឹក និងគ្រួសារយោធិនទប់ស្កាត់ការឈ្លានពានរបស់ថៃចំនួន ២៩៥ នាក់ ក្នុងនោះមានស្រ្តីមានផ្ទៃពោះជិតសម្រាល និង សម្រាលរួចចំនួន៨៧ នាក់ និងកុមារជាង២រយនាក់កំពុងទទួលបានការយកចិត្តទុកដាក់។

ប្រធានមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប សាស្រ្តាចារ្យ យ៉ៃ ចន្ទនា ឱ្យដឹងថា សមាជិកគ្រួសារភៀសសឹក និងគ្រួសារវីរកងកម្លាំងកម្ពុជា មកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ភាគច្រើនមកទទួលពិនិត្យផ្ទៃពោះ និងសម្រាល និងកុមារមកទទួលការវះកាត់ ព្យាបាល និងជំងឺទូទៅ ប៉ុន្តែជំងឺទាំងនោះមិនទាន់ចេញជាសញ្ញានៃជំងឺរាតត្បាតណាមួយឡើយ។ លោកប្រធានមន្ទីរពេទ្យបានបន្តថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផានឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីពិនិត្យ និងព្យាបាល ព្រមទាំងផ្តល់ភាពកក់ក្តៅ ដល់ទារក និងកុមារទាំងអស់ ជាពិសេសគ្រួសារភៀសសឹក និងគ្រួសារវីរកងកម្លាំង។

ក្នុងស្មារតីខ្មែរជួយខ្មែរ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ចន ណារិទ្ធ អំពាវនាវដល់ពលរដ្ឋដែលជាសមាជិកគ្រួសារកំពុងភៀសសឹក និងគ្រួសារវីរកងកម្លាំងកម្ពុជា ជាស្រ្តីមានផ្ទៃពោះ និងកុមារដែលកំពុងមានតម្រូវការពិនិត្យ ព្យាបាល និងសម្រាល ទៅទទួលការព្យាបាល ពិនិត្យជំងឺនានា នៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទទួលបានសេវាដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព គ្មានការរើសអើង។

បណ្ឌិត ចន ណារិទ្ធ ក៏បានថ្កោលទោសដាច់អហង្ការចំពោះការឈ្លានពានវាយប្រហាររបស់ប្រទេសថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា ដោយប្រើយន្តហោះ អាវុធធុនធ្ងន់ និងផ្សែងពុល ចូលក្នុងភូមិសាស្រ្តរបស់ពលរដ្ឋ ដែលបណ្តាលឱ្យស្លាប់ជនស្លូតត្រង់ ជាពិសេសស្រ្តី និងទារក ផងដែរ ដែលជាទង្វើឈ្លានពានកម្ពុជាយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន។

រដ្ឋលេខាធិការក៏បានដឹកនាំក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា និងអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម រួមនិងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ បរិច្ចាគឈាម ដើម្បីត្រៀមជូនវីរកងកម្លាំងជួរមុខដ៏ក្លាហានកម្ពុជា ដែលកំពុងការពារបូរណភាពដែនដីនៃអធិបតេយ្យកម្ពុជាផងដែរ៕



-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


