ព័ត៌មានជាតិ
សម្ដេច ស ខេង បង្ហាញសុទិដ្ឋិនិយមថា ការបោះឆ្នោតពេលខាងមុខ កម្ពុជា នឹងកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានបង្ហាញសុទិដ្ឋិនិយមថា ការបោះឆ្នោតនាពេលខាងមុខ នៅកម្ពុជា នឹងកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត។

ការបង្ហាញសុទិដ្ឋិនិយមបែបនេះ នាឱកាសដែល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហអធិបតីក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ ជាមួយ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ នេះ។

សម្ដេចក្រឡាហោម ស ខេង បានបង្ហាញសុទិដ្ឋិនិយមថា «ការបោះឆ្នោតនាពេលខាងមុខ នៅកម្ពុជា នឹងកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត»។ សម្ដេច បន្ថែមថា នៅក្រោយការបោះឆ្នោត ២០២៣ នេះ តំណាងគណបក្សនយោបាយ និងអង្គការជាតិ-អន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍វាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោត និងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងអំពីបរិយាកាសយ៉ាងល្អប្រសើរ នៃការបោះឆ្នោត ដោយលើកឡើងថា ការបោះឆ្នោតនេះ មានសុវត្ថិភាព ឯករាជ្យ មិនលម្អៀង មានវិជ្ជាជីវៈ មានតម្លាភាព និងស្របតាមស្តង់ដារអន្តរជាតិ។

សម្ដេច ស ខេង បញ្ជាក់ថា ការវាយតម្លៃខាងលើនេះ ជាសូចនាករវាយតម្លៃការបោះឆ្នោត និងជាសមិទ្ធផលថ្មីមួយទៀត នៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។
សម្ដេច សង្កត់ធ្ងន់ថា «សមិទ្ធផលទាំងអស់នេះ កើតឡើងអាស្រ័យដោយគ្រប់ភាគី បានខិតខំរួមគ្នាកែលម្អដំណើរការបោះឆ្នោត ទាំងក្របខណ្ឌច្បាប់ និងបច្ចេកទេស ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ដោយឈរលើមូលដ្ឋាន នៃការប្រមូលអនុសាសន៍ ធាតុចូល ការតាំងចិត្ត និងចូលរួមដោយស្មោះសរពីគ្រប់ភាគី ដើម្បីរួមគ្នាលើកម្ពស់ដំណើរការបោះឆ្នោត។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ។
សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា ចាប់ពីការបោះឆ្នោតជាតិ ឆ្នាំ ១៩៩៣ រហូតដល់ការបោះឆ្នោត ២០២៣ នេះ កម្ពុជា បានរៀបចំការបោះឆ្នោតចំនួន ១៨ លើក រួចមកហើយ ហើយការបោះឆ្នោតចុងក្រោយនេះ ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ធៀបនឹងការបោះឆ្នោតមុនៗ ជាពិសេសមានអត្រាអ្នកបោះឆ្នោតខ្ពស់។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ អាជ្ញាធរគ្រប់មូលដ្ឋាន តំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋដែលចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមច្បាប់ បទបញ្ជា នីតិវិធី នៃការបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ក្នុងនាមជាប្រជាជាតិខ្មែរ ធ្វើឲ្យការបោះឆ្នោតទទួលបានលទ្ធផលល្អប្រសើរ ទាំងលើទិដ្ឋភាពច្បាប់ និងបច្ចេកទេស។
គួរជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដោយមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ១៨ គណបក្ស។
ចំពោះលទ្ធផលផ្លូវការ ត្រូវបានបង្ហាញថា «គណបក្សប្រជាជនកម្ពុជា» ទទួលបានអាសនៈចំនួន ១២០ អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានចំនួន ៥ អាសនៈ ក្នុងចំណោមអាសនៈសភាសរុបចំនួន ១២៥។
រដ្ឋសភា បានប្រកាសបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី ២១ ខែសីហា និងបន្តកិច្ចប្រជុំអនុម័តរចនាសម្ព័ន្ធថ្នាក់ដឹកនាំសភា និងផ្ដល់សេចក្ដីទុកចិត្តរាជរដ្ឋាភិបាលនីតិកាលថ្មី នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។
ជាមួយគ្នានេះ កម្ពុជា ក៏បានរៀបចំការបោះឆ្នោតនីតិកាលទី ១ ដោយអង្គការសហប្រជាជាតិ កាលពីឆ្នាំ ១៩៩៣ និងបានរៀបចំការបោះឆ្នោតដោយខ្លួនឯង នៅនីតិកាលទី ២ ឆ្នាំ ១៩៩៨។ កម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ៧ លើកហើយ និងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ៥ លើក រួចមកហើយ។ ក្រៅពីនេះ ក៏មានការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើឡើងដោយអសាកលផងដែរ។ ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺជាជម្រើសតែមួយគត់ ធ្វើឲ្យ កម្ពុជា មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ព្រមទាំងបញ្ចៀសបានទាំងស្រុងនូវសង្គ្រាម និងការបែកបាក់ជាតិ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


