Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចមិនទាន់បាននាំខ្លួនលោក សៀម ភ្លុក ចូលតុលាការនៅឡើយទេ ខណៈមានព័ត៌មានថា លោក​កំពុងភៀសខ្លួន

បានផុស

នៅ

សមត្ថកិច្ចមិនទាន់បាននាំខ្លួនលោក សៀម ភ្លុក ​អតីត​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ដែលត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យនាំខ្លួនឲ្យបានមុនថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០​២២នៅឡើយទេ ខណៈលេចលឺព័ត៌មានពីខាងមេធាវីថា លោក សៀម ភ្លុក កំពុងតែភៀសខ្លួនស្នាក់នៅកន្លែងសុវត្ថិភាពមួយរយៈ។

កាលពីថ្ងៃទី ៤ ខែមេសាកន្លងទៅនេះ លោក សៀម ភ្លុក ​អតីត​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យនាំខ្លួន ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង។

នៅក្នុងដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លិ សុខា បានឲ្យដឹងថា អតីតស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ត្រូវបានចោទប្រកាន់ ២បទល្មើស រួមមាន៖ បទក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ ដែលបទល្មើសដែលមានចែង និងឲ្យផ្តន្ទាទោសតាមមាត្រា ៦២៦, មាត្រា ៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងដីកាដដែល បានបញ្ជាក់ថា ដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ សៀម ភ្លុក មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត។ ហេតុដូច្នេះសម្រេច៖ ១. ឲ្យនាំខ្លួនឈ្មោះ សៀម ភ្លុក ភេទប្រុស ដែលមានអត្តសញ្ញាណខាងលើនេះ។ ២. បង្គាប់មកកងកម្លាំងសាធារណៈឲ្យនាំខ្លួនជនត្រូវចោទខាងលើនេះ មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ ជាកំហិត ដើម្បីចាត់ការតាមច្បាប់។

ប្រភពព័ត៌មានពីសមត្ថកិច្ចរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី ១៩ ខែមេសានេះថា សមត្ថកិច្ចមិនទាន់ឃាត់ខ្លួនលោក សៀម ភ្លុក បាននៅឡើយទេ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។ ទោះជាបែបណាក៏ដោយ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «មន្ត្រីអនុវត្តច្បាប់ បើមានដីកា គឺត្រូវតែអនុវត្តតាមច្បាប់»។

លោក សៀម ភ្លុក មានទីកន្លែងកំណើតនៅភូមិ ៤ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោកមានអាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ ៩២E1 ផ្លូវលេខ ១៩៣ ភូមិ ៤ សង្កាត់ទួលស្វាយ​ព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នៅក្នុងដីកា របស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមេសា បានបញ្ជាក់ថា សមត្ថកិច្ច បានបញ្ជូនដីកាកោះទៅដល់អាសយដ្ឋានរបស់ជនត្រូវចោទ តែទីតាំងនោះត្រូវបានបិទតាំងពីឆ្នាំ ២០២១ ហើយមិនអាចទាក់ទងទៅជនត្រូវចោទបានឡើយ។

សូមជម្រាបថា ក្រសួងមហាផ្ទៃ ​បាន​បដិសេធ​ចំពោះ​សំណើ​ស្នើសុំ​ចុះបញ្ជី​ របស់​គណបក្ស​បេះដូង​ជាតិ ក្នុង​បញ្ជី​គណ បក្សនយោបាយ ​នៅ​ក្រសួងមហាផ្ទៃ​។ ការបដិសេធ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួងមហាផ្ទៃ ​បាន​រកឃើញថា ការ​ផ្តិត​ស្នាម​មេដៃ​របស់​សមាជិក​ ដើម្បី​គាំ​ទ្រក្នុង​ការសុំ​ចុះបញ្ជី​ មាន​ចេតនា​ទុច្ចរិត ដោយ​មានការ​ផ្តិត​ស្នាម​មេដៃ​ជំនួស ការ​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្ដិត​ធ្វើ​ឲ្យ​ខូចគុណភាព ​ដើម្បី​បង្កើន​បរិមាណ​ចំនួន​សមាជិក​។

លិខិត​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ផ្ញើជូន​លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ចុះ​ថ្ងៃទី ​១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២១ បានបញ្ជាក់​ថា ផ្អែក​តាម​បទ​ប្បញ្ញត្តិនៃ​ច្បាប់ ស្តីពី ​គណបក្សនយោបាយ ក្រសួងមហាផ្ទៃ ​សម្រេច​បដិសេធ​ការសុំ​ចុះបញ្ជី​របស់ «​គណបក្ស​បេះដូង​ជាតិ​» ដោយសារ​ការ​ផ្តិត​ស្នាម​មេដៃ​ របស់​សមាជិក​គណ​បក្ស​​បេះដូង​ជាតិ ដើម្បី​គាំ​ទ្រ​ក្នុង​ការសុំ​ចុះបញ្ជី​មាន​ចេតនា​ទុច្ចរិត ដោយ​មានការ​ផ្តិត​ស្នាម​មេដៃ​ជំនួស ​ការ​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្ដិត​ធ្វើ​ឲ្យ​ខូចគុណភាព ​ដើម្បី​បង្កើន​បរិមាណ​ចំនួន​សមាជិក ព្រមទាំង​ខ្លឹមសារ​ប្រការ​មួយចំនួននៃ​លក្ខន្តិកៈគណបក្ស​ ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិនៃ​ច្បាប់ ​ស្តីពី ​គណបក្សនយោបាយ​ផងដែរ​។

ជាមួយគ្នានេះ តុលាការក៏​បាន​ចេញ​ដីកា​កោះហៅ​លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ​ឲ្យ​ចូលខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំ​ពេញ កាលពី​ថ្ងៃទី ​២២ ខែមីនា ឆ្នាំ ២០២២ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿងនេះ​។ លោក សៀម ភ្លុក កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២កន្លងទៅនេះ បានប្រកាស​ចូលរួម​ជីវភាព​នយោបាយ ​ជាមួយ​គណបក្ស​ភ្លើងទៀន៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម