Connect with us

ព័ត៌មានជាតិ

ចូលឆ្នាំថ្មី! សម្ដេច ហ៊ុន ម៉ាណែត ផ្ញើក្ដីនឹករលឹកដល់វីរយុទ្ធជន ជនភៀសសឹក និងជូនឱ្យមានសុវត្ថិភាព សុខភាពល្អ

បានផុស

នៅ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើក្ដីរលឹកដល់ពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលទៅផ្ទះធ្លាប់រស់នៅយ៉ាងសុខសាន្ត និងផ្ញើក្ដីនឹករលឹកដល់កងកម្លាំងគ្រប់រូបដែលកំពុងឈរជើងប្រចាំការការពារជាតិ ការពារទឹកដី និង​ប្រជាជន។  សម្ដេច ហ៊ុន ម៉ាណែត ផ្ញើក្ដីនឹករលឹកបែបនេះ តាមរយៈបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី១៣ ខែមេសា នេះ។

រូបថតឯកសារ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះជួបពលរដ្ឋភៀសសឹកនៅក្នុងខេត្តព្រះវិហារ កាលពីចុងខែមករា ឆ្នាំ២០២៦។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្ដេច ហ៊ុន ម៉ាណែត ជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូនទាំងអស់ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។

សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ដូច្នេះថា៖«សូមផ្ញេីក្តីនឹករលឹកដល់វីរកងទ័ពទាំងអស់​ ដែលកំពុងនៅបន្តឈរជេីងប្រចាំការគ្រប់ទីតាំង​ ក៏ដូចជាបេសកកម្មរបស់ខ្លួនគ្រប់កន្លែង​ រួមទាំងបងប្អូន​ អ៊ំពូមីង​ តាយាយដែលជាជនភៀសសឹកកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ន​ សមប្រកបដោយសេចក្តីសុខ​ សុវត្ថិភាព​ សុខភាពល្អប្រសេីរ​ និងពរជ័យទាំងបួនប្រការកុំបីឃ្លាងឃ្លាតឡេីយ។ »។

ចាប់តាំងពីមានភាពតានតឹងនៅតាមព្រំដែនជាមួយភាគីថៃ កងកម្លាំងការពារជាតិ ទឹកដីកម្ពុជា ត្រូវបានដាក់ពង្រាយ និងតាមដានសភាពការណ៍ដោយប្រុងប្រយ័ត្នខ្ពស់បំផុត នៅតាមបន្ទាត់ព្រំដែនប្រវែងជាង៨រយគីឡូម៉ែត្រ ចាប់ពីខេត្តកោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងខេត្តព្រះវិហារ។

របាយការណ៍ផ្លូវការឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ពលរដ្ឋភៀសសឹកចំនួន៣៤.៤៣៩នាក់ទៀត (ស្ត្រី ១៧.៨៦០នាក់ និងកុមារ១១.៤៤៩នាក់)មិនទាន់អាចវិលទៅលំនៅឋានវិញឡើយ ដោយសារផ្ទះសម្បែងត្រូវខូចខាតស្ទើរទាំងស្រុុង យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងខ្លះជាច្រើនខ្នងនៅថ្មដា ភូមិជោគជ័យ ភូមិព្រៃចាន់​ និងតំបន់បឹងត្រកួនត្រូវយោធាថៃឈ្លានពាន រាយលួសបន្លា​ ដាក់ទូកុងតឺន័រ រារាំងមិនឱ្យចូលទៅរស់នៅ។

សម្ដេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១១ ខែមេសា ថ្លែងពីទុក្ខលំបាករបស់ពលរដ្ឋភៀសសឹក រងគ្រោះព្រោះសង្គ្រាមឈ្លានពាន ផ្ទះកើតចេញពីការសន្សំរាប់ឆ្នាំ ត្រូវយោធាថៃរាយបន្លាលួស ដាក់ទូកុងតឺន័រព័ទ្ធយក ត្រូវបន្តស្នាក់នៅជម្រកបណ្ដោះអាសន្ន ប៉ះទង្គិចផ្លូវចិត្ត។ សម្ដេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តពលរដ្ឋភៀសសឹក និងស្នើឱ្យថែរក្សាផ្លូវចិត្តឱ្យបានរឹងមាំ ខណៈដែលរាជរដ្ឋាភិបាលកំពុងទាមទារយកមកវិញនូវទឹកដីដែលយោធាថៃកំពុងកាន់កាប់៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម