ព័ត៌មានជាតិ
មុនទទួលបានសញ្ញាបត្របណ្ឌិត តើលោក យង់ ពៅ មានប្រវត្តិសិក្សាយ៉ាងណា?
លោកបណ្ឌិត យង់ ពៅ បានក្លាយជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាតាំងពីឆ្នាំ២០១៧ ដែលមានឋានៈស្មើរដ្ឋលេខាធិការ។ មុននឹងចូលកាន់តំណែងនេះ លោកបណ្ឌិត យង់ ពៅ ធ្លាប់បានបំពេញតួនាទីជាច្រើននៅរាជបណ្ឌិត្យសភាកម្ពុជា។ លោកបណ្ឌិត បានទទួលសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឆ្នាំ២០១២។

កើតនៅឆ្នាំ១៩៧៦ នៅស្រុកបាកាន ខេត្តពោធិ៍សាត់ លោកបណ្ឌិត យង់ ពៅ បានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ នៅឆ្នាំ១៩៩៤ ហើយនៅឆ្នាំ១៩៩៥ លោកបណ្ឌិត បានមករាជធានីភ្នំពេញ ដើម្បីបន្តការសិក្សាកម្រិតឧត្តមសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយនៅឆ្នាំ១៩៩៩ បានបញ្ចប់សញ្ញាបត្របរិញ្ញាបត្រភូមិវិទ្យា។ បន្ទាប់មក លោកបណ្ឌិត បានចូលរៀនគរុកោសល្យគ្រូមធ្យមនៅមហាវិទ្យាល័យគរុកោសល្យ រាជធានីភ្នំពេញ។ នៅឆ្នាំ២០០០ ក្រោយពីបានទទួលសញ្ញាបត្រគ្រូមធ្យមកម្រិត២ លោកបណ្ឌិត យង់ ពៅ បានបន្តសិក្សាយកបរិញ្ញាបត្រជាន់ខ្ពស់នៅរាជបណ្ឌិត្យសភាកម្ពុជា ដោយនៅឆ្នាំ២០០២ លោកក៏ទទួលបានសញ្ញាបត្របរិញ្ញបត្រជាន់ខ្ពស់ភូមិវិទ្យា។ រហូតមកដល់ឆ្នាំ២០០៩ លោកបណ្ឌិតបានបន្តសិក្សាថ្នាក់បណ្ឌិត ហើយបានបញ្ចប់ការសិក្សានៅឆ្នាំ២០១២ ដោយទទួលបានសញ្ញាបត្របណ្ឌិតវិទ្យាសាស្ដ្រនយោបាយពីរាជបណ្ឌិត្យសភាកម្ពុជា លើជំនាញភូមិសាស្ត្រនយោបាយ។

និក្ខេបបទការពារថ្នាក់បណ្ឌិតរបស់លោកបណ្ឌិត យង់ ពៅ គឺការស្រាវជ្រាវលើប្រធានបទ៖ «បញ្ហាប្រឈមកម្ពុជា-ថៃ ឆ្នាំ ២០០០-២០១១» ខណៈសារណាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ គឺស្រាវជ្រាវលើប្រធានបទ៖ «សំណង់បណ្ដោះអាសន្នស្ទឹងមានជ័យ និងផលប៉ះពាល់ ឆ្នាំ២០០០-២០០២» និងសារណាថ្នាក់បរិញ្ញបត្រ ស្រាវជ្រាវលើប្រធានបទ៖ «ទេសចរណ៍វប្បធម៌រាជធានីភ្នំពេញ ឆ្នាំ១៩៩៨»។ ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានធ្វើការស្រាវជ្រាវលើប្រធានបទជាច្រើនទៀតទាំងនៅក្នុង និងក្រៅប្រទេស ហើយបានបោះពុម្ពផ្សាយសៀវភៅ និងឯកសារផ្សេងៗ ជាពិសេស ទាក់ទងនឹងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់។

ក្រឡេកមកមើលប្រវត្តិការងារវិញ លោកបណ្ឌិត យង់ ពៅ បានចាប់ផ្ដើមចូលបម្រើការងាររដ្ឋ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០០៣ នៅរាជបណ្ឌិត្យសភាកម្ពុជា ជាមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្រោយមក ជាគណនេយ្យករ និងជាមន្ត្រីស្រាវជ្រាវនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា។ កិច្ចការបន្ទាប់របស់លោកបណ្ឌិត គឺធ្វើជាលេខាអចិន្ត្រៃយ៍វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា សមាជិកគណៈកម្មការនិពន្ធទស្សនាវដ្ដី សមាជិកគណៈកម្មការវិទ្យាសាស្ត្រនយោបាយ និងជាប្រធានលេខាធិការដ្ឋានក្រុមបណ្ឌិតសភាចារ្យ។ លុះនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ លោកបណ្ឌិត យង់ ពៅ ត្រូវបានតែងតាំងជាអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា រហូតទល់បច្ចុប្បន្ននេះ និងជាសមាជិកក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


