Connect with us

ព័ត៌មានជាតិ

តើកូនឥស្សរជនណាខ្លះ កំពុងកាន់តំណែងជាអភិបាល និងអភិបាលរងខេត្ត?

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើកំណែទម្រង់ស៊ីជម្រៅលើកិច្ចការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដើម្បីធានាពង្រឹង និងពង្រីកកិច្ចការគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះឲ្យកាន់តែមានប្រសិទ្ធភាព និងដើម្បីបង្កភាពងាយស្រួលក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ។ កាលពីពេលថ្មីៗនេះ ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ស្រុក ក្រុង ខណ្ឌ ក៏ត្រូវបានធ្វើកែប្រែផងដែរ ដោយបន្ថែមចំនួនគណៈអភិបាលរងច្រើនជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំងយុវជនឲ្យកាន់តំណែងនៅរដ្ឋបាលថ្នាក់ក្រោមជាតិជាច្រើន ក្នុងតួនាទីជាអភិបាល និងជាអភិបាលរងរាជធានីខេត្ត ស្រុក ក្រុង ខណ្ឌ។ នៅក្នុងនោះ ក៏មានកូនៗរបស់ឥស្សរជនជាន់ខ្ពស់មួយចំនួន ត្រូវបានតែងតែងជាមេដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះផងដែរ។

តើមកដល់បច្ចុប្បន្ននេះ មានកូនរបស់ឥស្សរជនណាខ្លះ ដែលកំពុងកាន់តំណែងជាអភិបាល និងជាអភិបាលរងខេត្ត? ថ្ងៃនេះ «កម្ពុជាថ្មី» នឹងលើកបង្ហាញដូចខាងក្រោម ៖

១/ លោក ជា សុមេធី

លោក ជា សុមេធី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តព្រៃវែង កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៥ រហូតដល់បច្ចុប្បន្ននេះ។ មុនកាន់តំណែងជាអភិបាលខេត្ត លោកធ្លាប់មានតួនាទីជាអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។ លោក ជា សុមេធី ជាកូនប្រុសពៅរបស់សម្ដេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា។

២/ លោក ជាម ច័ន្ទសោភ័ណ្ឌ

លោក ជាម ច័ន្ទសោភ័ណ្ឌ បច្ចុប្បន្នកាន់តំណែងជាអភិបាលខេត្តត្បូងឃ្មុំ ដែលបានតែងតាំងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨។ មុនពេលតែងតាំងនេះ លោក ជាម ច័ន្ទសោភ័ណ្ឌ ជាអភិបាលរងខេត្តត្បូងឃ្មុំ និងធ្លាប់ជាអភិបាលរងខេត្តបាត់ដំបង។ អភិបាលខេត្តត្បូងឃ្មុំរូបនេះ ជាកូនប្រុសរបស់លោក ជាម យៀប អនុប្រធានទី១ រដ្ឋសភាជាតិ។

៣/ លោក ទៀ សីហា

លោក ទៀ សីហា គឺជាអភិបាលខេត្តសៀមរាប ដែលត្រូវបានអង្គព្រះមហាក្សត្របង្គាប់តែងតាំង កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៨ បន្ទាប់ពីលោកកាន់តំណែងជាអភិបាលរងខេត្តនេះ ក្នុងឆ្នាំ២០១៧។ លោក ទៀ សីហា ក៏ជាឧត្តមសេនីយ៍នៃក្របខណ្ឌកងយោធពលខេមរភូមិន្ទផងដែរ ខណៈរដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ និងជាឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា គឺជាឪពុករបស់លោក។

៤/ លោកស្រី មិថុនា ភូថង

លោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុង។ លោកស្រី ត្រូវបានគេចាត់ទុកថា ជាស្ត្រីទី១ និងមានវ័យក្មេងជាងគេ ដែលត្រូវបានតែងតាំងឲ្យកាន់តំណែងជាអភិបាលខេត្ត កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៧។ លោកស្រី មិថុនា ភូថង ជាកូនស្រីរបស់លោក យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាចៅស្រីរបស់លោក សាយ ភូថង អតីតសមាជិក គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។

៥/ លោក សោម ពិសិដ្ឋ

លោក សោម ពិសិដ្ឋ ជាអភិបាលខេត្តកែប ដែលត្រូវបានតែងតាំងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីលោកកាន់តំណែងជាអភិបាលរងខេត្តនេះ។ លោក សោម ពិសិដ្ឋ ជាកូនប្រុសរបស់អតីតអភិបាលខេត្តកំពត លោក សោម ចិន ដែលបច្ចុប្បន្នជាតំណាងរាស្ត្រខេត្តកំពត។

៦/ លោក ប៉ែន កុសល្យ បច្ចុប្បន្នជាអភិបាលខេត្តឧត្តរមានជ័យ ដែលត្រូវបានតែងតាំង កាលអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីលោកកាន់តំណែងជាអភិបាលរងខេត្តត្បូងឃ្មុំ។ លោក ប៉ែន កុសល្យ ជាកូនប្រសារបស់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា។

៧/ លោក គីម រឹទ្ធី

លោក គីម រឹទ្ធី ​ដែល​ជា​អតីត​អភិបាលរង​ខេត្ត​កណ្ដាល និង​ធ្លាប់​មាន​តួនាទី​ជា​អគ្គនាយករងនៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ ត្រូវបានព្រះមហាក្សត្រ​ បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំងជា​អភិបាល​ខេត្ត​ព្រះវិហារ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។ លោក គីម រឹទ្ធី ជាកូនប្រុសរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

៨/ លោក ថង សាវុន

លោក ថង សាវុន ដែលជាអតីតអភិបាលខេត្តរតនៈគិរី តាំងពីឆ្នាំ២០១៤ ត្រូវបានផ្ទេរភារកិច្ចឲ្យកាន់តំណែងជាអភិបាលខេត្តមណ្ឌលគិរី កាលពីខែកញ្ញា ឆ្នាំ២០២១។ លោក ជាកូនប្រុសរបស់លោក ប៊ូ ថង អតីតសមាជិកព្រឹទ្ធសភា។

៩/ លោក ម៉ៅ ធនិន

លោក ម៉ៅ ធនិន ត្រូវបានមហាជនដាក់រហ័សនាមថា ប៉ាវចិនស្រុកខ្មែរ តាមរយៈស្នាដៃដឹកនាំ គ្រប់គ្រង ជាពិសេសការដោះស្រាយបញ្ហា និងក្ដីកង្វល់នានារបស់ប្រជាពលរដ្ឋ អំឡុងពេលលោកកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់។ បច្ចុប្បន្ន លោកគឺជាអភិបាលខេត្តកំពត បន្ទាប់ពីលោកផ្ទេរភារកិច្ចពីខេត្តពោធិ៍សាត់ កាលពីខែកញ្ញា ឆ្នាំ២០២១។ លោក ម៉ៅ ធនិន ត្រូវបានស្គាល់យ៉ាងច្បាស់ថា ជាកូនប្រសារបស់លោកស្រី ហ៊ុន ប៊ុនធឿន និងជាក្មួយប្រសាររបស់សម្ដេច តេជោ ហ៊ុន សែន។

ជាមួយគ្នានេះ ថ្មីៗនេះ ក៏មានកូនៗរបស់ឥស្សរជនមួយចំនួន ត្រូវបានប្រកាសតែងតាំងជាអភិបាលរងនៅតាមបណ្ដាខេត្តមួយចំនួនផងដែរ រួមមាន៖  លោក ប៉េង ពោធិ៍សា គឺជាកូនប្រុសរបស់លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ត្រូវបានរាជរដ្ឋាភិបាលប្រកាសតែងតាំងជាអភិបាលរងខេត្តស្វាយរៀង។ លោក មីន កុម្ភៈ កូនប្រុសទី២ របស់លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ ខណៈអភិបាលរងខេត្តព្រះសីហនុមួយរូបទៀត គឺលោក ឡុង ឌីម៉ង់ ត្រូវជាកូនរបស់លោក ឡុង វិសាឡូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ កូនប្រុសរបស់លោក នៃ ប៉េណា អតីតអនុប្រធានទី១ ព្រឹទ្ធសភា ចំនួនពីរនាក់ គឺលោក នៃ គង់ ជាអភិបាលរងខេត្តកំពត ខណៈលោក នៃ ចារី ជាអភិបាលរងខេត្តកំពង់ឆ្នាំង និងកូនប្រុសរបស់លោក ងួន ញិល គឺលោក ងួន រាសី ជាអភិបាលរងខេត្តកំពង់ធំ ជាដើម៕

ដោយ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម