ព័ត៌មានជាតិ
សង្គមស៊ីវិលជំរុញឲ្យសមត្ថកិច្ច ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំចិន
មន្ត្រីសង្គមស៊ីវិល ដែលធ្វើការងារពាក់ព័ន្ធ នឹងបញ្ហាចរាចរណ៍ បានជំរុញ និងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខនេះ ដើម្បីកាត់បន្ថយករណីគ្រោះចរាចរណ៍ នៅតាមដងផ្លូវ។
លោក គឹម បញ្ញា នាយកប្រចាំប្រទេស នៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២នេះថា ក្រុមអង្គការសង្គមស៊ីវិល ដែលពាក់ព័ន្ធការងារពាក់ព័ន្ធ នឹងបញ្ហាចរាចរណ៍ តែងតែអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ ត្រូវតែពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានខ្លាំងក្លានៅពេលមានពិធីបុណ្យទានម្ដងៗ ហើយជូនដំណឹងទៅដល់ប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរជុំវិញការអនុវត្តនេះ ផងដែរ។

លោកថា ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ហើយមានការជូនដំណឹងយ៉ាងដូច្នេះ គឺជាការពញាក់អារម្មណ៍មួយដល់ប្រជាពលរដ្ឋ ដែលជាអ្នកបើកបរថា នៅលើផ្លូវនេះមាននគរបាល អនុវត្តច្បាប់ចរាចរណ៍។ ដូច្នេះពួកគាត់ នឹងមានការបន្ថយល្បឿន និងប្រុងប្រយ័ត្ន ជាក់ជាមិនខាន។
លោក គឹម បញ្ញា បានបន្ថែមថា «ជារួមមកវិញខ្ញុំគិតថា ដើម្បីយើងកាត់បន្ថយបញ្ហាគ្រោះថ្នាក់ នៅក្នុងអំឡុងពិធីបុណ្យសំខាន់ៗ របស់ជាតិយើងហ្នឹង ឬដោយមានការប្រារព្ធចូលរួមដែរហ្នឹង ដូចជាពិធីបុណ្យចូលឆ្នាំចិន-វៀតណាម អីចេះនេះ យើងគួរតែមានការពង្រឹងការអនុវត្តហ្នឹងខ្លាំងដែរ នៅក្នុងអំឡុងពេលនោះ ហើយជូនដំណឹងជូនប្រជាពលរដ្ឋ ឲ្យបានដឹងមុន ឲ្យគាត់មានការប្រុងប្រយ័ត្ន ព្រោះបើសិនជាមិនអញ្ចឹងទេ គាត់អាចនឹងគ្រោះថ្នាក់ ឬក៏ប្រឈមនឹងការពិន័យ បើសិនគាត់បើកបរមិនគោរពច្បាប់ ហើយខ្ញុំគិតថា ធ្វើរបៀបហ្នឹង គឺយើងនឹងអាចកាត់បន្ថយបានច្រើនៗ»។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ បានសេចក្ដីណែនាំ ស្ដីពី កិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន និងវៀតណាម។
ក្នុងសេចក្ដីណែនាំនោះ អគ្គស្នងការនគរបាលជាតិ បានប្រាប់ឲ្យកម្លាំងនគរបាលនាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការនគរបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់រៀបចំ សណ្ដាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ និងបង្កើនការរឹតបន្តឹងការអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅសួរសុខទុក្ខបងប្អូន ឬទៅកំសាន្ដតាមតំបន់រមណីដ្ឋាននានា ប្រព្រឹត្តទៅដោយក្ដីសប្បាយរីករាយ និងសុវត្ថិភាព។
លោក គឹម បញ្ញា នាយកប្រចាំប្រទេស នៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) បានលើកឡើងទៀតថា មូលហេតុ ដែលករណីគ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានច្រើន នៅពេលមានពិធីបុណ្យទានធំៗម្ដងនោះ ក៏ព្រោះតែនៅក្នុងពិធីបុណ្យទាន នឹងមានការធ្វើចរាចរណ៍ពីកន្លែងមួយ ទៅកន្លែងមួយច្រើន ដែលអាចនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាយថាហេតុ។
លោកថា ចំណុច នៃការធ្វើដំណើរតាមដងផ្លូវច្រើន គឺជាបញ្ហាប្រឈមដែលនាំឲ្យមាន ករណីគ្រោះថ្នាក់ចរាចរណ៍ហើយ តែអ្វីដែលសំខាន់ទៀតនោះ គឺប្រជាពលរដ្ឋម្នាក់ៗ ត្រូវចូលរួមបង្ការទប់ស្កាត់កុំករណីនេះកើតឡើង តាមរយៈការកុំពិសារគ្រឿងស្រវឹង នៅពេលបើកបរ, ត្រូវមានការប្រុងប្រយ័ត្នខ្ពស់, ត្រូវត្រួតពិនិត្យយានយន្ដរបស់ខ្លួន មុនពេលធ្វើដំណើរផ្លូវឆ្ងាយ។
កន្លងទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ តែងតែអប់រំណែនាំទៅដល់អ្នកបើកបរទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ននៅពេលបើកបរ, យោគយល់អធ្យាស្រ័យគ្នា, និងកុំពិសារគ្រឿងស្រវឹងនៅពេលបើកបរជាដើម។ ប៉ុន្តែលោក គឹម បញ្ញា នាយកប្រចាំប្រទេស នៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) បានលើកឡើងថា ប្រជាពលរដ្ឋ ដែលជាអ្នកបើកបរមួយចំនួន គឺមានការយល់ដឹងច្រើនហើយ តែនៅពេលធ្វើដំណើរលើដងផ្លូវជាក់ស្ដែង គឺហាក់ដូចជាមិនសូវ មានការប្រុងប្រយ័ត្ន នោះឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ