ព័ត៌មានជាតិ
កម្ពុជាចង់ឱ្យថៃចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារអាស៊ានដោយផ្ទាល់ជាជាងតាមអនឡាញ និងធានាថានឹងបដិសណ្ឋារកិច្ចដោយគ្មានការរើសអើង
កម្ពុជាចង់ឱ្យថៃចូលរួមកិច្ចប្រជុំក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយផ្ទាល់ ជាជាងការចូលរួមតាមប្រព័ន្ធអនឡាញ និងធានាថានឹងបដិសណ្ឋារកិច្ចជូនភាគីថៃដោយគ្មានការរើសអើងឡើយ ហើយស្មើភាពនឹងបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់។ នេះគឺជាការលើកឡើងរបស់លោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២១ ខែកក្កដា។

លោកស្រី ឈី វិជ្ជរ៉ា លោកស្រី ឈី វិជ្ជរ៉ា ពន្យល់ថា ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន កម្ពុជា មានកាតព្វកិច្ចអញ្ជើញសមាជិកអាស៊ានទាំងអស់មកចូលរួមក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (ACCSM) និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូកបីលើកទី៨។
ទោះបីជាស្ថានភាពនៃប្រទេសទាំងពីររកាំរកូស មន្ត្រីក្រសួងមុខងារសាធារណៈ បញ្ជាក់ថា កម្ពុជាបានអញ្ជើញថៃចូលរួមក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (ACCSM) និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូកបីលើកទី៨ (ACCSM+៣) និងព្រឹត្តិការណ៍ពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែភាគីថៃបានឆ្លើយតបវិញថា ខ្លួនសម្រេចចូលរួមតាមប្រព័ន្ធអនឡាញ។ លោកស្រីពន្យល់អ្នកសារព័ត៌មានថា ការណ៍ថៃមិនចូលរួមអាចមកពីបារម្ភ ឬបញ្ហាអ្វីមួយ ប៉ុន្តែគ្រប់យ៉ាងជាសិទ្ធិរបស់ថៃ។

រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ សង្កត់ធ្ងន់ថា៖« ក្នុងការដែលប្រទេសណាមួយសម្រេចចិត្តថាឬក៏មិនមក គឺជាសិទ្ធិក្នុងការសម្រេចរបស់គេ ប៉ុន្តែសម្រាប់កម្ពុជា យើងមានកាតព្វអញ្ជើញ (ថៃចូលរួមប្រជុំ)។ អ៊ីចឹងគេ(ថៃ) មិនមក ឬគេមក(ចូលរួមប្រជុំ) តាមអនឡាញ វាគឺជាសិទ្ធិរបស់គេ។ យើងដឹងហើយដោយសារបញ្ហាព្រំដែន ប្រហែលជាគាត់មានការបារម្ភ ឬគាត់មានរឿងអ្វីផ្សេងៗយើងក៏មិនដឹងដែរ។ »។
លោកស្រី ឈី វិជ្ជរ៉ា បន្ថែមថា ៖« ឯកឧត្ដម ឧប (ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈរបស់កម្ពុជា) បានផ្ដាំផ្ញើទៀតថា យើងចង់ឱ្យគាត់(ភាគីថៃ)មកចូលរួមដោយផ្ទាល់ ហើយយើង នឹងទទួលគាត់ដូចភ្ញៀវដទៃទៀតចឹង អត់មានការរើសអើងទេ។ កម្ពុជាមានភាពថ្លៃថ្នូរណាស់ យើងអត់មានការរើសអើងភ្ញៀវទេ ពេលដែលគេអញ្ជើញមកកម្មវិធីដែលយើងរៀបចំ មិនថាអ្នកណា(ថៃឬប្រទេសផ្សេងទេ) ក្នុងនាមជាម្ចាស់ផ្ទះយើងទទួលដោយសេចក្ដីគោរព ហើយនឹងភាពកក់ក្ដៅ នេះបង្ហាញពីសេចក្ដីថ្លៃថ្នូររបស់ខ្មែរយើង»។
គួរឱ្យដឹងថា ក្រសួងមុខងារសាធារណៈរបស់កម្ពុជា នឹងរៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ នៅលើទឹកដីនៃខេត្តសៀមរាប ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង (Innovation for Better Service Delivery)»។ សមាជិករបស់អាស៊ានជាច្រើនប្រទេសនឹងចូលរួមកិច្ចប្រជុំនេះដោយផ្ទាល់ ហើយក្រៅពីនេះ ភាគីចិន ជប៉ុន និងកូរ៉េខាងត្បូងក៏ចូលរួមក្នុងកិច្ចប្រជុំកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូកបីលើកទី៨ (ACCSM+៣) ផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


