ព័ត៌មានជាតិ
លោក រ៉ុង ឈុន អាចនឹងត្រូវដោះលែង នៅរសៀលថ្ងៃនេះ
លោក សំ សុគង់ មេធាវីការពារក្តីលោក រ៉ុង ឈុន បានថ្លែងប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកានេះថា កូនក្តីរបស់លោក អាចត្រូវដោះលែងថ្ងៃនេះហើយ ពីព្រោះបើរាប់តាមថ្ងៃដែលត្រូវឃុំខ្លួន គឺគ្រប់ចំនួនតាមការសម្រេច របស់សាលាឧទ្ធរណ៍។
លោក សំ សុគង់ បានបញ្ជាក់យ៉ាងដូច្នេះថា «បើរាប់ថ្ងៃ ត្រូវដល់ថ្ងៃហ្នឹង ត្រូវដោះលែងថ្ងៃហ្នឹង ព្រោះអីសាលាឧទ្ធរណ៍ ឲ្យគាត់អនុវត្តតែ ១ឆ្នាំ ៣ខែ ១១ថ្ងៃប៉ុណ្ណោះ។ សវនាការព្រឹកមិញ សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រម ប៉ុន្តែកែប្រែត្រង់ចំណុចផ្តន្ទាទោស ដាក់ពន្ធនាគារ ២ឆ្នាំ មកឲ្យអនុវត្តត្រឹមតែ ១ឆ្នាំ ៣ខែ ១១ថ្ងៃ សល់ពីនេះព្យួរ ប៉ុន្តែសាកល្បងរយៈពេល ៣ឆ្នាំ ហើយបើរាប់ពីថ្ងៃឃុំខ្លួន ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ មកដល់ថ្ងៃនេះ មានរយៈពេល ១ឆ្នាំ ៣ខែ ១១ថ្ងៃគត់»។
សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែវិច្ឆិកានេះ ចៅក្រមសាលាឧទ្ធរណ៍ លោក យន់ ណារ៉ុង បានប្រកាសសាលក្រមលើសំណុំរឿងលោក រ៉ុង ឈុន ឲ្យអនុវត្តទោសជាប់ពន្ធនាគារចំនួន ១ឆ្នាំ ៣ខែ និង១១ថ្ងៃ ហើយសកម្មជនសង្គម ២នាក់ទៀត គឺកញ្ញា ស កណិកា ឲ្យអនុវត្តទោសក្នុងពន្ធនាគារ ១ឆ្នាំ ៣ខែ និង ៥ថ្ងៃ ហើយលោក តុន និមល អនុវត្តទោសក្នុងពន្ធនាគារចំនួន ១ឆ្នាំ ២ខែ និង ២៤ថ្ងៃ។
ចំណែកទោស ដែលនៅសល់ត្រូវបានព្យួរសាកល្បង ក្នុងរយៈពេល ៣ឆ្នាំ។ ចំណែកប្រាក់ពិន័យម្នាក់ៗ ចំនួន ២លានរៀល និងប្រាក់សំណងរួមគ្នា ដល់ដើមបណ្ដឹងរដ្ឋប្បវេណី ចំនួន៤០០លានរៀល ឬប្រហែល ១០ម៉ឺនដុល្លារអាមេរិកតុលាការ នៅរក្សាទុកដដែល។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីចុងខែកក្កដា ឆ្នាំ២០២០ និងត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ»។ ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក រ៉ុង ឈុន នេះ យ៉ាងតិចណាស់ មានសកម្មជនជាង១០ នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ និងឃុំខ្លួនផងដែរ។ ការចាប់ខ្លួនត្រូវបានធ្វើឡើង ក្រោយពីលោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍មួយ ក្នុងនាមជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា តាំងពីថ្ងៃទី ២១ ខែកក្កដា ដែលបានចោទប្រកាន់ថា «ការបោះបង្គោលព្រំដែនលេខ១១៤ ដល់១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដី» ទៅភាគីវៀតណាម នៅឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។
សេចក្តីថ្លែងការណ៍របស់លោក ត្រូវបានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានប្រកាសច្រានចោល និងបានចោទថា សេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ជាព័ត៌មានមិនពិត និងបំផ្លើស ដែលមានចេតនាទុច្ចរិត និងស្នើសមត្ថកិច្ចចាត់ វិធានការតាមផ្លូវច្បាប់លើជនទាំងឡាយណា ដែលដោយបង្កើតព័ត៌មានក្លែងក្លាយ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់បានថ្លែងប្រាប់កម្ពុជាថ្មីថា ដំណើរការកាត់ទោស និងការចោទប្រកាន់នេះ មិនមែនដោយសារតែការអនុវត្តសិទ្ធិសេរីភាពតាមផ្លូវច្បាប់នោះទេ គឺដោយសារតែការប្រព្រឹត្តបទល្មើស ហើយសមត្ថកិច្ចមានភស្តុតាង មានមូលដ្ឋាន សក្ខីកម្មគ្រប់គ្រាន់ ក្នុងការចោទប្រកាន់ និងដំណើរការតាមនីតិវិធីតុលាការ និងការឈានទៅដល់សម្រេចផ្តន្ទាទោស។ ដូច្នេះបើភាគីណាមួយចង់ជួយ ហើយយល់ថា នោះមិនមែនជាបទល្មើស គឺត្រូវបង្ហាញភស្តុតាង សក្ខីកម្មរឹងមាំដល់តុលាការ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


