ព័ត៌មានជាតិ
សហជីព និងអ្នកវិភាគ ជំរុញឱ្យក្រុមសង្គមស៊ីវិល ធ្វើសកម្មភាពទៅអន្តរជាតិ ដើម្បីឱ្យថៃបញ្ឈប់ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
សហជីព និងអ្នកវិភាគ បានជំរុញឱ្យក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិមនុស្ស គួរតែចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយោធាថៃ ដែលបានឈ្លានពានមកលើអធិបតេយ្យភាពរបស់កម្ពុជា ដោយបានបណ្តាលឱ្យប្រជាជនស្លូតត្រង់ស្លាប់ និងរបួសជាច្រើននាក់ ហើយប្រជាជនរាប់សែននាក់ផ្សេងទៀត ត្រូវបានភៀសសឹក។

ការជំរុញនេះ ដោយសារតែសហជីព និងអ្នកវិភាគទាំងនោះ កត់សម្គាល់ឃើញថា ក្រុមអង្គការសង្គមស៊ីវិលភាគច្រើន មិនទាន់ឃើញចេញមកថ្កោលទោសទង្វើដ៏ឃោរឃៅរបស់យោធាថៃ នៅឡើយទេ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានកត់សម្គាល់ថា ចាប់តាំងពីប្រទេសថៃបានឈ្លានពានជាថ្មីមកលើប្រទេសកម្ពុជាដ៏អាក្រក់ និងសាហាវឃោរឃៅមក លោកមិនដែលឃើញក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ចេញសេចក្ដីថ្លែងការណ៍រិះគន់ ឬថ្កោលទោសយោធាថៃ នោះឡើយ។
លោកយល់ថា ក្នុងស្ថានភាពដែលយោធាថៃឈ្លានពានមកលើអធិបតេយ្យភាពរបស់កម្ពុជានោះ ក្រុមអង្គការសង្គមស៊ីវិល គួរតែចូលរួមថ្កោលទោសដោយចំហចំពោះការប្រព្រឹត្តនូវអំពើដ៏ឃោរឃៅ ដែលរំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិរស់នៅ និងបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈអស់ជាច្រើន។
លោក សំ សឿន មានប្រសាសន៍នៅថ្ងៃទី២៣ ខែធ្នូនេះថា «អញ្ចឹងបើសិនជាអង្គការដែលធ្វើការផ្នែកសិទ្ធិមនុស្ស ផ្នែកគាំពារសិទ្ធិអីនោះ គាត់គួរគប្បីចេញយ៉ាងម៉ឺងម៉ាត់ ដាច់ខាត ថ្កោលទោសចំពោះយោធាថៃ និងរដ្ឋាភិបាលថៃ ដែលរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងឃោរឃៅមកលើអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋស្លូតត្រង់»។

ចំណែកលោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ និងជាអ្នកឃ្លាំមើលបញ្ហាសង្គម មើលឃើញថា មានអង្គការសង្គមស៊ីវិល ធ្វើការងារទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សមួយចំនួន បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយោធាថៃរួចហើយ តែនៅមានក្រុមអង្គការសង្គមស៊ីវិលជាច្រើនទៀត មិនទាន់ឃើញចេញមកថ្កោលទោសនូវទង្វើដ៏ឃោរឃៅនេះនៅឡើយទេ។
លោកបណ្ឌិត មានប្រសាសន៍បន្តថា «ដូច្នេះហើយ ខ្ញុំអំពាវនាវអង្គការជាតិ-អន្តរជាតិ ពាក់ព័ន្ធនឹងសិទ្ធិមនុស្សក៏ដោយ មិនមែនសិទ្ធិមនុស្សក៏ដោយ អង្គការសង្គមស៊ីវិល ចលនាមហាជន ត្រូវរួបរួមគ្នាចេញមកថ្កោលទោសប្រទេសថៃ ដែលប្រព្រឹត្តយ៉ាងសាហាវព្រៃផ្សៃ បំផ្លាញ សម្លាប់ជីវិតជនស៊ីវិលកម្ពុជា បំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជា រំលោភដែនអធិបតេយ្យភាពកម្ពុជាយ៉ាងជ្រៅ»។
រីឯលោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ សង្កេតឃើញថា ក្រុមអង្គការសង្គមស៊ីវិលកម្ពុជា ដែលធ្វើការលើសិទ្ធិមនុស្សភាគច្រើន មានការបញ្ចេញមតិតិចតួចលើបញ្ហាជនភៀសខ្លួននៅកម្ពុជា និងនៅតែមានការប្រុងប្រយ័ត្នក្នុងការបញ្ចេញមតិ ចំពេលមានការលុកលុយពីសំណាក់យោធាថៃ ដែលបានបណ្តាលឱ្យមានការស្លាប់ជនស៊ីវិល របួស និងការផ្លាស់ទីលំនៅ។

លោកថា «ស្របពេលដែលតួនាទីរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ គឺផ្តោតសំខាន់លើបញ្ហាសិទ្ធិមនុស្សនៅក្នុងស្រុក តែភាពអសកម្មរបស់ពួកគេក្នុងការរាយការណ៍ពីការវាយប្រហាររបស់យោធាថៃលើពលរដ្ឋស្លូតត្រង់របស់កម្ពុជា បានចោទជាសំណួរអំពីការងាររបស់ពួកគេ»។
បើតាមលោក ថុង ម៉េងដាវិត ក្នុងកាលៈទេសៈបែបនេះ ក្រុមអង្គការសង្គមស៊ីវិល អាចចូលរួមចំណែកបន្ថែមទៀត ដោយថ្កោលទោសការវាយប្រហារលើជនស៊ីវិល ដោយផ្អែកលើច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law) ចងក្រងឯកសារផលប៉ះពាល់សិទ្ធិមនុស្ស ជួយសហគមន៍ដែលផ្លាស់ទីលំនៅដែលរងគ្រោះដោយសារការទម្លាក់គ្រាប់ និងការវាយប្រហារពីយោធាថៃ ព្រមទាំងប្រើប្រាស់បណ្តាញអន្តរជាតិ ដើម្បីបង្ហាញពីទុក្ខវេទនារបស់ជនស៊ីវិល ដោយមិនធ្វើឱ្យខូចដល់អព្យាក្រឹតភាពក្រុមអង្គការសង្គមស៊ីវិលទាំងនោះ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


