Connect with us

ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង រំលឹកអតីតកាលដែលលោកនៅជា “តម្រួតយោធា”

បានផុស

នៅ

លោកឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១តាមរយៈទំព័រហ្វេសប៊ុក បានរៀបរាប់ពីអតីតកាលរបស់លោកកាលដែលលោកនៅជា “តម្រួតយោធា” អំឡុងឆ្នាំ៨០ជាង ដែលប្រតិបត្តិការការងារដោយម៉ូតូកង់បី។ កាលណោះ លោក ជាអ្នកធ្លាប់បានបើកម៉ូតូកង់បី ហើយលោកបានស្វែងរកម៉ូតូកង់បីនេះ មករៀបចំទុកជាអនុស្សាវរីយ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្ជាប់ដោយរូបភាពបើកម៉ូតូកង់បីជាច្រើនសន្លឹក លោកឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ  លើកឡើងយ៉ាងនេះថា៖ «អតីតកាល វិលមកវិញ !ម៉ូតូកង់បីសម័យមុន ដែលខ្ញុំធ្លាប់បានបើក បានផ្តល់នូវការចងចាំ ជាអនុស្សាវរីយ៍ដ៏កម្រមួយសម្រាប់ខ្ញុំ ថ្ងៃនេះខ្ញុំបានស្វែងរកម៉ូតូកងបីដូចគ្នា មកដាក់តាំងក្នុងផ្ទះ ធ្វើឲ្យខ្ញុំទទួលបានអារម្មណ៍កាលពីជាង៣០ឆ្នាំមុនត្រឡប់មកវិញ តែខ្ញុំមិនទាន់ហ៊ានបើកវាទេ ដោយសារខានបើកវាយូរពេកហើយ នៅថ្ងៃណាមួយ ខ្ញុំនឹងសាកល្បងបើកវាម្តងទៀត»។

ទាក់ទងបញ្ហានេះ លោកឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង បានបញ្ជាក់ប្រាប់កម្ពុជាថ្មីបន្ថែមទៀតថា នៅអំឡុងពេល ដែលលោកប្រតិបត្តិការការងារដោយម៉ូតូកង់បីនោះ លោកធ្វើការនៅតម្រួតយោធាអគ្គបញ្ជាការ អាចនៅឆ្នាំ១៩៨៤ ឬ១៩៨៥។  លោកបញ្ជាក់បែបនេះថា៖ «តាមខ្ញុំចាំបាន  ដូចជាអំឡុងឆ្នាំ៨៤ ឬ៨៥ ដែលកាលនោះ ខ្ញុំនៅតម្រួតយោធាអគ្គ កាលហ្នឹង»។

សូមបញ្ជាក់ថា កងរាជអាវុធហត្ថ ជាភាសាបារាំង គឺ Gendarme ឬGendarmerie ជាពាក្យកម្លាយមកពី “Gens D’armes” មានន័យថា បុរសប្រដាប់ដោយអាវុធ (men-at-arms)។ តាមការសិក្សាស្រាវជ្រាវ គឺប្រទេសបារាំង ជាអ្នកបង្កើតកងរាជអាវុធហត្ថមុនគេបង្អស់ រហូតដល់បច្ចុប្បន្ន ហើយនៅលើពិភពលោកនេះ ប្រទេសដែលមានកម្លាំងកងរាជអាវុធហត្ថមានចំនួនប្រមាណ៤០ប្រទេសប៉ុណ្ណោះ ភាគច្រើនជាប្រទេសនៅតំបន់អឺរ៉ុប។

កងរាជអាវុធហត្ថ = កង+រាជ+អាវុធ+ហត្ថ គឺតាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត៖ “កង” មានន័យថា ពួក ក្រុម កងទ័ព, “រាជ” មានន័យថា អ្នករុងរឿងដោយវិសេសព្រោះមានតេជះក្រៃលែង អ្នកញ៉ាំងប្រជាពលរដ្ឋឱ្យរីករាយ, “អាវុធ” មានន័យថា គ្រឿងប្រហារ ឬគ្រឿងចម្បាំងផ្សេងៗ, “ហត្ថ” មានន័យថា ដៃ។

សរុបមក អត្ថន័យកងរាជអាវុធហត្ថបានថា គឺជាក្រុម ឬកងប្រដាប់ដោយគ្រឿងចម្បាំងផ្សេងៗ ញ៉ាំងប្រជាពលរដ្ឋឲ្យរីករាយ។ កន្លងទៅ សាធារណជនមួយចំនួន មិនទាន់យល់ច្បាស់អំពីតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថនៅឡើយទេ ព្រោះនៅពេលកម្លាំងកងរាជអាវុធហត្ថ ធ្វើការបង្ក្រាបបទល្មើស និងចាប់ខ្លួនជនសង្ស័យ ជាជនស៊ីវិលនៅក្នុងករណីបទល្មើសជាក់ស្តែងមួយ សាធារណជនខ្លះគាត់បាននិយាយថា ហេតុអ្វីបានជាប៉េអឹម “PM” មកចាប់ជនស៊ីវិល ប៉េអឹមចាប់បានតែទាហានប៉ុណ្ណោះ។ ជាមួយគ្នានោះដែរ សាធារណជនខ្លះ​ ពួកគាត់បានហៅកងរាជអាវុធហត្ថថា ប៉េអឹម “PM” ការហៅនេះមិនមែនខុសនោះទេ គឺគ្រាន់តែមិនទាន់ត្រឹមត្រូវទាំងស្រុង ព្រោះពាក្យប៉េអឹម “PM=Police Military” គឺជាតម្រួតយោធា ហើយតម្រួតយោធា គឺគ្រាន់តែជាផ្នែកមួយ នៃតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថតែប៉ុណ្ណោះ។

កងរាជអាវុធហត្ថ ត្រូវបានបង្កើតឡើងនៅក្នុងរបបសង្គមរាស្ត្រនិយម តាមព្រះរាជក្រឹត្យលេខ៤៤៦SN និង៤៤៧ SN ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៥៧ ដោយមានឈ្មោះថា កងរាជអាវុធហត្ថខ្មែរ “GENDARMERIE ROYALE KHMERE អក្សរកាត់ GRK”។ ដោយសារការវិវត្តនៃរបបនយោបាយ កងរាជអាវុធហត្ថខ្មែរ ត្រូវបានប្តូរឈ្មោះទៅជា កងអាវុធហត្ថជាតិ តាមក្រឹត្យលេខ៥៧៤/៧១ ក្នុងរបបសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧១។ កងអាវុធហត្ថជាតិ ត្រូវបានលុបបំបាត់ចោលដូចស្ថាប័នផ្សេងៗដែរ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ នៅចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ គ្មានកម្លាំងកងរាជអាវុធហត្ថទេ គឺមានតែកម្លាំងតម្រួតយោធា ដែលធ្វើកិច្ចការខាងត្រួតត្រាបទបញ្ជា និងពិនិត្យវិន័យ សណ្តាប់ធ្នាប់កងទ័ព។

នៅក្នុងគ្រាអនុវត្តនយោបាយបង្រួបបង្រួមជាតិ នាំដល់ការបង្រួបបង្រួមកងទ័ពនៃបណ្តាភាគីជម្លោះ ឲ្យទៅជាកងទ័ពជាតិតែមួយ គឺស្មារតីនេះហើយ ត្រូវបានបង្កើតអគ្គសេនាធិការដ្ឋាននៃកងទ័ពជាតិកម្ពុជា តាមក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ក្នុងរចនាសម្ព័ន្ធចាត់តាំង អគ្គសេនាធិការដ្ឋាន ក៏មានកងអាវុធហត្ថផងដែរ ។ ហេតុដូចនេះហើយ បានជាកម្ពុជាចាត់ទុកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ជាទិវាបង្កើតកងរាជអាវុធហត្ថ។ នៅពេលនោះ តួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថ មានត្រឹមតែជាតម្រួតយោធាប៉ុណ្ណោះ គឺត្រួតពិនិត្យវិន័យ សណ្តាប់ធ្នាប់កងទ័ព និងបទល្មើសយោធា។

ទន្ទឹមនឹងនេះ អគ្គសេនាធិការនៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីសម្រេចជ្រើសរើសនាយទាហាន នាយទាហានរង និងពលទាហាន តាមកងឯកភាពនានាទូទាំងប្រទេស ដែលមានលក្ខណៈសម្បត្តិល្អតាមការកំណត់ ហើយចាប់ផ្តើមដំណើរការហ្វឹកហ្វឺនជំនាញឯកទេស វិជ្ជាជីវៈ កងរាជអាវុធហត្ថ ដោយមានការជួយឧបត្ថម្ភគាំទ្រពីអាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា “អ៊ុនតាក់”។

យោងតាមសំណូមពរភារកិច្ចក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងឈានទៅពង្រឹងការអនុវត្តច្បាប់ ពង្រឹងលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ នៅឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៥ អនក្រ ចុះថ្ងៃទី១៥ ខែមិថុនា ស្តីពីភារកិច្ច និងរចនាសម្ពន្ធទូទៅនៃកងរាជអាវុធហត្ថ ដែលមាន១៦ មាត្រា និងបានពង្រីកវិសាលភាព តួនាទីភារកិច្ច កងរាជអាវុធហត្ថបន្ថែមទៀត។ អនុក្រឹត្យលេខ២៥នេះ ត្រូវបានកែសម្រួលឡើងវិញ ដោយអនុក្រឹត្យលេខ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពីភារកិច្ច និងរចនាសម្ព័ន្ធទូទៅនៃកងរាជអាវុធហត្ថ ដែលមាន១៦មាត្រាដូចគ្នា ប៉ុន្តែមានការកែសម្រួលខ្លឹមសារមួយចំនួន។

បេសកកម្មរបស់កងរាជអាវុធហត្ថមានចែងក្នុង មាត្រា៤ នៃអនុក្រឹត្យលេខ៧៧ អនក្រ ដូចតទៅ៖

ទី១. រ៉ាប់រងសកម្មភាពខាងប៉ូលិសរដ្ឋបាល៖ រក្សាសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈសន្តិសុខសង្គម និងជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។ កងរាជអាវុធហត្ថរ៉ាប់រងឲ្យមានការគោរពច្បាប់ និងបទបញ្ជាទាំងឡាយ។

ទី២. រ៉ាប់រងសកម្មភាពខាងប៉ូលិសតុលាការ៖ កងរាជអាវុធហត្ថ ជានគរបាលយុត្តិធម៌ នៅពេលដែលទទួលបាននីតិសម្បទា តាមក្រមនីតិវិធីព្រហ្មទណ្ឌ។ កងរាជអាវុធហត្ថពិនិត្យបទល្មើសព្រហ្មទណ្ឌ ទទួលពាក្យបណ្តឹងស្វែងរកវត្ថុតាង ចាប់យកវត្ថុតាង និងអាចឃាត់ខ្លួនបុគ្គលដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងច្បាប់ជាធរមាន។

ទី៣. បំពេញបេសកកម្មដែលមានលក្ខណៈពិសេសខាងយោធា៖ ទទួលបន្ទុករក្សាសុវត្ថិភាព បំពេញតួនាទីជាកងកិត្តិយស ការពារទីតាំងយោធា និងកិច្ចការ ប៉ូលីសយោធានៅក្នុង និងក្រៅទីតាំងកងទ័ព។

ទី៤. ផ្តល់កម្លាំងទៅជួយក្រសួងនានា ដែលបានស្នើសុំតាមសេចក្តីត្រូវការចាំបាច់៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម