ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ស ថេត ណែនាំមន្ត្រីនគរបាលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួន
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនគរបាលដែលទើបតែងតាំងថ្មីទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនឲ្យបានល្អ ជាពិសេសត្រូវបម្រើអង្គភាព និងប្រជាពលរដ្ឋឲ្យបានល្អបំផុត។
នៅព្រឹកថ្ងៃទី ២១ ខែមេសានេះ ដោយទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្នុងពិធីនេះ នាយនគរបាលចំនួន ២រូប ត្រូវបានតែងតាំងជាស្នងការរង, ២រូប ត្រូវបានតែងតាំងជានាយការិយាល័យ, និង ១រូប ត្រូវបានតែងតាំងជាអធិការនគរបាលខណ្ឌជ្រោយចង្វារ។ ជាកិច្ចចាប់ផ្ដើមលោកវរសេនីយ៍ឯក ងួន ស៊ីរ៉ា នាយការិយាល័យបុគ្គលិក បានឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង និងសេចក្តីសម្រេច ស្តីពី ការបែងចែកភារកិច្ចជូនស្នងការរង ជូនដល់អង្គពិធីផងដែរ។ ជាកិច្ចបន្តលោកស្នងការរង ទើបតែងតាំងថ្មី បានឡើងមានមតិចាប់អារម្មណ៍ និងប្តេជ្ញាចិត្តរបស់តំណាងនាយនគរបាលជាតិ ចំពោះមុខលោកប្រធានអង្គពិធី និងអង្គពិធីទាំងមូលផងដែរ ។
នៅក្នុងពិធីនោះលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលរួមអបអរសាទរ ដល់នាយនគរបាលទាំងអស់ ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី។ ក្នុងនោះ លោកស្នងការបានណែនាំដល់មន្ត្រី ដែលទើបតែងតាំងថ្មីទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ខិតខំបំពេញតួនាទីភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនឲ្យបានល្អ ត្រូវបម្រើអង្គភាព និងប្រជាពលរដ្ឋឲ្យបានល្អបំផុត។
ជាមួយគ្នានេះលោកស្នងការ ក៏បានណែនាំដល់លោកនាយការិយាល័យសណ្តាប់ធ្នាប់ ដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំង ដើម្បីចុះរៀបចំសណ្តាប់ធ្នាប់ តាមគ្រប់គោលដៅដែលតែងតែប្រឈមបញ្ហាចត ឬលក់ដូរគ្មានសណ្តាប់ធ្នាប់។ ចំពោះលោកអធិការនគរបាលខណ្ឌជ្រោយចង្វារ ដែលទើបតែងតាំងថ្មី ក៏ត្រូវបានណែនាំឲ្យយកចិត្តទុកដាក់ខ្ពស់ លើការដឹកនាំអង្គភាព ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ជាពិសេសត្រូវមានផែនការច្បាស់លាស់ ក្នុងការរៀបចំចាត់ចែងកម្លាំង ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាការផ្តល់សេវាសាធារណ:ទូទៅ ជូនប្រជាពលរដ្ឋឲ្យបានល្អ ។
នៅក្នុងពិធីដដែលនោះ លោកស្នងការ ក៏បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការជួយសម្រួលចរាចរណ៍មុនពេលចូលឆ្នាំ ពេលចូលឆ្នាំ និងក្រោយពេលចូលឆ្នាំ។
លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់លោកស្នងការរង លោកអធិការ លោកនាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការតាមដាន គ្រប់គ្រងឲ្យបានច្បាស់លាស់នូវជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅ ដោយខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ។ ម្យ៉ាងវិញទៀតមន្ត្រីទាំងអស់ មិនត្រូវធ្វើអ្វីដែលខុសច្បាប់ បើរកឃើញកំហុស និងមានភស្តុតាងច្បាស់លាស់ នោះនឹងត្រូវដកតួនាទី ឋាន្តរស័ក ឬអនុវត្តតាមវិន័យកងកម្លាំង ដើធ្ងន់ធ្ងរត្រូវបញ្ជូនទៅអនុវត្តបន្ត តាមនីតិវិធីច្បាប់។
ចំពោះការងារបង្ការ និងជួយសង្គ្រោះករណីមានអគ្គិភ័យ កម្លាំងជំនាញត្រវត្រៀមជាប្រចាំ ដើម្បីចេញសង្គ្រោះឲ្យបានឆាប់ និងទាន់ពេលវេលា។ ម្យ៉ាងវិញទៀត មន្ត្រីជំនាញត្រូវរៀបចំផែនការ ដើម្បីចុះធ្វើការណែនាំអប់រំអំពីវិធីបង្ការ និងទប់ស្កាត់អគ្គិភ័យ ជាពិសេសសំខាន់ផ្តោតលើទីតាំង ដែលប្រឈមដូចជាស្ថានីយលក់ប្រេង ទីតាំងលក់ហ្គាសជាដើម។
ទាក់ទងទៅនឹងការគ្រប់គ្រងកម្លាំង លោកស្នងការបានណែនាំដល់លោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ លោកអធិការ លោកនាយប៉ុស្តិ៍ទាំងអស់ ត្រូវគ្រប់គ្រងកម្លាំងឲ្យបានច្បាស់លាស់ ងាយស្រួលចាត់ចែងដឹកនាំបញ្ជា នៅពេលមានបញ្ហា ឬបទល្មើសផ្សេងៗកើតឡើងជាយថាហេតុ។
ដោយសង្កេតឃើញថា កម្លាំងនៃការិយាល័យអន្តរាគមន៍ កម្លាំងនៃការិយាល័យចរាចរណ៍ បានបំពេញភារកិច្ចយ៉ាងច្រើនជូនអង្គភាព និងប្រជាពលរដ្ឋ លោកស្នងការ បានណែនាំដល់លោកស្នងការរងទទួលផែនធនធានមនុស្ស ឲ្យពិនិត្យមើលលើការរៀបចំដំឡើងឋានន្តរស័ក ក៏ដូចជាការរៀបចំលិខិតសរសើរជូនដល់មន្ត្រីទាំងនោះ ដើម្បីជាការលើទឹកចិត្ត និងជាការតបស្នងដល់ការខិតខំ និងលះបង់របស់ពួកគាត់។ ជាចុងក្រោយលោកស្នងការ បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវខិតខំបន្ថែមដើម្បីបម្រើសង្គមជាតិ អង្គភាព និងប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត និងថែរក្សាដោយអនុវត្តឲ្យបានល្អនូវវិធានការណ៍ ៣កុំ ៣ការពារ៕
អត្ថបទ៖ ឃួន សុភ័ក្រ






-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


