ព័ត៌មានជាតិ
បណ្ឌិត គី សេរីវឌ្ឍន៍៖ ឥណទានថ្មីៗកើនឡើងមិនប្រាកដថាល្អសម្រាប់សេដ្ឋកិច្ចនោះទេ
ទោះស្ថិតក្នុងបរិបទកូវីដ១៩ក្ដី ឥណទានថ្មីៗនៅតែបន្តរក្សាកំណើនវិជ្ជមាន ដោយសារតែគោលនយោបាយបន្ធូរបន្ថយរបស់ធនាគារជាតិនៃកម្ពុជា ដែលជួយដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីអាចបន្តផ្ដល់ប្រាក់កម្ចីដល់អតិថិជនរបស់ខ្លួន។

យោងតាមសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ឥណទានបញ្ចេញថ្មីក្នុងខែមេសា ឆ្នាំ២០២១ មានចំនួន ១,១១២ លានដុល្លា សម្រាប់អតិថិជន ១១៨ ៤៧៦នាក់ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល កើនឡើងបន្តិចបន្តួចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះវិស័យមីក្រូហិរញ្ញវត្ថុមានចំណែកអតិថិជន ៦៣% ប៉ុន្តែឥណទានមានប្រមាណតែ ២២%នៃឥណទានសរុប។
លោក បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាមានប្រសាសន៍ថា៖ «ប្រាក់កម្ចីគឺជាអាវុធមុខពីរ ហើយប្រាក់កម្ចីកើនឡើងមិនប្រាកដថាល្អសម្រាប់សេដ្ឋកិច្ចនោះទេ ជាពិសេសនៅក្នុងបរិបទកូវីដ១៩។ ប្រសិនបើកម្ចីនោះសម្រាប់ការប្រើប្រាស់ វានឹងមានវិបត្តិកាន់តែធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ច ពោលគឺស្មើនឹងលក់ទ្រព្យសម្បត្តិចាយ បើគាត់យកប្លង់ផ្ទះទៅដាក់បញ្ចាំដើម្បីបានប្រាក់កម្ចី។ ផ្ទុយទៅវិញ ប្រសិនបើកម្ចីនោះសម្រាប់ផលិតកម្មនានា នោះទើបហៅថាកម្ចីល្អដែលអាចជួយដល់ការជំរុញសេដ្ឋកិច្ចឡើងវិញ។»

លោក បណ្ឌិត គី សេរីវឌ្ឍន៍ បានបន្តថា តាមការសង្កេត ការកើនឡើងនូវកម្ចីភាគច្រើនផ្តោតលើការទិញអចលនទ្រព្យ ដែលម្ចាស់អចលនទ្រព្យរងវិបត្តិហើយត្រូវលក់វិញក្នុងតម្លៃធូរថ្លៃល្មម។ ពេលនោះ មនុស្សមួយចំនួនដែលយល់ថាអាចទិញបាន ពួកគាត់នឹងខ្ចីលុយដើម្បីយកមកទិញអចលនទ្រព្យនោះ។
ដូច្នេះ វិស័យអចលនទ្រព្យគឺជាកត្តារារាំងដល់វិស័យផលិតកម្ម ព្រោះការលូតលាស់វិស័យអចលនទ្រព្យខ្លាំងពេកធ្វើឱ្យមនុស្សមួយចំនួនតូចក្លាយជាអ្នកមាន ចំណែកផលិតកម្មនៅក្នុងស្រុកអត់មាន ធ្វើឱ្យយើងបាត់បង់ទម្លាប់នៃការផលិតហើយត្រូវទិញគេជារៀងរហូត។

សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើន៤,២ភាគរយនៅឆ្នាំនេះ និងកំណើន៦ភាគរយនៅឆ្នាំ២០២២ បន្ទាប់ពីបានធ្លាក់ចុះ៣,៥ភាគរយនៅឆ្នាំ២០២០កន្លងទៅ។ នេះបើយោងតាម សេដ្ឋវិទូជាន់ខ្ពស់ IMF លោក Yasuhisa Ojima។ ទោះជាយ៉ាងណាក៏ដោយ លោក Yasuhisa Ojima ព្រមានថា ភាពមិនប្រាកដប្រជានៅតែមានចំពោះឥណទានសម្រាប់វិស័យសំណង់ និងអចលនទ្រព្យ រួមទាំងវិស័យទេសចរណ៍។

ផ្អែកលើរបាយការណ៍ប្រចាំឆ្នាំ២០២០របស់ធនាគារជាតិនៃកម្ពុជា ឥណទានអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង១២,៥ភាគរយ។ ឥណទានទាំងនេះបានផ្ដល់ទៅកាន់វិស័យសេដ្ឋកិច្ចរួមមាន៖ ក្រុមគ្រួសារ៣១% ពាណិជ្ជកម្មនិងជំនួញ២០% កសិកម្ម១៨% សេវាកម្ម១៦% ដឹកជញ្ជូន៦% សំណង់៣,៨% និងផ្សេងៗ៣%។

ទន្ទឹមនេះ ឥណទានអតិថិជនរបស់គ្រឹះស្ថានធនាគារកើនឡើង១៥% ដោយឥណទានទាំងនេះបានផ្ដល់ទៅកាន់វិស័យសេដ្ឋកិច្ចរួមមាន៖ ការជួញដូររាយ ១៥,៥% ការជួញដូរដុំ ៩,៧% ការឱ្យខ្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ១២,៨% សំណង់៩,២% និងការជួញដូរអចលនទ្រព្យ៨,៤%។

អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


