Connect with us

ព័ត៌មានជាតិ

ការអនុវត្តរបបសោធន ជាការកាត់បន្ថយគម្លាតប្រាក់ចំណូលរវាង អ្នកមាន និងអ្នកក្រ

បានផុស

នៅ

លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. បានមានប្រសាសន៍ថា ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ គឺក្នុងគោលបំណងដើម្បីកាត់បន្ថយគម្លាតប្រាក់ចំណូលរវាងអ្នកមាន និងអ្នកក្រដែលធ្វើឱ្យសង្គមមានស្ថិរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីផ្សព្វផ្សាយលើកទី៥ ក្នុងយុទ្ធនាការ ៩០ថ្ងៃ ស្ដីពី របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្ដីពី ការងារ នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ លោករដ្ឋមន្ត្រីបានបន្តថា ការបង្កើតឱ្យមានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ ជាពិសេសកាត់បន្ថយនូវគម្លាតប្រាក់ចំណូលរវាងអ្នកមាន និងអ្នកក្រ ដើម្បីធានាឱ្យមានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម។

លោករដ្ឋមន្ត្រីបានបន្តថា៖ “បច្ចុប្បន្ននេះនៅក្នុងសង្គមមានអ្នកមាន និងអ្នកក្រ អ្នកខ្លះរកស៊ីសល់ប្រាក់រាប់ម៉ឺន ឬរាប់លានដុល្លារ ដោយសារអាជីវកម្មរបស់គេមានការរីកចម្រើន តែក៏មានប្រជាពលរដ្ឋខ្លះធ្វើការមន្ត្រីរាជការ កម្មករនិយោជិតដោយពឹងផ្អែកលើប្រាក់ឈ្មួលប្រចាំខែ លុះដល់ពេលគាត់ឈានដល់វ័យចូលនិវត្តន៍អាយុ ៦០ ឆ្នាំ អ្នកខ្លះមិនបានសល់ប្រាក់សម្រាប់ចាស់ទេ ហើយពេលមានជំងឺ ឬចូលពេទ្យអីនឹងក៏មិនមានប្រាក់ដែរ។ អ៊ីចឹងទេនេះជាឱកាសល្អសម្រាប់បងប្អូនកម្មករនិយោជិត ដោយគ្រាន់តែចំណាយ ២ ភាគរយនៃប្រាក់ឈ្មួលនឹងទទួលបានអត្ថប្រយោជន៍ជាច្រើននៅពេលចាស់ ចូលពេទ្យអត់អស់ថវិកា និងមានប្រាក់ប្រចាំខែទៀត”។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ “ប្រសិនបើគ្មានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះទេ នៅពេលដែលបងប្អូនដល់អាយុចូលនិវត្តន៍ វ័យកាន់តែចាស់ សុខភាពចុះខ្សោយ មិនអាចប្រកបរបរ ឬធ្វើការពេញលេញដើម្បីរកប្រាក់ចំណូលបាន នោះបងប្អូននឹងប្រឈមហានិភ័យខ្ពស់ អាចធ្លាក់ចូលក្រោមបន្ទាត់ភាពក្រីក្រ ព្រោះនៅពេលដែលឈឺគ្មានថវិកាដើម្បីព្យាបាល ប៉ុន្ដែនៅពេលដែលបងប្អូនមានផ្នែកប្រាក់សោធននេះ បងប្អូននឹងទទួលបានប្រាក់ចូលនិវត្តន៍ រួមទាំងការថែទាំសុខភាពដោយឥតគិតថ្លៃ”។

លោករដ្ឋមន្ត្រីបានបន្តទៀតថា របបសោធននេះតម្រូវឱ្យនិយោជក បង់វិភាគទាន ២ ភាគរយ។ ប្រាក់ដែលនិយោជកបង់ ២ ភាគរយនេះ អ្នកដែលទទួលផលគឺកម្មករនឹងទទួលបានប្រាក់ ៤ ភាគរយស្មើនឹង ១០០ ភាគរយនៅពេលដល់អាយុចូលនិវត្តន៍៦០ឆ្នាំ។

លោករដ្ឋមន្ត្រីបានបន្ថែមថា៖ “ចំណែកនិយោជកវិញនឹងទទួលបានផលិតភាពការងារបានកាន់តែប្រសើរ ព្រោះថាវាគឺជាការលើកទឹកចិត្តដល់កម្មករនិយោជិតឱ្យខិតខំធ្វើការងារ នឹងមានសង្ឃឹមខ្ពស់នៅពេលដែលពួកគាត់ចាស់ទៅធ្វើការលែងកើត និងសុខភាពចុះខ្សោយ នៅពេលនោះគាត់នឹងទទួលបានអត្ថប្រយោជន៍ និងការការពារពី ប.ស.ស. ផ្នែកប្រាក់សោធន និងផ្នែកថែទាំសុខភាពដែលនេះបានមកពីការចូលរួមរបស់ភាគីនិយោជក និងភាគីនិយោជិតខ្លួនឯងផ្ទាល់”។

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានមានប្រសាសន៍ថា របបសន្តិសុខសង្គមផ្នែកសោធននេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ ប៉ុន្តែដោយសារតែរបបនេះថ្មីសម្រាប់កម្ពុជា ទើបសម្រេចពន្យាពេលអនុវត្តរហូតដល់ថ្ងៃទី១ ខែតុលា និងចាប់ផ្តើមបង់វិភាគទានចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២តទៅ។

លោកបានបន្តថា ការពន្យាពេល ៩០ ថ្ងៃនេះ គឺដើម្បីឱ្យក្រុមការងារ ប.ស.ស. ចុះអប់រំផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន នេះ ដល់និយោជក និងកម្មករនិយោជិតនៅទូទាំងប្រទេសឱ្យយល់ដឹងឱ្យកាន់តែច្បាស់ពីកាតព្វកិច្ចក្នុងការបង់វិភាគទាននិងអត្ថប្រយោជន៍ផ្សេងៗពីការបង់នេះ។

លោកបានបន្ថែមថា ក្រុមការងារ ប.ស.ស. នឹងចុះផ្សព្វផ្សាយស្តី របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនដល់កម្មករនិយោជិតនៅក្នុងសប្តាហ៍នេះ ដោយបែងចែកជា ៨ ក្រុម ក្នុង១ក្រុម មាន១០នាក់ មានអ្នកផ្សព្វផ្សាយ និងអ្នកទំនាក់ទំនងតាមរោងចក្រសហគ្រាស ក្នុងនោះមាន ៤ក្រុមចុះផ្សព្វផ្សាយនៅរាជធានីភ្នំពេញ និង៤ក្រុមទៀតចុះនៅតាមខេត្ត។

លោកបានបន្តថា ការព្វផ្សព្វផ្សាយនេះគឺផ្តោតទៅលើរោងចក្រសហគ្រាសនៅតាមតំបន់សួនឧស្សាហកម្មតំបន់សេដ្ឋកិច្ចពិសេស ពិសេសតំបន់ដែលរោងចក្រសហគ្រាសច្រើនដោយធ្វើយ៉ាងណាបញ្ជ្រាបរបបសន្តិសុខសង្គមផ្នែកសោធននេះដល់កម្មករឱ្យបាន ៨០ ភាគរយនៃកម្មករសរុបរបស់ ប.ស.ស. ប្រមាណ ១ លាន ៤ សែននាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម