ព័ត៌មានជាតិ
ខេត្តកំពង់ធំ កំពុងមមាញឹកត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំ បុណ្យទន្លេលើកទី៧ នៅខែមីនា
លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចាត់ឱ្យអាជ្ញាធរក្រុងស្ទឹងសែន ចុះបោសសម្អាតផ្លូវសំខាន់ៗ និងបង្កើនការតុបតែងភ្លើងបន្ថែមទៀត ដើម្បីផ្តល់ទស្សនីយភាព ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅថ្ងៃបុណ្យទន្លេលើកទី៧ នៅដើមខែមីនា ឆ្នាំ២០២៣។

លោក ពេញ កែម មានប្រសាសន៍បន្តថា ស្ថានភាពបន្ទាន់នាពេលបច្ចុប្បន្ន ក្រុមការងារអនាម័យក្រុង បាន និងកំពុង បោសសម្អាតដីដែលមាននៅផ្លូវ ចាប់ពីស្ពានស្ទឹងសែនរហូតដល់រង្វង់មូលលោកតាក្រហម “ក”។ ជំហ៊ានបន្ទាប់ ក្រុមការងារ នឹងចាប់ផ្តើមលាងសម្អាត សួនស្ទឹងសែន សួនវិមានឯករាជ្យ និងសួនដំរីជាន់ខ្លា ក្រោយពីក្រុមហ៊ុនសាងសង់ផ្លូវ និងប្រព័ន្ធលូញែក នៃគម្រោងកែលម្អ និងគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហ៊ាន២ ផ្អាកការសាងសង់ នៅថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។

ទន្ទឹមនឹងការបោសសម្អាតនេះ អាជ្ញាធរក្រុង រួមជាមួយអាជ្ញាធរ សង្កាត់ទាំងប្រាំបី កំពុងមមាញឹក ចុះពិនិត្យការតុបតែងភ្លើងរបស់ប្រជាពលរដ្ឋ ការចងទង់ជាតិនៅតាមផ្ទះ ការលាបថ្នាំផ្ទះមុខសួនស្ទឹងសែន រួមជាមួយការចុះផ្សព្វផ្សាយ ពីការតាំងលក់ទំនិញ នៅតាមដងផ្លូវឱ្យមានរបៀបរាបរយ និងមានសណ្តាប់ធ្នាប់ល្អ។ ទាំងអស់នេះ គឺជាការត្រៀមលក្ខណៈ សម្រាប់ធ្វើជាម្ចាស់ផ្ទះក្នុងពិធីបុណ្យទន្លេលើកទី៧ ក្រោមវត្តមាន នៃការអញ្ជើញដ៏ខ្ពង់ខ្ពស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងរយៈពេលនៃបោសសម្អាតនេះ ក្នុងនាមរដ្ឋបាលក្រុងស្ទឹងសែន លោកអភិបាលក្រុង សូមសម្តែងនូវការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ក៏ដូចជាអ្នកដំណើរទាំងអស់ ក្នុងករណីការកកស្ទះចរាចរណ៍ ក៏ជាផលរំខានដោយធូលីហ៊ុយផងដែរ។

គួរបញ្ជាក់ថា ពិធីបុណ្យទន្លេលើកទី៧ដែលគ្រោងធ្វើឡើងនៅខេត្តកំពង់ធំនោះ គឺផ្តោតសំខាន់លើការអប់រំផ្សព្វផ្សាយពីវិស័យទេសចរណ៍ ផ្សារភ្ជាប់ជាមួយវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន និងការរស់នៅរបស់ប្រជាជននៅតាមដងទន្លេ ស្ទឹងក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៉ីហ្គេម។ ពីធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next) ក្រោមកិច្ចសហការរៀបចំរបស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ៕
អត្ថបទ៖ ឈាង មករា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


