Connect with us

ព័ត៌មានជាតិ

តើនរណាខ្លះជាប្រធានមន្ទីរសាធារណការខេត្តកណ្ដាល ចាប់ពីឆ្នាំ១៩៥៤ ដល់បច្ចុប្បន្ននេះ?

បានផុស

នៅ

ក្រោយទទួលបានឯករាជ្យថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ពីអាណានិគមនិយមបារាំង អង្គភាពសាធារណការ ត្រូវបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង និងធ្វើសកម្មភាពឡើងវិញនៅឆ្នាំ១៩៥៤។ នៅក្នុងនោះ សម្រាប់ខេត្តកណ្ដាល គឺមាន «ផ្នែកសាធារណការខេត្តកណ្ដាល» ដែលជាសេនាធិការទទួលបន្ទុកលើការងារនេះ។

លុះក្រោយថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ វិស័យនេះ ត្រូវបានដូរឈ្មោះថា ផ្នែកដឹកជញ្ជូន ផ្នែកគមនាគមន៍ស្ពានថ្នល់ និងផ្នែកប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកណ្ដាល។ រហូតដល់ឆ្នាំ១៩៨៥ ទើបដូរឈ្មោះមកជាមន្ទីរគមនាគមន៍ដឹកជញ្ជូន និងប្រៃសណីយ៍ ខេត្តកណ្ដាល។ បន្ទាប់មកនៅឆ្នាំ១៩៨៩ ទើបមានឈ្មោះថា មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើនិយាយពីថ្នាក់ដឹកនាំវិស័យសាធារណការ ខេត្តកណ្ដាល ចាប់តាំងពីឆ្នាំ១៩៥៤ រហូតមកដល់ពេលនេះ គឺមានប្រធានផ្នែក ឬមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ចំនួន ៨រូបហើយ រួមមាន៖

១. លោក កិច មី

លោក កិច មី ជាវិស្វករសំណង់ស្ពាន-ថ្នល់។ លោក បានកាន់មុខតំណែងជាប្រធានផ្នែកសាធារណការ ខេត្តកណ្ដាល ចំនួនពីរលើក គឺលើកទី១ ចាប់ពីឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៦៤ និងលើកទី២ ចាប់ពីឆ្នាំ១៩៦៦ ដល់១៩៧៥។

២. លោក សាញ អឿន

លោក សាញ អឿន ជាប្រធានផ្នែកសាធារណការ ខេត្តកណ្ដាល ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ១៩៦៥។  ខណៈទី៣ គឺលោក អ៊ឹង ផ្ការីក ដែលបានធ្វើជាប្រធានផ្នែកសាធារណការ ខេត្តកណ្ដាល ចាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំ១៩៦៥។

៤. លោក គឹម ស្រេង

លោក គឹម ស្រេង កាន់តំណែងជាមន្ទីរគមនាគមន៍ដឹកជញ្ជូន និងប្រៃសណីយ៍ ខេត្តកណ្ដាល ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៨៩។ លោក ទទួលបានការបណ្ដុះបណ្ដាលកម្មាភិបាលជំនាន់ទី៣ នៅសាលានយោបាយធូឌិក ប្រទេសវៀតណាម និងទទួលបានវិញ្ញាបនបត្របំប៉នសមត្ថភាពកម្មាភិបាលសេដ្ឋកិច្ចជាន់ខ្ពស់កម្ពុជា។

៥. លោក សោម ប៉ិច

លោក សោម ប៉ិច កាន់តំណែងជាប្រធានមន្ទីរគមនាគមន៍ដឹកជញ្ជូន និងប្រៃសណីយ៍ ខេត្តកណ្ដាល ចាប់ពីខែមករា ឆ្នាំ ១៩៨៩ ដល់ខែវិច្ឆិកា ឆ្នាំ១៩៩៣។ លោក បានបញ្ចប់សញ្ញាបត្រមធ្យមបច្ចេកទេសសំណង់ស្ពាន-ថ្នល់។

៦. លោក នៅ គឹមស្រ៊ាង

លោក នៅ គឹមស្រ៊ាង ធ្វើជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៨។ លោក មានកម្រិតសញ្ញាបត្រមធ្យមបច្ចេកទេស សំណង់អគារ។

៧. លោក មាស សឿន

លោក មាស សឿន បានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ។ លោក បានកាន់តំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នៅឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១២។

៨. លោក ម៉ឹង យូឡេង

លោក ម៉ឹង យូឡេង ជាអតីតនិស្សិតសិក្សានៅប្រទេសរុស្ស៊ីដែលបានបញ្ចប់សញ្ញាបត្រថ្នាក់អនុបណ្ឌិតវិស្វកកម្ម។ លោក ក៏មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួនពីរទៀត គឺបរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់សវនកម្ម នៅវិទ្យាស្ថានវ៉ាន់ដា គណនេយ្យ។ ទន្ទឹមនេះ លោក ក៏បានចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ឯកទេសរដ្ឋបាលទូទៅ ផងដែរ។ លោក ម៉ឹង យូឡេង បានកាន់មុខតំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន៕

ដោយ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម