ព័ត៌មានជាតិ
អគារពហុព្យាបាលកម្ពស់ ៨ ជាន់ នៅមន្ទីរពេទ្យអង្គឌួងសម្រេចការសាងសង់បាន៩០%
រហូតមកដល់ពេលនេះអគារពហុព្យាបាលមានកម្ពស់ ៨ ជាន់ដ៏ថ្មីសន្លាងមួយទៀតស្ថិតនៅក្នុងមន្ទីរពេទ្យព្រះអង្គឌួងសម្រេចការសាងសង់បានប្រមាណ៩០ភាគរយហើយ គ្រោងនឹងសាងសង់រួចរាល់ នៅខែតុលាឆ្នាំ២០២២ខាងមុខនេះ។

លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២១សីហានេះថា អគារពហុព្យាបាល ដែលមានកម្ពស់ ៨ ជាន់នេះ បានចាប់ផ្តើមសាងសង់កាលពីខែមេសា ឆ្នាំ ២០២១ ដែលរហូតមកដល់ពេលនេះសម្រេចការសាងសង់បានចំនួន៩០ភាគរយ ដោយចំណាយថវិកាប្រមាណ ៣ លានដុល្លារអាមេរិកជាថវិការបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់។
លោកសាស្ត្រាចារ្យបានបន្ថែមថា បច្ចុប្បន្ននេះមន្ទីរពេទ្យមានអគារថ្មីចំនួន៣រួចមកហើយ គឺទី១អគារព្យាបាលភ្នែកមានកម្ពស់ ៣ ជាន់ជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ទី២អគារត្រចៀកច្រមុះបំពង់កកម្ពស់ ៥ ជាន់តម្លៃ ៨ លានដុល្លារ ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង និងអគារកម្ពស់ ៥ ជាន់ដែលជាថវិការបស់រដ្ឋសម្រាប់ព្យាបាលជំងឺទូទៅដែលមានគ្រែសរុប៥៣០គ្រែខណៈកាលពីឆ្នាំ២០០៨មន្ទីរពេទ្យមានគ្រែត្រឹមតែ៨០គ្រែប៉ុណ្ណោះ។ប៉ុន្តែនៅពេលអគារកម្ពស់៨ជាន់ដាក់ដំណើរការនឹងធ្វើឱ្យចំនួនគ្រែកើនឡើងដល់ទៅ៧៣០គ្រែ។

លោកនាយកមន្ទីរពេទ្យ បានបញ្ជាក់ថា ការកសាងអគារថ្មីជាបន្តបន្ទាប់នេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺ ដែលមកទទួលសេវានៅមន្ទីរពេទ្យចេះតែមានការកើនឡើងជាលំដាប់ព្រោះថាក្នុង១ថ្ងៃមន្ទីរពេទ្យបានទទួលអ្នកជំងឺមកពិគ្រោះជំងឺក្រៅប្រមាណពី១៣០០ទៅ១៥០០នាក់ ដែលភាគច្រើនជាប្រជាពលរដ្ឋទូទៅ និងកម្មកររោងចក្រ និងវះកាត់ជាមធ្យមក្នុង១ថ្ងៃចំនួន១៣០នាក់ ក្នុងនោះវះកាត់ភ្នែក ត្រចៀក ច្រមុះ និងបំពង់កប្រមាណ១០០នាក់។
លោកនាយកមន្ទីរពេទ្យ សង្ឃឹមថា នៅពេលសាងសង់អគារបានរួចរាល់នោះ នឹងធ្វើឱ្យមន្ទីរពេទ្យព្រះអង្គឌួងក្លាយជាមន្ទីរពេទ្យរដ្ឋមួយទំនើប ក្នុងចំណោមមន្ទីរពេទ្យរដ្ឋផ្សេងៗទៀត ពិសេសជួយក្នុងការសម្រួលដល់ការសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យផ្ទាល់តែម្តង ពិសេសជួយបំពេញការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក៏ដូចជាបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីរពេទ្យព្រះអង្គឌួងឱ្យល្អប្រសើរមួយកម្រិតទៀត។ គោលការណ៍មន្ទីរពេទ្យបានកំណត់ថាក្នុង១ថ្ងៃត្រូវពិនិត្យអ្នកជំងឺម្នាក់ឱ្យចប់សព្វគ្រប់តែម្តងទាំងការពិគ្រោះ ថតឆ្លុះ មើលឈាមមុននឹងដាក់កម្មវិធីវះកាត់លើកលែងតែក្នុងករណីអ្នកជំងឺវះកាត់ខ្លះដែលមានជំងឺប្រចាំកាយច្រើនដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែមឬជំងឺបេះដូងដែលទាមទារឱ្យព្យាបាលជំងឺទាំងនោះបានធូរស្រាលសិនទើបអាចធ្វើការវះកាត់បានទោះបីជាអ្នកជំងឺក្រីក្រ កម្មកររោងចក្រឬអ្នកជំងឺទូទៅក៏ដោយត្រូវអនុវត្តដោយស្មើភាពគឺក្នុង១ថ្ងៃត្រូវមើលឱ្យចប់។
លោកនាយកមន្ទីរពេទ្យបានអះអាងថា ការធ្វើបែបនេះគឺលោកមិនចង់ឱ្យអ្នកជំងឺត្រូវរង់ចាំយូរច្រើនថ្ងៃដែលធ្វើឱ្យពួកគាត់ត្រូវចំណាយពេលវេលា និងថវិកាច្រើន ក្នុងការស្នាក់នៅហូបចុកទម្រាំបានវះកាត់ ឬដឹងលទ្ធផលប្រភេទជំងឺរបស់ពួកគាត់នោះទេ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


