ព័ត៌មានជាតិ
លោក គីម រិទ្ធី ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តព្រះវិហារ នៅថ្ងៃនេះ
លោក គីម រិទ្ធី កូនរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណ ដែលត្រូវចូលនិវត្តន៍។

ពិធីប្រកាសលោក គីម រិទ្ធី ចូលកាន់មុខតំណែងជាអភិបាលខេត្តព្រះវិហារនេះ បានធ្វើឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២នេះ។ ក្រៅពីនេះ ក៏មានការប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារចំនួន ២រូបផងដែរ គឺលោក វ៉ាត ប៉ារ៉ានីន និងលោក ណុប វុធ្ធី។

បន្ទាប់ពីបានស្តាប់ការប្តេជ្ញាចិត្តរបស់លោក គីម រិទ្ធី អភិបាលថ្មី នៃគណៈអភិបាលខេត្តព្រះវិហាររួចមក,សម្តេចក្រឡា ហោម ស ខេង បានណែនាំដល់មន្រ្តីរាជការថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំបន្តរក្សាស្ថិរភាពនយោបាយ សន្តិសុខសាធារណៈ ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមច្រករបៀង ទប់ស្កាត់ការលាងលុយកង្វក់ ការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស។

ម្យ៉ាងទៀត ត្រូវបន្តខិតខំការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមរយៈការខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លី ការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ បន្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ព្រមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកប ដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស។ បន្ថែមពីលើនេះ សម្តេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសំណូមពរដល់អាជ្ញាធគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ការខិតខំបន្តអនុវត្តកម្មវិធីកំណែទម្រង់វិជ្ឍការ វិសហមជ្ឍការ ដំណាក់កាលទី ២ (២០២១-២០៣០) ការផ្ទេរធនធាន និងសិទ្ធអំណាចដល់ថ្នាក់ក្រោមជាតិជាដើម។

ជាចុងក្រោយសម្តេចក្រឡាហោម ស ខេង បានសំណូមពរឲ្យមានសាមគ្គីភាពល្អក្នុងជួរគណៈអភិបាល និងក្រុមប្រឹក្សាខេត្ត សំដៅប្រសិទ្ធភាពនៃការងារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការដោះស្រាយបញ្ហា ក៏ដូចសំណូមពរនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមជម្រាបថា លោក គីម រិទ្ធី ត្រូវបានព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២។ មុនចូលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ គឺលោក គីម រិទ្ធី ធ្លាប់មានតួនាទីជាអគ្គនាយករង នៃអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ, អភិបាលរងខេត្តកណ្ដាល, ហើយបច្ចុប្បន្នលោក ក៏មានតួនាទីជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១៩ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


