ព័ត៌មានជាតិ
CMAC ប្រកាសរាជធានី-ខេត្តបី លែងជាតំបន់រងគ្រោះ ដោយគ្រាប់មីនប្រឆាំងមនុស្ស
អង្គភាពស៊ីម៉ាក់ CMAC បានប្រកាសថា ខេត្តកណ្តាល ខេត្តកែប និងរាជធានីភ្នំពេញ លែងជាតំបន់រងផលប៉ះពាល់ដោយសារ គ្រាប់មីនប្រឆាំងមនុស្សមុនគេនៅក្នុងប្រទេសកម្ពុជា។

តាមរយៈទំព័រហ្វេប៊ុកនៅថ្ងៃនេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថា« អង្គភាពស៊ីម៉ាក់មានសេចក្តីរីករាយសូមជំរាបជូនដំណឹងថា អង្គភាពស៊ីម៉ាក់បានសម្រេចភារកិច្ចក្នុងការបញ្ចប់កិច្ចប្រតិបតិ្តការរំដោះផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់មីនប្រឆាំងមនុស្ស ដែលបានដឹងនិងមានកំណត់ត្រាពហុកោណក្នុងទិន្នន័យជាតិ ស្ថិតក្នុងខេត្តកែប ខេត្តកណ្តាលនិងរាជធានីភ្នំពេញបន្តបន្ទាប់ទាំងស្រុងហើយ»។

លោកអគ្គនាយកបានបន្តថា ខេត្តកណ្តាលមានចំនួន៣ពហុកោណ (ចម្ការមីន) មានផ្ទៃដីចំនួន ៦៤ហិចតា ខេត្តកែប មានចំនួន៨ពហុកោណ ស្មើនឹង៦៩,៨ ហិចតា និងរាជធានីភ្នំពេញមានចំនួន៨ពហុកោណស្មើនឹង ៩៨៣ហិចតា។
លោកអគ្គនាយកបានបន្តទៀតថា ខេត្តទាំង២គឺខេត្តកណ្តាល និងខេត្តកែប ព្រមទាំងរាជធានីភ្នំពេញ ជាខេត្ត/រាជធានី អស់តំបន់រងការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមុនគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក ហេង រតនា បន្ថែមថា ជាទិសដៅបន្តគឺអង្គភាពស៊ីម៉ាក់នឹងចល័តកំលាំងចូលទៅខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តតាកែវ ដែលជាគោលដៅបញ្ចប់បញ្ហាគ្រាប់មីនប្រឆាំងមនុស្សក្នុងឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា ការប្រកាសថាខេត្តគ្មានតំបន់គំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សឬហៅថា”ខេត្តគ្មានគ្រាប់មីន” វាគ្មានន័យថា “ខេត្តទាំងនោះអស់បញ្ហាជាមួយសំណល់យុទ្ធភណ្ឌសង្គ្រាមនោះទេ” ការពិតអាចបន្តមានបញ្ហាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមដទៃទៀត ដូចជាគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ និងសំណល់គ្រាប់មិនទាន់ផ្ទុះផេ្សងៗ ក្រៅពីគ្រាប់មីនប្រឆាំងមនុស្ស។
លោកអគ្គនាយកបានឱ្យដឹងទៀតថា «សូមចៀសវាងមានការយល់ច្រឡំថា “ខេត្តគ្មានគ្រាប់មីន” ជាខេត្តអស់បញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមដទៃទៀតនោះ “ខេត្តគ្មានគ្រាប់មីន” ធាតុពិតខេត្តនោះមិនទាន់អស់បញ្ហាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាមរតកពីសង្គ្រាមផ្សេងៗទៀតដូចជាគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោមនិងគ្រប់មិនទាន់ផ្ទុះគ្រប់ប្រភេទនៅឡើយទេ! ដូចនេះសូមបន្តប្រុងប្រយត្ន័និងរួមគ្នាបន្តចាត់វិធានបោសសំអាតគ្រាប់មិនផ្ទុះទាំងនោះឱ្យអស់ពីព្រះរាជាណាចក្រនេះ »។
ដោយសារបញ្ហាគ្រាប់មីនប្រឆាំងមនុស្ស គឺស្ថិតនៅក្រោមអនុសញ្ញាអន្តរជាតិអូតាវ៉ា ដែលមានសមាជិកហត្ថលេខីចំនួន ១៦៤ប្រទេស ក្នុងចំនួននេះមានប្រទេសចំនួន១៣៣ជារដ្ឋសមាជិក ដោយបូករួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ រាជរដ្ឋាភិបាលក្នុងនាមជារដ្ឋសមាជិកមួយសកម្មបានប្តេជ្ញាអនុវត្តអនុសញ្ញានេះយ៉ាងពេញលេញដោយអនុម័នផែនការយុទ្ធសាស្ត្រកម្ពុជាគ្មានគ្រាប់មីននៅចុងឆ្នាំ២០២៥។ ដូចនេះគោលដៅសំខាន់គឺតំរង់ទិសសំរេចបញ្ហាគ្រាប់មីនប្រឆាំងមនុស្សមួយនេះ ឱ្យខានតែបានត្រឹមឆ្នាំ២០២៥។ នេះជាការបញ្ជាក់របស់លោក ហេង រតនា។
ផ្អែកតាមផែនការរបស់រាជរដ្ឋាភិបាលនេះ អង្គភាពស៊ីម៉ាក់បានដាក់ចេញផែនការយុទ្ធសាស្ត្រ៤ឆ្នាំ(២០២២-២០២៥) រំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនប្រឆាំងមនុស្សដែលបានដឹងនិងមានកំណត់ត្រាក្នុងទិន្នន័យជាតិចំនួនជាង៧០០គីឡូម៉ែត្រក្រឡា លើចំនួននៅសល់ប្រមាណ៨០០គីឡូម៉ែត្រក្រឡាគឺប្រមាណ៩០%នៃបញ្ហាគ្រាប់មីនដែលសល់៕ អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


