ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ៖ ការប្រើប្រាស់សារធាតុអាសបេស្តុសយូរឆ្នាំនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថាការប្រើប្រាស់សារធាតុអាសបេស្តុសយូរឆ្នាំទៅនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សដូចជាប៉ះពាល់ដល់សួត មហារីក និងផ្នែកផ្សេងទៀតនៃរាងកាយមនុស្ស។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសសមាសភាពនៃក្រុមការងារកសាងកម្រងព័ត៌មានជាតិ ស្តីពី សារធាតុអាសបេស្តុសនៅកម្ពុជា ដែលរៀបចំឡើងក្រោមកិច្ចសហការជាមួយអង្គការILO/Japan តាមរយៈគម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ និងអង្គការ អាហ្វីដា ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូZoom នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោករដ្ឋមន្ត្រី អ៊ិត សំហេង ដែលជាប្រធានក្រុមការងារកសាងកម្រងព័ត៌មានជាតិ ស្តីពីសារធាតុអាសបេស្តុស នៅកម្ពុជា បានមានប្រសាសន៍បន្តថា«សារធាតុអាសបេស្តុសជាសារធាតុរ៉ែមួយប្រភេទធ្វើឱ្យផលិតផលមានគុណភាព ជាពិសេសគឺ ស្វិត រឹង ហើយតម្លៃថោកអាចទទួលយកបាន ក៏ប៉ុន្តែការប្រឈមនឹងសារធាតុអាសបេស្តុសអាចធ្វើឲ្យមានជំងឺដូចជា មហារីកសួត ហើយជាញឹកញាប់ សារធាតុនេះត្រូវបានគេហៅថា ជាឃាតកលាក់មុខ ព្រោះវាត្រូវការពេលវេលាច្រើនឆ្នាំដើម្បីចូលមកបំផ្លាញសុខភាពរបស់អ្នកដែលបានប៉ះពាល់ ឬក៏ទទួលរងឥទ្ធិពលពីសារធាតុអាសបេស្តុសនេះ ដែលភាគច្រើនវាវាយឡុកចូលទៅក្នុងសួត និងផ្នែកផ្សេងទៀតនៃរាងកាយមនុស្ស»។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងវិស័យឧស្សាហកម្មការប្រើប្រាស់ធនធានវត្ថុធាតុដើម គឺវាតែងតែ មានមុខពីរ៖ ទី១ វាអាចបង្កើតនូវផលិតផលឬក៏ធ្វើឱ្យផលិតផលកាន់តែមានគុណភាពសម្រាប់ការប្រើប្រាស់ ឬកាន់តែមានប្រសិទ្ធភាព ប៉ុន្តែមួយមុខទៀត បើយើងប្រើប្រាស់វាមិនបានប្រុងប្រយ័ត្នទេ វានឹងបង្កើតហានិភ័យសម្រាប់មនុស្ស មិនត្រឹមតែកម្មករនិយោជិតអ្នកផលិតទេ អ្នកប្រើប្រាស់និងអ្នកជុំវិញក៏អាចជាអ្នកមានគ្រោះថ្នាក់ដែរ ។

លោករដ្ឋមន្ត្រីបានបន្ថែមថា «យើងទាំងអស់គ្នាប្រហែលជាដឹងថា ក្នុងពិភពលោកយើងនេះទស្សនៈរួមមិនទាន់មានការឯកភាពគ្នាទាំងស្រុងចំពោះបញ្ហានេះ នៅមាន១ផ្នែកជាអ្នកផលិត និងប្រើប្រាស់ និងមួយផ្នែកទៀតជាអ្នកឈប់ផលិត និងទប់ស្កាត់ហើយទស្សនទាននោះ វាមានឥទ្ធិពលទៅគ្រប់ទីកន្លែងហើយនៅកម្ពុជាអ្នកដឹងបញ្ហានេះមានតិចគ្នានៅឡើយ។ ដូច្នេះ ក្រុមការងារយើងមានតួនាទីសំខាន់ណាស់ដើម្បីចងក្រងប្រមូលព័ត៌មានទាំងអស់ហើយផលប្រយោជន៍យ៉ាងម៉េច? ផលប៉ះពាល់យ៉ាងម៉េច? គ្រោះថ្នាក់យ៉ាងម៉េចក្នុងការប្រើប្រាស់?»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កន្លងមកសារធាតុអាសបេស្តុស វាប្រើទៅលើក្បឿងហ្វ៊ីប្រូ បើធ្វើក្បឿងធម្មតា មិនប្រើសារធាតុអាសបេស្តុសវាក្រាស់ហើយកម្លាំងសង្កត់ឆាប់បាក់ផុយ។ ដូច្នេះអ្នកផលិតចូលចិត្តប្រើវាជាងដើម្បីធ្វើយ៉ាងណាធានាបាននូវគុណភាព និងការប្រកួតប្រជែង នៅក្នុងទីផ្សារ។
លោករដ្ឋមន្ត្រីបានបន្តថា កន្លងមកកម្ពុជាមានកន្លែងធ្វើ ហ្វ៊ីប្រូ ដែរតែបើតាមរបាយការណ៍ក្នុងកម្រងព័ត៌មានជាតិលើកទី១របស់យើងការផលិតនេះ មិនមានប្រើអាសបេស្តុសទេ តែមានការនាំចូលមកកម្ពុជា ហេតុនេះយើងត្រូវតែប្រមូលព័ត៌មានបន្ថែម។
លោករដ្ឋមន្ត្រីបានលើកឡើងថា៖ «នៅប្រទេសមួយចំនួនខ្ញុំបានទៅមើលឃើញមានប្រើ តែគេប្រើយ៉ាងប្រុងប្រយ័ត្នមែនទែន សូម្បីកន្លែងទុកដាក់ក៏ជាកន្លែងទុកដាក់ដែលពិសេស គេដាក់ក្នុងបាវជិត ហើយមានហ៊ុមបាំងដោយវាំងនន ហើយមិនយកមនុស្សទៅប៉ះពាល់វាបានទេ ប្រើសុទ្ធតែគ្រឿងយន្តនេះជាបញ្ហាមួយដែលយើងត្រូវតែប្រុងប្រយ័ត្ន»។
លោករដ្ឋមន្ត្រីក៏បានបន្ថែមថា«យើងចាប់ផ្តើមថ្ងៃនេះក្នុងកម្រិតជាក្រុមការងារចងក្រង និងប្រមូលព័ត៌មាន ហើយការចងក្រងប្រមូលព័ត៌មានរបស់យើងទិសដៅទៅអនាគតដោយសារតែកិច្ចការនេះ មិនមែនតែស្ថាប័នមួយទេដែលត្រូវដោះស្រាយបាន មិនមែនក្រសួងការងារតែមួយ ឬស្ថាប័នណាមួយជាអ្នកធ្វើដាច់តែឯងបានទេ គឺត្រូវរៀបចំជាលិខិតបទដ្ឋានគតិយុត្តអ្វីមួយរបស់រាជរដ្ឋាភិបាលសម្រាប់គ្រប់គ្រងប្រើប្រាស់ដោយប្រុងប្រយ័ត្ន។
លោករដ្ឋមន្ត្រីបន្តថា «ក្រសួងការងារធ្វើរឿងនេះ គឺដើម្បីគិតពីសុវត្ថិភាពសម្រាប់រយៈពេលវែងសម្រាប់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិយើងទៅមុខ ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងគិតគូពីបញ្ហាសុខភាព បញ្ហាការបង្ការគ្រោះថ្នាក់ការងារសព្វបែបយ៉ាងដើម្បីធ្វើយ៉ាងណាឱ្យកម្លាំងពលកម្មរបស់ជាតិយើងក្លាយជាសក្តានុពលជាតិរបស់យើងសម្រាប់អនាគត ហើយបញ្ហាធនធានមនុស្សជាអាទិភាពទី១»។
គួរបញ្ជាក់ថា សារធាតុអាសបេស្តុសត្រូវបានគេប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្មខុសៗគ្នានៅក្នុងប្រទេសដែលគេអនុញ្ញាតឱ្យប្រើប្រាស់។

ជាឧទាហរណ៍នៃប្រភេទផលិតផលមួយចំនួនដែលផ្ទុកអាសបេស្ដុស រួមមាន៖ សន្លឹកសម្ភារហ្វីប្រូស៊ីម៉ង់ត៍ និងសម្ភារសំណង់ផ្សេងទៀត, ប្រព័ន្ធការពារកម្ដៅ និងប្រព័ន្ធការពារស្រូបសំឡេង, ឧបករណ៍ពន្លត់អគ្គីភ័យ, អ៊ីសូឡង់(Insulation), កម្រាលឥដ្ឋជាតិផ្លាស្ទិក, វិស័យវាយនភណ្ឌ, សម្ភារដែលងាយរងការកកិត(ហ្វ្រាំងរថយន្ត), ទ្រនាប់ (ឡចំហាយ) និងសម្ភារសម្រាប់វេចខ្ចប់ ជាដើម៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


