ព័ត៌មានជាតិ
មុនក្លាយជាប្រធានគណៈមេធាវី តើលោក លី ច័ន្ទតុលា ធ្លាប់ធ្វើការងារអ្វីខ្លះក្នុងវិស័យច្បាប់?
លោក លី ច័ន្ទតុលា បានជាប់ឆ្នោតជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី១៣ កាលពីថ្ងៃ ទី១៦ ខែតុលា ឆ្នាំ២០២០ នៅក្នុងមហាសន្និបាតរបស់គណៈមេធាវី ដោយទទួលបានសំឡេងគាំទ្រច្រើនលើសលប់នៃសំឡេងបោះឆ្នោតទាំងអស់។

ការគាំទ្រលោក លី ច័ន្ទតុលា ឲ្យធ្វើជាប្រធានគណៈមេធាវីនេះ គឺផ្អែកលើបទពិសោធការងារយ៉ាងជោគជាំលើវិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា។ លោក ក៏ជាអតីតនិស្សិតកម្ពុជាដែលបានទៅសិក្សានៅប្រទេសបារាំង ដែលក្លាយជាសិស្សឆ្នើមមាននិទ្ទេសល្អ ហើយទទួលបានសញ្ញាបត្រជាបន្តបន្ទាប់ពីសាកលវិទ្យាល័យនៅបារាំងនេះ។ ដើម្បីកាន់តែជ្រាបច្បាស់នោះ នៅថ្ងៃនេះ «កម្ពុជាថ្មី» នឹងលម្អិតប្រវត្តិរបស់លោកមេធាវី លី ច័ន្ទតុលា ដូចខាងក្រោម ៖
លោក លី ច័ន្ទតុលា កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៨ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក បានធ្វើសច្ចាប្រណិធានជាមេធាវី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៨។ ភរិយារបស់លោក គឺលោកស្រី ឈីវ ភិរម្យ ក៏កំពុងបំពេញវិជ្ជាជីវៈជាមេធាវីដែរ។

បើនិយាយអំពីការសិក្សា គឺលោកមេធាវី លី ច័ន្ទតុលា បានរៀនចប់កម្រិតវិទ្យាល័យនៅក្នុងឆ្នាំ១៩៩៥ នៅវិទ្យាល័យច្បារអំពៅ រាជធានីភ្នំពេញ ហើយបន្តការសិក្សាកម្រិតឧត្តមសិក្សានៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកនីតិឯកជន នៅឆ្នាំ១៩៩៩។ ស្របជាមួយគ្នានេះ នៅចុងឆ្នាំ១៩៩៩ លោក ក៏ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសបារាំង ដែលលោកទទួលបានសញ្ញាបត្របរិញ្ញាបត្រ ឆ្នាំ២០០០ និងឆ្នាំ២០០១ ទទួលបានសញ្ញាបត្រអនុបណ្ឌិត ឯកទេសនីតិឯកជនពីសាកលវិទ្យាល័យ LUMIERE LYON II ។ បន្ថែមពីនេះ លោក លី ច័ន្ទតុលា ក៏ទទួលបានសញ្ញាបត្រមួយទៀតនៅឆ្នាំ២០០២ គឺសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិជំនួញ នៅសាកលវិទ្យាល័យ Jean Moulin Lyon III ប្រទេសបារាំង។ សម្រាប់ភាសាបរទេស គឺលោកចេះភាសាបារាំង និងអង់គ្លេស។

បន្ទាប់ពីទទួលបានជោគជ័យដ៏ត្រចះត្រចង់លើការសិក្សា លោក លី ច័ន្ទតុលា បានចាប់ផ្ដើមចូលបម្រើការងារនៅតាមស្ថាប័នជាច្រើនទាំងរដ្ឋ និងឯកជន ដែលផ្អោតលើជំនាញវិជ្ជាជីវៈរបស់លោក គឺវិស័យច្បាប់។ សម្រាប់កិច្ចការរដ្ឋ គឺនៅឆ្នាំ២០០៥‑២០០៧ លោកជាសមាជិកក្រុមការងារច្បាប់ និងគោលនយោបាយប្រកួតប្រជែង នៅក្រសួងពាណិជ្ជកម្ម។ ឆ្នាំ២០០៦‑២០១៥ លោក ធ្វើជាក្រឡាបញ្ជីសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

លុះនៅឆ្នាំ២០០៨ លោក ក្លាយជាមេធាវីពេញសិទ្ធិ និងជាប្រធានក្រុមហ៊ុនមេធាវី អេសវីភី និងនៅឆ្នាំ២០០៩ លោក ត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រី។ បន្ថែមពីនេះ ចាប់ពីឆ្នាំ ២០១២-២០១៥ ជាប់ជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី៧ រហូតដល់ឆ្នាំ២០២០ លោកជាប់ឆ្នោតជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី១៣ និងជាប្រធានគណៈកម្មាធិការជាតិសមាគមច្បាប់អាស៊ានកម្ពុជា បន្ទាប់ពីលោកក្លាយជាមេធាវីរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០១៩។

ចំពោះការងារឯកជនវិញ គឺលោក លី ច័ន្ទតុលា ធ្លាប់ជាទីប្រឹក្សាច្បាប់ក្រុមហ៊ុនសេវាកម្មគ្រប់គ្រងព្រលានយន្តហោះ ជាទីប្រឹក្សាផ្នែកច្បាប់ និងគោលនយោបាយប្រកួតប្រជែងរបស់សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ ជាអ្នកសម្របសម្រួលស្តង់ដាការងារអន្តរជាតិក្រោមគម្រោងរបស់អង្គការពលកម្មអន្តរជាតិ និងជាទីប្រឹក្សារបស់អង្គការអ្នកប្រើប្រាស់អន្តរជាតិ ដែលមានទីតាំងនៅប្រទេសម៉ាឡេស៊ី។ បច្ចុប្បន្ន លោកមេធាវី លី ច័ន្ទតុលា ក៏ជាសាស្ត្រាចារ្យច្បាប់នៅតាមសាកលវិទ្យល័យនានានៅកម្ពុជា និងមជ្ឍមណ្ឌលបណ្តុះបណ្តាលមេធាវីផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


