ព័ត៌មានជាតិ
អាជីវករមានជម្រើស ២ អាចទៅលក់ដូរនៅផ្សារដើមគថ្មី ឬ ផ្សារតាម៉ាប់ព្រែកជ្រៃ តែហាមដាច់ខាតមិនឲ្យលក់លើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ
តបតាមសំណូមពររបស់អាជីវករដែលបានមកជួបសំណេះសំណាលជាមួយ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីម្សិលមិញ នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ នេះ លោកអភិបាល ក៏បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងធ្វើការសម្របសម្រួលបន្ថែមជាមួយម្ចាស់ផ្សារឯកជនមួយមានឈ្មោះថា “ផ្សារតាម៉ាប់ព្រែកជ្រៃ” ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីដោះស្រាយកង្វល់មួយចំនួនរបស់អាជីវករដែលចង់ផ្លាស់ប្ដូរ ពីការលក់គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈជុំវិញតំបន់ផ្សារដើមគ ទៅលក់ដូរនៅទីតាំង នោះវិញ។


ក្នុងឱកាសចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែងនេះ លោកអភិបាលរាជធានីភ្នំពេញ បានពិភាក្សាដោយមនោសញ្ចេតនា ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាមួយម្ចាស់ផ្សារ និងទទួលបានការឯកភាពតាមលក្ខខណ្ឌមួយចំនួន។ ជាមួយគ្នានេះ លោកអភិបាល បានផ្តល់ការធានាអះអាងក្នុងការជួយរៀបចំ កែលម្អហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់មួយចំនួននៅជុំវិញផ្សារតាម៉ាប់ព្រែកជ្រៃ រួមមាន ៖ ១.ធ្វើការជួសជុលផ្លូវ និងបំពាក់បន្ថែមអំពូលភ្លើងបំភ្លឺសាធារណៈតាមដងផ្លូវ ២១៧។ ២.សហការជាមួយម្ចាស់ផ្សារដំឡើងអំពូលភ្លើងតាមច្រកផ្លូវក្នុងបរិវេណផ្សារ។ ៣.ជួយសិក្សាគម្រោងបង្ហូរទឹកកខ្វក់ និងតម្រូវឲ្យម្ចាស់ផ្សាររៀបចំប្រព័ន្ធលូឲ្យបានត្រឹមត្រូវ។ ៤.ផ្តល់ការអនុគ្រោះលើកលែងថ្លៃចាក់សំរាមនៅទីលានរយៈពេល ១ ឆ្នាំ ដោយម្ចាស់ផ្សារ ត្រូវធានាមិនយកកម្រៃអនាម័យពីអ្នកលក់ដូរ។ ដូច្នេះ សូមអាជីវករមេត្តាស្ងប់ចិត្ត និងទទួលយកនូវជម្រើសសមរម្យណាមួយដែលអាជ្ញាធរបានព្យាយាមសម្របសម្រួលជូន ហើយអាជីវករអាចមានជម្រើសទៅលក់ដូរនៅទីតាំងផ្សារដើមគថ្មី ឬ ផ្សារតាម៉ាប់ព្រែកជ្រៃ ក៏បាន ប៉ុន្តែហាមដាច់ខាតមិនត្រូវលក់នៅលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឡើយ។


លោក ឃួង ស្រេង លើកឡើងថា «សម្រាប់អាជ្ញាធរដែនដីដែលជាអាណាព្យាបាលប្រជាពលរដ្ឋ ធ្វើអ្វីៗ គឺ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ បើប្រជាពលរដ្ឋចង់មកទីតាំងថ្មីខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ គាំទ្រភ្លាម ជាមួយនឹងការបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងជូនបងប្អូន។ អ្វីដែលអាជ្ញាធររាជធានីភ្នំពេញ ចង់បាន គឺអាជីវករទាំងអស់បញ្ឈប់ការលក់ដូរលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈតំបន់ជុំវិញផ្សារដើមគ ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងកកស្ទះចរាចរណ៍ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ១៧ លាននាក់»។


លោក ឃួង ស្រេង បានបញ្ជាក់ថា ដើម្បីបង្កភាពងាយស្រួលដល់អាជីវករ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ភ្លើងបំភ្លឺសាធារណៈថ្មី ចាប់ពីព្រំប្រទល់ខេត្តកណ្តាល រហូតមកដល់ក្នុងផ្សារតាម៉ាប់ព្រែកជ្រៃ បើកសួនពុះចែកទ្រូងផ្លូវ ២១៧ ឲ្យបានធំទូលាយ ជំរុញឲ្យប្រធានផ្សារចាក់បេតុង ដាក់ថ្មម៉ិចក្នុងផ្សារនិងការមិនយកថ្លៃសំរាម ១ ឆ្នាំ ថែមទៀត។


បើតាមការបញ្ជាក់ពីលោកប្រធានផ្សារតាម៉ាប់ព្រែកជ្រៃ បានឲ្យដឹងថា ផ្សារតាម៉ាប់ព្រែកជ្រៃ មានផ្ទៃដីជិត ១០ ហិតា មានស្តង់អាជីវកម្មបន្លែ ផ្លែឈើ និងត្រីសាច់រាប់ពាន់ស្តង់ ដែលអាចឲ្យអាជីវករលក់ដូរលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈតំបន់ជុំវិញផ្សារដើមគ ប្រមាណ ៩៨% មកលក់ទីនេះបាន ជាមួយនឹងការរៀបចំចំណតនៅសងខាងផ្សារធំៗ ចំនួន ២ កន្លែង។



ប្រធានផ្សារ បញ្ជាក់ថា ចំពោះអាជីវករលក់ជាកញ្ច្រែង ល្អី ពួកគាត់ក៏អាចមកលក់បាន ដោយមិនត្រូវបង់ថ្លៃនោះទេ។
ចំណែក អាជីវករ វិញ ក៏បានសម្តែងនូវក្តីរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធររាជធានី នៅពេលដែលពួកគាត់សម្រេចចិត្តមកលក់ដូរនៅផ្សារថ្មីនេះ៕
អត្ថបទ ៖ ស្រីរ័ត្ន





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


